អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ខ្មែរ​ត្រូវ​ពឹង​បរទេស​រហូត​ដល់​ពេលណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឃាត​កម្ម​ចំពោះ​បណ្ឌិត​ កែម ឡី, បើ​ទោះ​បី​តុលាការ​ខ្មែរ បាន​កាត់​ទោស​ដាក់​គុក​មួយ​ជីវិត​ចំពោះ​បុរស​ម្នាក់​ដែល​គេ​ជឿ​ថា​ជា​ខ្មាន់​កាំភ្លើង​ហើយ​ក្តី ក៏​នៅ​មាន​មនុស្ស​ខ្មែរ​មួយ​ចំនួន ចង់ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ជា​ថ្មី​ដោយ​ឯករាជ្យ​ ជា​ពិសេស​ត្រូវ​មាន​អ្នក​ជំនាញ​អន្តរជាតិ​ចូល​រួម។ អ្នក​ខ្លះ​ទៀត គឺ​រំពឹ​ង​បរទេស​ ​ដើម្បី​ជួយ​រក​ភស្តុតាង​បន្ថែម។ តើ​ហេតុ​អ្វី​បាន​ជា​សាធារណៈ​ជន​ខ្លះ នៅ​តែ​មិន​ទុក​ចិត្ត​និង​មិន​ជឿ​ជាក់​ទៅ​លើ​ចៅក្រម​ខ្មែរ និង​តុលាការ​ខ្មែរ ហើយ​និង​ចេះ​តែ​ចង់​ឲ្យ​បរទេស​លូក​ដៃ​យ៉ាង​ដូច្នេះ​?

តុលាការ
តុលាការ @ google
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឱកាស​ខួប​មរណភាព​មួយ​ឆ្នាំ​របស់​បណ្ឌិត កែម ឡី, អ្នក​នយោបាយ​ខ្លះ​ រួម​ទាំង​ក្រុម​គ្រួសារ​សព​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ផង​ បាន​ទទូច​ទាមទារ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ជា​ថ្មី​ដោយ​ឯករាជ្យ​និង​យុត្តិធម៌​ ហើយ​ក្រុម​ស៊ើប​អង្កេត​ថ្មី​នោះ ត្រូវ​មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​ជំនាញ​អន្តរជាតិ។ ពួក​គេ​ទាំង​នេះ ថែម​ទាំង​ ​ផ្តោត​ក្តី​សង្ឃឹម​ច្រើន​ទៅ​លើ​សាលា​ជម្រះ​ក្តី​នៅ​អាមេរិក ទី​ដ៏​សែន​ឆ្ងាយ ដើម្បី​ជួយ​រក​ភស្តុតាង​វីដេអូ​ខ្សែ​អាត​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព​ ថែម​ទៀត​ផង។

តាម​រយៈ​នេះ ធ្វើ​ឲ្យ​អ្នក​វិភាគ​សង្គម​ខ្លះ​ មើល​ឃើញ​ថា​ ការ​មិន​ទុក​ចិត្ត​ និង​មិន​ជឿ​ជាក់​ចំពោះ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ស្រុក​ខ្មែរ គឺ​មិន​មែន​ជា​រឿង​ថ្មីទេ​ចំពោះ​សាធារណៈ​ជន​ខ្មែរ។ មាន​មូលហេតុ​មួយ​ចំនួន​ដែល​អាច​ពន្យល់​ពី​កង្វះ​ទំនុក​ចិត្ត​នេះ។ ជាក់​ស្តែង ចំពោះ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី កណ្តាល​រាជធានី​ភ្នំពេញ​,​ ​ដំណើរ​ការ​ស៊ើប​និង​ការ​ជម្រះ​ក្តី​ជាង​១​ឆ្នាំ​មក​នេះ គឺ​ពុំ​ទាន់​ធ្វើ​ឲ្យ​ពលរដ្ឋ​ជឿ​ទុក​ចិត្ត ឲ្យ​ជ្រះ​ស្រឡះ​អស់​ចិត្ត​និង​អស់​មន្ទិល​សង្ស័យ​នៅ​ឡើយ​ទេ។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​នៅ​តែ​យល់​ថា ដំណើរ​ជម្រះ​ក្តី​ក្នុង​សំណុំ​រឿង​នេះ​ គ្មាន​តម្លាភាព។​

ការ​ខ្វះ​ទំនុក​ចិត្ត​ចំពោះ​ប្រព័ន្ធ​យុត្តិធម៌​សង្គម​នេះ ក៏​ទំនង​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ដែរ។ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន គឺ​នៅ​តែ​មាន​មន្ទិល​ពី​រឿង​ឃាតកម្ម​ទាំង​ឡាយ​ផ្សេង​ទៀត ដែល​បាន​កើត​ឡើង​នា​កន្លង​មក ដូច​ជា​ ឃាតកម្ម​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន លោក ឈុត វុទ្ធី, ការ​បាញ់​ប្រហារ​លើ​ប្រធាន​សហជីព លោក ជា វិជ្ជា, ការ​ស្លាប់​របស់​តារា​ចម្រៀង​ល្បីៗផ្សេង​ៗ​ទៀត រួម​ទាំង​មរណភាព​របស់​អ្នក​កាសែត​ បូក​រួម​ទាំង​ឃាតកម្ម​និង​ការ​បាញ់​សម្លាប់​ ប្រមាណ​ជា​៣​ទសវត្សរ៍​នេះ ហើយ​ដែលករណី​ខ្លះ ​នៅ​ពុំ​ទាន់​អាច​រក​យុត្តិធម៌​ឃើញ​នៅ​ឡើយ។

ដូច្នេះ ការ​មិន​ជឿ​ទុក​ចិត្ត​ចំពោះ​សេចក្តី​សម្រេច​ចៅក្រម​និង​សាលា​ជម្រះ​ក្តី​របស់​ខ្មែរ ក៏​មិន​មែន​ជា​រឿង​ថ្មី​ដែរ ព្រោះ​ថា បើ​គេ​ពិនិត្យ​មើល​ទៅ​លើ​ទំនោរ​ផ្នត់​គំនិត​ក្នុង​សង្គម​, ពលរដ្ឋ​ខ្មែរ មួយ​ចំនួន ច្រើន​តែ​ជឿ​ជាក់​បរទេស​ច្រើន​ជាង​ទុក​ចិត្ត​ខ្មែរ​គ្នា​ឯង។ ឬ​និយាយ​បែប​ផ្សេង មនុស្ស​ខ្មែរ​ខ្លះ ​គោរព​កោត​ខ្លាច​ តែ​មនុស្ស​ស្បែក​ស ឬ​ពួក​ក្រុម​ច្រមុះ​ស្រួច ច្រើន​ជាង​គោរព​កោត​ខ្លាច​ ជាតិ​សាសន៍​ខ្មែរ​ដូច​គ្នា។​ ផ្អែក​លើ​ផ្នត់​ទម្លាប់​នេះ គឺ​រហូត​ដល់​អ្នក​ខ្លះ យល់​ឃើញ​ថា វា​ជា​ជំងឺ​មួយ​ដែល​ខ្មែរ​ចេះ​មិន​ទុក​ចិត្ត​គ្នា និង​ជំងឺ​មិន​ឲ្យ​តម្លៃ​ជាតិ​សាសន៍​ខ្លួន។ ការ​មិន​ទុក​ចិត្ត​គ្នា​ឯង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ខ្មែរ តិច​ឡើង​ចេះ​តែ​រត់​ទៅ​រក​ពឹង​ពរ​បរទេស​ និង​ដែល​នាំ​ឲ្យ​បាត់​បង់​ប្រយោជន៍​ជាតិ។​

បើ​គេ​ងាក​ទៅ​មើល​ប្រវត្តិ​សាស្ត្រ​ខ្មែរ​វិញ​ តាំង​ពី​ការ​ធ្លាក់​ចុះ​ខ្សោយ​ ​សម័យ​ក្រោយ​អង្គរ​មក,​ ខ្មែរ​បាន​ឆ្លៀត​ពឹង​បរទេស​ជាប់​តែ​រហូត​មក​ ម្តង​ទៅ​ពឹង​អ្នក​ខាង​លិច ម្តង​រត់​ពី​ពឹង​​អ្នក​ខាង​កើត និង​ទី​បំផុត គឺ​ត្រូវ​បាត់​បង់​ទឹក​ដី​ជា​បន្ត​បន្ទាប់។ ចរន្ត​ប្រវត្តិសាស្ត្រ​បាន​ផ្សា​ភ្ជាប់​ជាមួយ​នឹង​ជីវិត​នយោបាយ​របស់​ព្រះមហាក្សត្រ​ជាន់​មុន និង​អ្នក​នយោបាយ​ខ្មែរ​ចាស់ៗ​ពី​ដើម​ផង​ដែរ ដែល​ចេះ​តែ​ពឹង​ពរ​បរទេស​ ដើម្បី​មក​កម្ចាត់​គូ​បដិបក្ស​ និង​ដើម្បី​បាន​ឡើង​គ្រង​រាជ្យ​ ឬ​ឡើង​ក្តោប​ក្តាប់​អំណាច​រដ្ឋ។ ការ​រត់​ទៅ​ពឹង​បរទេស​ពី​សំណាក់​មនុស្ស​ខ្មែរ​ គឺ​មាន​តាំង​តែ​ពី​យូរ​លង់​ណាស់​មក​ហើយ ដែល​នេះ វា​បាន​ចាក់​ចូល​ក្នុង​ប្រព័ន្ធ​ផ្នត់​គំនិត​ខ្មែរ បើ​មិន​រាក់​ក៏​ជ្រៅ​ណាស់​ដែរ។​

ហេតុ​នេះ​ហើយ​ បើ​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​និង​សង្គម គឺ​ខ្មែរ​តែង​តែ​ងាក​ទៅ​ពឹង​បរទេស​តែ​រហូត​មក ។​ ចំណែក​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​វិញ កម្ពុជា​ក៏​ដូច​រដ្ឋ​ជឿន​លឿន​ដទៃ​ទៀត​ដែរ គឺ​ស្ទើរ​តែ​គេ​អាច​និយាយ​បាន​ថា គ្មាន​ប្រទេស​ណា​មួយ​ មិន​ពឹង​ផ្អែក​​សេដ្ឋកិច្ច​ពី​រដ្ឋ​ដទៃ ឬ​ចាំបាច់​ពឹង​ការ​ផ្លាស់​ប្តូរ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋ​ផ្សេងៗ​ ឬ​ក៏​និយាយ​ម្យ៉ាង​ទៀត​ គ្មាន​ប្រទេស​ណា​មួយ ដែល​មិន​ខ្ចី​បំណុល​ពី​ប្រទេស​ផ្សេង​នោះ​ឡើយ។ ក៏​ប៉ុន្តែ ការ​គ្រប់​គ្រង​និង​ចាត់​ចែង​​បំណុល​ឲ្យ​មាន​ប្រសិទ្ធភាព​ គឺជា​មួយ​ផ្សេង។​

តែ​យ៉ាង​ណា​ក៏​ដោយ​ សំណួរ​សួរ​ថា តើ​រហូត​ដល់​ពេល​ណា ទើប​ខ្មែរ​ឈប់​ពឹង​បរទេស?​ នេះ​គឺ​អ្វី​ជា​ដែល​ទំនង​ជា​ប្រជាជាតិ​ខ្មែរ គួរ​ត្រូវ​រក​ចម្លើយ​សម្រាប់​មាតុភូមិ​របស់​ ទាំង​អស់​គ្នា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ