អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ចំណោម​ប្រទេស​មានពិន្ទុទាប​នៃ​អំពើ​ពុក​រលួយ​ដដែល​

ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៧ ​កន្លង​ទៅនេះ ​នៅ​រក្សា​ពិន្ទុ​ដដែល​ស្តីពី​អំពើ​ពុករលួយ ​ដែល​នេះ​គឺជា​ការ​រក្សា​ពិន្ទុ​ជាប់​ៗ​គ្នា​ចំនួន​៤​ឆ្នាំ​។ ​អង្គការ​តម្លាភាព​អន្តរជាតិ ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ឲ្យ​ដឹង​ថា ​នៅ​ឆ្នាំ​២០១៧ ​ប្រទេស​កម្ពុជា​ក៏​ទទួល​បាន​ពិន្ទុ​ចំនួន​២១ ​លើ​ពិន្ទុ​អតិបរមា ​១០០ ​និង​ឈរ​នៅ​លេខ​រៀង​ទី​១៦១ ​ក្នុង​ចំណោម​ប្រទេស​និង​ដែនដី​ចំនួន​១៨០​។

អង្គការតម្លាភាពដែលតែងតែបរិហារអំពើពុករលួយ។
អង្គការតម្លាភាពដែលតែងតែបរិហារអំពើពុករលួយ។
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍រ​បស់​ខ្លួន​ចេញផ្សាយ​នៅ​ថ្ងៃ​នេះ ​អង្គការ​តម្លាភាព​អន្តរជាតិ ​បាន​ផ្អែក​ទៅលើ​ការ​យល់ឃើញ​របស់​អ្នកជំនាញ​និង​ធុរៈកិច្ច​ជន​ អំពី​អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ ​នៅក្នុង​ប្រទេស​នីមួយ​ៗ ​ដោយមាន​ការ​ផ្តល់​ពិន្ទុ​តាម​មាត្រដ្ឋាន​ប្រទេស​ដែល​មាន​អំពើពុករលួយ​ខ្លាំង​ចាប់​ពី​០​ពិន្ទុ ​ទៅ​ដល់​១០០​ពិន្ទុ ​ដែល​ពិន្ទុ​១០០​នេះ​ជា​ប្រទេស​ស្អាតស្អំ​ខ្លាំង​។

ជាទូទៅ ​រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយ​នេះ ​ប្រទេស​ជាច្រើន ​នៅតែ​មាន​ការ​ប្រែប្រួល​ជា​វិជ្ជមាន​តិចតួច ​ឬ​មិនមាន​ការ​ប្រែប្រួល​សោះ​នោះ ​ក្នុងនោះ​មាន​ប្រទេស​២​ភាគ​៣​មាន​ពិន្ទុ​ទាប​ជាង​ពាក់កណ្តាល​។ ​នេះ​បើតាម​របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ​។ ​អង្គការ​អន្តរជាតិ​នេះ ​ទទួលស្គាល់​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹងប្រែង​ធ្វើ​កំណែ​ទម្រង់​លើ​កិច្ចការ​មួយ​ចំនួន ​ដូចជា​ក្របខ័ណ្ឌ​គតិយុត្តិ ​បទ​បញ្ញត្តិ​ផ្សេង​ៗ​ ក៏​ប៉ុន្តែ​មិនអាច​មានការ​ផ្លាស់​ប្តូរ​លើ​ទស្សនៈ​យល់​ឃើញ​របស់​អ្នក​ជំនាញ​ទាក់ទង​ទៅនឹង​អំពើ​ពុករលួយ​នៅ​កម្ពុជា​ទេ​។

លោក​ផៃ ស៊ី​ផាន ​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​បាន​សម្តែង​នូវ​ប្រតិកម្ម​មិនអាច​ទទួល​យកបាន​នូវ​របាយការណ៍​នេះ​។ ​មិនអាច​ទទួល​បាន​ដោយ​សំអាងថា ​កម្ពុ​ជា​មាន​អ្នក​វិនិយោគ​ជាច្រើន​ចូលមក​បណ្តាក់ទុន​នា​ពេលថ្មី​ៗ​នេះ ​ដែល​បង្ហាញថា​កម្ពុជា​បាន​ដោះស្រាយ​បាន​អំពើពុករលួយ ​មាន​ច្បាប់ ​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ជា​ជំហរ​ក្នុងការ​លុបបំបាត់​អំពើ​ពុករលួយ ​រួមទាំង​មាន​ផែនការ​ប្រមូល​ពន្ធ​យ៉ាង​សកម្ម ​និង​តម្លាភាព​។

សូម​រំលឹក​ថា​ របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​នៅ​តែ​ទទួល​បាន​ពិន្ទុ​ទាប​ជាងគេ ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​នៅក្នុង​តំបន់​អាស៊ាន ​ហើយ​ជា​ប្រទេស​ទទួល​បាន​ពិន្ទុ​ទាប​បំផុត​ទី​៣ ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ខណៈ​ប្រទេស​ឡាវ​ និង​ហ្វីលីពីន​បាន​ថយ​ម្នាក់​១​ពិន្ទុ​។

ជា​ទូទៅ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​នៅ​តែ​ទទួល​បាន​ពិន្ទុ​នាំ​មុខគេ ​ជុំវិញ​ភាព​ស្អាត​ស្អំ​ពី​អំពើ​ពុករលួយ ​គឺ​មាន​៨៩​ពិន្ទុ​លើ​១០០​ ខណៈ​ប្រទេស​សូ​ម៉ាលី​មាន​ត្រឹម​តែ​៩​ពិន្ទុ​លើ​១០០​ប៉ុណ្ណោះ ​ដែល​ជា​ប្រទេស​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ជាង​គេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ