អានតួអត្ថបទ
កម្ពុជា-តុលាការ

តុលាការ​កំពូល​បន្ត​ឃុំ​ខ្លួន លោក កឹម សុខា

ដូច​ការ​គ្រោងទុក​ តុលាការ​កំពូល​នៅ​ថ្ងៃ​អង្គារ​នេះ បាន​បើក​សវនាការ​លើ​បណ្តឹង​សារ​ទុក្ខ​របស់​ក្រុម​មេធាវី​ការពារ​ក្តី ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។​ប៉ុន្តែ​ក្រោយ​ការ​សួរ​ដេញ​ដោល​ ក្រោម​ការ​យាម​យ៉ាង​តឹងរឹង​ពី​កម្លាំង​សមត្ថកិច្ច​នោះ​ តុលាការ​ជាន់​ខ្ពស់​នេះ នៅ​តែ​បន្ត​ការ​ឃុំ​ខ្លួន មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ដដែល​។​

លោក កឹម សុខា ប្រធាន​​​គណបក្ស​​សង្គ្រោះ​​ជាតិ
លោក កឹម សុខា ប្រធាន​​​គណបក្ស​​សង្គ្រោះ​​ជាតិ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ អ៊ឹង ប៊ុនថន

លោក​ ឃឹម​ ប៉ុណ្ណ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​កំពូល​ បាន​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​២០១៧​នេះ​ ដោយ​សម្រេច​តម្កល់​សាលដីកា​របស់​សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​ ទុក​ជា​បាន​ការ​ដដែល​ គឺ​បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោម​បទ​ចោទ​ថា​ក្បត់​ជាតិ។​ ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ គឺ​ពុំ​មាន​ការ​នាំ​ខ្លួន​លោក កឹម សុខា ឲ្យ​មក​ស្តាប់​ការ​សួរ​ដេញ​ដោល​នោះ​ទេ ខណៈ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឯ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ជាប់​ព្រំដែន​វៀតណាម។ ​

ប៉ុន្តែ​សវនាការ​នេះ គឺធ្វើ​ឡើង​ដោយ​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​រាប់​សិប​នាក់​ប្រដាប់​ដោយ​អាវុធ​ស្ទើរ​គ្រាប់​ដៃ​នៅ​ជុំវិញ​បរិវេណ​តុលាការ ដែល​មាន​ការ​បិទ​ផ្លូវ​មួយ​ចំនួន។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទ​បញ្ជា​បែប​នេះ​មុន​មួយ​ថ្ងៃ​ដោយ​ឲ្យ​កង​កម្លាំង​ទាំង​១២​ខណ្ឌ​ត្រៀម​បង្ក្រាប​ការ​តវ៉ា​របស់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ពេល​តុលាការ​បើក​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កឹម សុខា។

នៅ​ព្រឹក​ថ្ងៃ​ទី​៣១​តុលា​លោក អ៊ូ ច័ន្ទរ័ត្ន តំណាង​រាស្ត្រ ​រួមជា​មួយ​មន្រ្តី​បក្ស​សង្រ្គោះជាតិ​ជា​ច្រើន​រូប​ទៀត​ត្រូវ​បាន​អាជ្ញាធរ​រារាំង ហាម​មិន​អោយ​ចូល​រួម​ស្ដាប់​សវនាការ​នេះទេ ដោយ​រង​ចាំ​នៅ​ខាង​ក្រៅ​របង​តុលាការ​កំពូល។

សូម​បញ្ជាក់​ថា សវនាការ​របស់​តុលាការ​កំពូល ធ្វើ​ឡើង​តាម​បណ្តឹង​របស់​ក្រុម​មេធាវី​ការពារ​​ក្តី​លោក កឹម សុខា ដែល​បាន​ប្តឹង​ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៧។

លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​ និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចេញ​ដីកា​ឃុំខ្លួន លោក កឹម សុខា ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ «ក្បត់​ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ ​ទៅ​៣០ឆ្នាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ