អានតួអត្ថបទ
កម្ពុជា

សវនាការ​​បាន​​ផ្អាក​ ក្រោយ​​មេធាវី​​ការពារ​ក្តី​​សកម្មជន​​បក្ស​ប្រឆាំង​​ដើរ​​ចេញ​ពី​​បន្ទប់​​សវនាការ​

សវនាការ​របស់​​តុលាការ​​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​​លើ​​សកម្មជន​​​​គណ​បក្ស​​សង្គ្រោះ​ជាតិ​​ចំនួន​១១​នាក់​ ដែល​​បាន​​ចាប់​ធ្វើ​​ពេញ​​មួយ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​ ត្រូវ​បាន​​ប្រកាស​​ផ្អាក​ភ្លាម​ៗ​នៅ​​​ម៉ោង​​ប្រមាណ​​ជាង​១១ ​ថ្ងៃ​ត្រង់​​ដោយសារ​​ក្រុម​​មេធាវី​​ការពារ​ក្តី​​របស់​​ជនជាប់ចោទ​​ដែល​ជា​​សកម្មជន​​គណបក្ស​​សង្គ្រោះ​ជាតិ​​បាន​​ដើរ​​ចេញ​ពី​​បន្ទប់​​សវនាការ​។ ​ការ​ដើរ​​ចេញ​​នេះ ​គឺ​​ដោយ​សារ​​ពួកគេ​​មិន​​សប្បាយ​​នឹង​​ក្រុម​ប្រឹក្សា​​ជំនុំជម្រះ​​ដែល​​សម្រេច​​សុំ​​ឲ្យ​​តំណាងរាស្ត្រ​​បក្សប្រឆាំង​​ចាក​ចេញ​ពី​​បន្ទប់​​សវនាការ​​មិន​​ឲ្យ​​ស្ដាប់​​ការ​សាកសួរ​​លើ​​ជន​ជាប់ចោទ​។​

លោកស្រី​មួរ សុខហួរ ​ផ្តល់​សម្ភាសន៍​ដល់​​អ្នកកាសែត ​បន្ទាប់​ពី​ត្រូវ​ក្រុមប្រឹក្សា​​ជំនុំជម្រះ​សម្រេច​ឲ្យ​ចាកចេញ​ពី​បន្ទប់​ស​វនាការ​
លោកស្រី​មួរ សុខហួរ ​ផ្តល់​សម្ភាសន៍​ដល់​​អ្នកកាសែត ​បន្ទាប់​ពី​ត្រូវ​ក្រុមប្រឹក្សា​​ជំនុំជម្រះ​សម្រេច​ឲ្យ​ចាកចេញ​ពី​បន្ទប់​ស​វនាការ​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​ផ្អាក​សវនាការ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិភ្លាមៗដោយ​គ្មាន​កាលកំណត់​ដោយសារ​ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​ចំនួន៩ នាក់ បានសម្រេច​ដើរចេញ​បន្ទប់​សវនាការ។

ដើមហេតុ​ដែល​ក្រុម​មេធាវី​ទាំងនោះ​ដើរ​ចេញពី​បន្ទប់​សវនាការ​ដែល​ធ្វើ​ឲ្យ​សវនាការ​ផ្អាក​បែបនេះ គឺ​ដោយសារ​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​សុំ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចាក​ចេញពី​បន្ទប់​សវនាការ​តាម​ការស្នើសុំ​របស់​ក្រុម​មេធាវី​ការពារ​ដើមបណ្តឹង។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​លើក​ហេតុផល​ថា ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន៧រូប​មិនអាច​ចូលរួម​ស្ដាប់​ដំណើរការ​សាកសួរ​លើ​ជនជាប់ចោទ​បាន​នោះទេ ដោយសារ​តំណាងរាស្ត្រ​ទាំង​នោះបាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដែល​តុលាការ​កំពុង​ដំណើរ​ការ​នីតិវិធី​នេះ។ ជា​សំណុំរឿង​ពាក់ព័ន្ធ​នឹងការកើតមាន​អំពើហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី ១៥ កក្កដា ឆ្នាំ២០១៤​។

ចំពោះ​ហេតុផល​នេះ ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ បាន​លើកឡើងថា មិនអាច​ទទួលយកបាន​នោះទេ ព្រោះថា ការសម្រេច​នេះ​ខុស​នឹង​នីតិវិធី​ច្បាប់។ ខុស​ព្រោះថា សំណុំរឿង​ថ្ងៃនេះ គឺធ្វើឡើង​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន១១ នាក់​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​នឹង​តំណាងរាស្ត្រ​ទាំងអស់​នោះឡើយ។ ក្រុម​មេធាវី​ថែមទាំង​ស្នើ​ក្រុមប្រឹក្សា​ជំនុំជម្រះ កុំ​ឲ្យ​ពង្រីក​សំណុំ​រឿងនេះ​ថែមទៀត​ដែល​អាចធ្វើ​គាំង​ដល់​នីតិវិធី​សវនាការ។

ទោះបី​មាន​ការតវ៉ា​បកស្រាយ​ពី​ក្រុម​មេធាវី​ការពារ​ក្តី​យ៉ាងណាក៏ដោយ ប៉ុន្តែ​បន្ទាប់​ពីសុំ​ពេល​ពិចារណា​ប្រមាណ២០ នាទី ក្រុមប្រឹក្សា​ជំនុំជម្រះ​នៅតែ​សម្រេច​ឲ្យ​តំណាងរាស្ត្រ​ដែល​កំពុងមាន​វត្តមាន​នៅ​ក្នុងបន្ទប់​សវនាការ ​ចាកចេញ​ដដែល។ តំណាងរាស្ត្រ​ដែល​បាន​ចូលរួម​ស្ដាប់​ក្នុង​សវនាការ​នៅថ្ងៃនេះ រួមមាន​លោកស្រី​ហួរ សុខ​ហួរ លោក​ហូរ វ៉ាន់ និងលោក​ឡុង រី ដែល​បានជាប់​​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ថ្ងៃ១៥ កក្កដា ឆ្នាំ២០១៤ តាម​ចោទប្រកាន់​របស់​អាជ្ញាធ​រ។

ប្រឈម​នឹង​ការសម្រេច​នេះ ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ បាន​ព្រមាន​នៅ​ចំពោះមុខ​អង្គ​សវនាការ​ថា បើ​ល្គឹកណា​មិនមាន​តំណាងរាស្ត្រ​ទាំងនោះ​ចូលរួម​ស្ដាប់​សវនាការ​នោះទេ ក្រុម​មេធាវី​នឹងមិន​ចូលរួម​ក្នុង​សវនាការ​នោះដែរ។ ចំពោះ​ការព្រមាន​នេះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានស្នើ​ដល់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ធ្វើការ​ស្នើសុំ​ទៅកាន់​គណៈមេធាវី​កម្ពុជា​ដើម្បី​ស្វែងរក​មេធាវី​មក​ជំនួស​នៅពេល​បើកសវនាការ​នៅពេល​ក្រោយ។

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​លើសកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចំនួន១១នាក់​បន្ត​ពី​សវនាការ​កាលពី​ថ្ងៃ២៥ ធ្នូ ឆ្នាំ២០១៤។ តុលាការ​បាន​ចោទប្រកាន់​សកម្មជន​ទាំងនោះ​ពីបទ​ចោទ ដឹកនាំ​កុបកម្ម និង អំពើ​ចូលរួម​ក្នុង​ចលនា​កុបកម្ម ដែល​បង្ក​ឲ្យ​កើតមាន​អំពើហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ១៥ កក្កដា ឆ្នាំ២០១៤ កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ