ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT
កម្ពុជា

សមាជិក​​​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​គ្រោង​យក​បញ្ហា​ពុក​រលួយ និង​ដីធ្លី ប្រាប់​លោក​ហ៊ុន សែន

media  
វិមានសន្តិភាព ឬ​ទីស្តីការគណៈរដ្ឋមន្ត្រី ©ចាន់ណា

នៅ​ថ្ងៃទី​២៨​ខែ​កុម្ភៈ​ខាង​មុខ​នេះ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ នឹង​ត្រូវ​ជួប​ប្រជុំ​ប្រចាំ​ឆមាស​ជាលើក​ដំបូង ជា​មួយ​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន។ ថ្លែង​ប្រាប់វិទ្យុ​បារាំង​អន្ដរជាតិ RFI នាថ្ងៃ​អាទិត្យ​នេះ តំណាង​គណបក្ស​នយោបាយ​នៅ​ក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​អះអាង​ថា ខ្លួន​គ្រោង​លើក​យក​បញ្ហា​ពុក​រលួយ​ជា​ប្រព័ន្ធ និង​បញ្ហា​ដីធ្លី ទៅ​ប្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆមាស​របស់​ខ្លួន​។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​របស់​លោក​នឹង​លើក​យក​បញ្ហា​សំខាន់​ៗ​ចំនួន​៣ ប្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ បើ​តាម​លោក​ពេជ្រ​ ស្រស់ បញ្ហា​ទាំង​នោះ​រួម​មាន៖ ការ​អនុវត្ត​ការងារ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដែល​មិន​មាន​ប្រសិទ្ធ​ភាព, បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពលរដ្ឋ ដែល​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​ជាតិ​មិន​ព្រម​ចូល​រួម​ដោះស្រាយ,​ និង​អំពើពុក​រលួយ​ជា​ប្រព័ន្ធ​។

លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិប​តេយ្យ បាន​បញ្ជាក់​ថា គណបក្ស​របស់​លោក​គ្រោង​នឹង​លើក​យក​បញ្ហា​ជា​ច្រើន​ដាក់​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆមាស​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​។ លោក ម៉ម សូណង់ដូ អះអាង​ថា​បញ្ហា​ទាំង​នោះ​រូម​មាន បញ្ហា​ជលផល, ជម្លោះ​ដីធ្លី, បញ្ហា​អសកម្ម​របស់​មន្ត្រី​រាជការ​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​ជាតិ។ បើ​តាម​លោក ម៉ម សូណង់ដូ គណបក្ស​របស់​លោក​ក៏​មាន​យុទ្ធសាស្ត្រ​លុប​បំបាត់​អំពើ​ពុក​រលួយ​ត្រៀម​ប្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​អ្នក​នាំពាក្យ​រដ្ឋាភិបាល កិច្ច​ប្រជុំ​ប្រចាំ​ឆមាស របស់ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​មាន​វត្តមាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ចូល​រួមដែរ​នោះ នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែកុម្ភៈ នៅ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី។ ក្នុង​កិច្ច​ប្រជុំ​នោះ ក៏​មាន​វីដេអូផ្ទាល់ (Video Conference) តភ្ជាប់​ទៅ​កាន់​ខេត្ត/ក្រុង និង​ស្ថាប័ន​សំខាន់ៗ​ដទៃ​ទៀត ក្នុង​ប្រទេស​កម្ពុជា​ដែរ​។

សូម​ជម្រាប​ជូន​ថា ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ត្រូវ​បាន​បង្កើត​ឡើង ក្រោយ​ពី​ការ​បោះឆ្នោត​ខែកក្កដា ឆ្នាំ​២០១៨ ដែល​គណបក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ឈ្នះអាសនៈទាំង​អស់​នៅ​ក្នុង​រដ្ឋសភា​។ ការ​បោះ​ឆ្នោត កាល​ពី​ឆ្នាំ​២០១៨ ក៏​ជា​ការ​បោះឆ្នោត ដែល​មិន​មាន​វត្ត​មាន​គណបក្ស​សង្រ្គោះជាតិ​ចូល​រួម​ប្រកួត​ប្រជែង​ដែរ​។

ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​មាន​សមាសភាព​ពី​គណបក្ស​នយោបាយ​ចំនួន​១៦ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​២០​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​នោះ បាន​ធ្វើ​ការ​កោះ​ប្រជុំ​តាម​រយៈ​ប្រធាន​ប្រតិភូ​ប្តូរវេន​របស់​ខ្លួន បាន​ចំនួន​១១លើក​មក​ហើយ​។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​រដ្ឋាភិ​បាល កាល​ពីថ្ងៃទី២១ ខែកុម្ភៈ កិច្ច​ប្រជុំទាំង​១១​លើក​កន្លង​មក បាន​លើក​ឡើង​ជា​ច្រើន​ចំណុច ភ្ជាប់​ជា​មួយ​នឹង​ការ​រិះគន់​ក្នុង​ន័យ​ចូលរួម​ស្ថាបនា​ផង​។

ចំពោះ​កិច្ច​ប្រជុំ ដែល​គ្រោង​ធ្វើ​ឡើង​នាថ្ងៃទី​២៨ ខែ​កុម្ភៈ ខាងមុខ​នេះ ប្រធាន​គណបក្ស​ដែល​ជា​សមាជិក​របស់ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​បង្ហាញក្តី​សង្ឃឹម​ថា រាល់​បញ្ហា​ដែល​ពួក​គេ​គ្រោង​លើកឡើង​នឹង​ត្រូវ​ដោះស្រាយ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ