ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
កម្ពុជា

តុលាការ​ឲ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត​ជិត​៤​ម៉ឺន​ដុល្លារ​ទៅ​លោក ហេង សំរិន

media  
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ REUTERS

តុលាការ​ជាន់​ខ្ពស់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​បង្គាប់​ឲ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត​ទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ចំនួន​១៥០​លាន​រៀល​ឬ​ស្មើ​នឹង​ជិត​៤​ម៉ឺន​ដុល្លារ ករណី​បណ្តឹង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ។ តុល្យការ​ចុង​ក្រោយ​ អតីត​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ បាន​រង​បណ្តឹង​ចំនួន​៧​ករណី ដែល​ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ចាញ់​មន្រ្តី​រដ្ឋាភិបាល​ ដោយ​​បង្គាប់​ឲ្យ​សង​ជំងឺ​ចិត្ត​សរុប​ជិត​២​លាន​ដុល្លារ។

អត្ថបទ​ដោយ៖​ អ៊ឹង ប៊ុនថន

សាល​ដីកា​របស់​តុលាការ​កំពូល​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ដូច​គ្នា​ទៅ​នឹង​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍ និង​សាល​ក្រម​នៃ​សាលា​ដំបូង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨​កក្កដា​ឆ្នាំ​២០១៦។ ជា​សាល​ក្រម​ដែល​បាន​កាត់​ក្តី​ឲ្យ​លោក សម រង្ស៊ី ចាញ់ លោក ហេង សំរិន និង​បង្គាប់​ឲ្យ​បង់​ប្រាក់​ជា​សំណង​ជំងឺ​ចិត្ត​ដល់​ប្រធាន​រដ្ឋសភា ចំនួន​១៥០​លាន​រៀល​ឬ​ស្មើ​នឹង​ជិត​៤​ម៉ឺន​ដុល្លារ និង​បង់​ពិន័យ​ជូន​រដ្ឋ​១០​លាន​រៀល ករណី​ពី​បទ​បរិហារ​កេរិ៍្ត​ជា​សាធារណៈ។ បណ្តឹង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៉ី បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​ចោទ​លោក ហេង សំរិន ថា​ជា​អ្នក​កាត់​ទោស​ សម្ដេច សីហនុ ថា​ក្បត់​ជាតិ កាល​ពី​ជំនាន់​លោក ហេង សំរិន ជា​ប្រធាន​​រដ្ឋ។

ប៉ុន្តែ លោក ជួង ជូងី ដែល​ធ្លាប់​តែ​ការពារ​ក្តី​ឲ្យ ​លោក សម រង្ស៊ី នោះ បាន​បដិសេធ​អត្ថាធិប្បាយ​ទៅ​លើ​ការ​សម្រេច​នេះ​ដោយ​អះ​អាង​ថា​លោក​ឈប់​កាន់​សំណុំ​រឿង​នេះ​ហើយ។

ក្រៅ​ពី​បណ្តឹង ​របស់​លោក ហេង សំរិន មក​ដល់​ពេល​នេះ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​នោះ បាន​រង​នូវ​បណ្តឹង​ចំនួន​៦​ទៀត​នៅ​តុលាការ។ បណ្តឹង​ទាំង​នោះ​រួម​មាន បណ្តឹង​បរិហាកេរ្តិ៍​ លោក ហោ ណាំហុង អតីត​រដ្ឋមន្រ្តី​ការ​បរទេស បន្ទាប់​ពី​លោក សម រង្ស៊ី ធ្វើ​អត្ថាធិប្បាយ​ជា​ចំហ​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨ នា​សារមន្ទីរ​ជើង​ឯក ថា លោក ហោ ណាំហុង ជា​​អតីត​មេ​គុក​បឹង​ត្របែក។ បន្ថែម​ពី​នេះ លោក ​សោម សឿន តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្តឹង លោក សម រង្ស៊ី មួយ​ករណី​ទៀត​ដែល​ថា លោក ហ៊ុន សែន ទិញ​Like ហ្វេសប៊ុក​ក្លែង​ក្លាយ។​

ក្រៅ​ពី​នោះ ក៏​មាន​បណ្តឹង​របស់​រដ្ឋាភិបាល​ទៅ​លើ លោក សម រង្ស៊ី ​ជាមួយ​លោក ហុង សុខហួរ ករណី​បង្ហោះ​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម ឆ្នាំ​១៩៧៩ នៅ​លើ​ហ្វេសប៊ុក​លោក សម រង្ស៊ី ដែល​រដ្ឋាភិបាល​ចោទ​ថា​ក្លែង​ក្លាយ ។ ​​សំណុំ​រឿង​នេះ តុលាការ​បាន​កាត់​ទោស លោក សម រង្ស៊ី និង​ជំនួយ​ការ​ពីរ​នាក់​ទៀត ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ៥​ឆ្នាំ ។ ក្រោយ​មក​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន បាន​ប្តឹង​លោក សម រង្ស៊ី ពី​បទ«បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វិកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម» បន្ទាប់​ពី​លោក សម រង្ស៊ី បាន​និយាយ​ថា រដ្ឋាភិបាល នៅ​ពី​ក្រោយ​ការ​សម្លាប់ លោក កែម ឡី។ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស លោក សម រង្ស៊ី ​ដាក់​ពន្ធនាគារ ២០​ខែ និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ ១០​លាន​រៀល និង​ត្រូវ​សង​ជំងឺ​ចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ១០០​រៀល ។

ដោយ​ឡែក​បណ្ដឹង​ចំនួន​២​ករណី​ចុង​ក្រោយ គឺ​លោក ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧ បានប្ដឹង ​លោក សម រង្ស៊ី ​ពី​បទ​បរិហារ​កេរ្តិ៍ បន្ទាប់​ពី​លោក សម រង្ស៊ី ថ្លែង​ថា លោក ហ៊ុន សែន សូក​ប៉ាន់​កញ្ញា ធី សុវណ្ណថា ចំនួន​១លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​វាយ​ប្រហារ​បក្ស​ប្រឆាំង។

ក្នុង​បណ្ដឹង​ទាំង​ពីរ​នេះ លោក ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី ចំនួន​១​លាន​ដុល្លារ ខណៈ​កញ្ញា ធី សុវណ្ណថា ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ