អានតួអត្ថបទ
កម្ពុជា

សាលា​ឧទ្ធរណ៍​​នៅតែ​​តម្រូវ​​ឲ្យ​​សកម្មជន​​បរិស្ថាន​​បីនាក់​​សង​​សំណង​១០០​លាន​រៀល​​ដល់​​ក្រុមហ៊ុន​​បូម​ខ្សាច់​

នៅ​ព្រឹក​នេះ ចៅក្រម​សាលាឧទ្ធរណ៍​បានប្រកាស​សាលដីកា​លើ​សំណុំរឿង​របស់​សកម្មជន​ការពារ​បរិស្ថាន​បីនាក់​ដោយ​ត​ម្ត​ល់​តាម​សេចក្តីសម្រេច​របស់​តុលាការ​ដំបូង​ខេត្តកោះកុង​ដដែល។ សេចក្តីសម្រេច​របស់​តុលាការ​ខេត្តកោះកុង គឺ​តម្រូវ​ឲ្យ​សកម្មជន​ទាំងបី​នាក់ ត្រូវ​សង​សំណង​ជំងឺ​ចិត្ត១០០លាន​រៀល​ទៅដល់​ក្រុមហ៊ុន​បូម​ខ្សាច់​នៅក្នុង​ស្រុក​បទុម​សាគរ​ដែល​បាន​ប្តឹង និង​ធ្វើ​ឲ្យ​ពួកគេ​ជាប់ពន្ធនាគារ​ជាង១០ខែ​កន្លងទៅ។

សកម្មជន​ការពារ​បរិស្ថាន​ទាំងបី​នាក់​
សកម្មជន​ការពារ​បរិស្ថាន​ទាំងបី​នាក់​
ផ្សាយពាណិជ្ជកម្ម

ការប្រកាស​សាលដីកា​របស់​សាលាឧទ្ធរណ៍​នេះ មិនមាន​វត្តមាន​សក​ម្ម​ជន​ការពារ​បរិស្ថាន​ទាំងបី​នាក់ គឺ​លោក​សាន់ ម៉ា​ឡា លោក​ទ្រី សុ​វិ​គា និង​លោក​ស៊ីម សំណាង​ចូលរួម​ស្ដាប់​នោះទេ ពោល គឺ​មានតែ​មេធាវី​តំណាង​ពួកគេ​ប៉ុណ្ណោះ។ នៅ​ខាងក្រៅ​តុលាការ​វិញ មានការ​ប្រមូល​ផ្តុំគ្នារ​បស់​ក្រុមយុវជន និង​ប្រជាពលរដ្ឋ​មួយចំនួន​ដោយ​លើក​បដា​ថា ពួកគេ​ការពារ​ខ្សាច់​មិនបាន​ប្រព្រឹត្ត​ខុសច្បាប់​ទេ។ ចំណែក​សកម្មជន​ការពារ​បរិស្ថាន​ទាំងបី​នាក់​បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ទាំងអស់គ្នា ដើម្បី​សុវត្ថិភាព​ព្រោះ​ខ្លាច​តុលាការ​សាលាឧទ្ធរណ៍​ចោទប្រកាន់​ពួកគេ​បន្ថែម និង​ប​ញ្ចូ​ន​ពួកគេ​ទៅក្នុង​ពន្ធនាគារ​វិញ។

សូម​រំ​ឮ​ក​ឡើងវិញ​បន្តិច​ថា សកម្មជន​ការពារ​បរិស្ថាន​ទាំងបី​នាក់​នេះ ត្រូវបាន​តុលាការខេត្ត​កោះកុង​សម្រេច​ផ្តន្ទាទោស​រយៈពេល១៨ខែ ប៉ុន្តែ​អនុវត្ត​តែ១០ខែ និង១៥ថ្ងៃ និង​បាន​បង្គាប់​ឲ្យ​សង​សំណង​សរុប​ទាំងអស់គ្នា១០០លាន​រៀល​ទៅដល់​ក្រុមហ៊ុន​បូម​ខ្សាច់​Direct Access និង International Rainbow Company។ តុលាការ​បាន​ផ្តន្ទាទោស​ពួកគេ​ក្រោម​បទ​ចោទ«គំរាមកំហែង​ថា​នឹង​ធ្វើឱ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ»។ ដោយ​មិន​សុខ​ចិត្តនឹង​សេចក្តីសម្រេច​នេះ បើទោះបី​ខ្លួន​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ក៏ដោយ ក៏​អ្នក​ទាំងបី​បាន​បន្ត​ប្តឹង​ជំទាស់​នឹង​សាលក្រម​នេះ មកកាន់​សាលាឧទ្ធរណ៍​នៅ​ទីក្រុង​ភ្នំពេញ​ថែមទៀត។

ក៏ប៉ុន្តែ​សាលាឧទ្ធរណ៍ បានសម្រេច​ត​ម្ត​ល់​ទុក​សាលក្រម​របស់​សាលាដំបូង​ខេត្តកោះកុង​ទុកជាបានការ​ដដែល គឺ​នៅតែ​រក្សា​ការតម្រូវ​ឲ្យ​សកម្មជន​ទាំងបី​នាក់​ត្រូវ​សង​សំណង​ជំងឺ​ចិត្ត​ដល់​ក្រុមហ៊ុន​បូម​ខ្សាច់​នោះ​ចំនួន១០០លាន​រៀល។ លោក​សាន់ ម៉ា​ឡា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ពី​ក្រៅប្រទេស​ថា ថ្វីបើ​សាលាឧទ្ធរណ៍​មិនបាន​ទំលាក់​ចោទ​នូវ​ការចោទប្រកាន់​និង​ផ្តល់​យុត្តិធម៌១០០%ដល់​ពួកគេ​ទាំងបី​នាក់​ក៏ដោយ ក៏​ពួកគេ​រីករាយ​នៅពេលដែល​សាលាឧទ្ធរណ៍​មិនបាន​បន្ថែម​ទោស​និង​មិន​នាំ​ពួកគេ​ត្រឡប់​ទៅកាន់​ពន្ធនាគារ​ម្តងទៀត។ បើតាម​លោក​សាន់ ម៉ា​ឡា នេះ​គឺជា​សញ្ញា​ល្អ​មួយ​សម្រាប់​ការបន្ត​ការងារ​របស់​ពួកគេ​តទៅទៀត​ក្នុងនាម​ជា​សកម្មជន​បរិស្ថាន ដើម្បី​សង្គ្រោះ​ដល់​ធនធានធម្មជាតិ​ដែល​លោក​បញ្ជាក់ថា កំពុង​ត្រូវបាន​គេ​បំផ្លាញ។

យ៉ាងណាក៏ដោយ មកដល់ពេលនេះ សកម្មជន​ទាំងបី មិនទាន់បាន​សម្រេច​ថា​តើ​ត្រូវ​ប្តឹង​បន្តទៅ​តុលាការ​កំពូល​ឫ​ក៏​យ៉ាងណា​នោះទេ គឺ​កំពុងតែ​ពិចារណា និង​រង់ចាំ​ពិភាក្សា​ជាមួយនឹង​មេធាវី​ជាមុនសិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ