អានតួអត្ថបទ
កម្ពុជា-តុលាការ

តុលាការ​កម្ពុជា​បង្គាប់​ឲ្យ​លោក​សម រង្ស៊ី​ចូល​ខ្លួន​មក​បំភ្លឺ​រឿង​ប៉ុន​ប៉ង​កាត់​ដី​ឲ្យ​វៀតណាម​នៅ​ខែ​ក្រោយ

ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក​សម រង្ស៊ី ដែល​ជា​ប្រធាន​ចលនា​សង្រ្គោះ​ជាតិ​ចូល​ទៅ​កាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា ដើម្បី​ឆ្លើយ​បំភ្លឺ​ទាក់​ទង​នឹង​សំណុំ​រឿង​ប៉ុន​ប៉ង​កាត់​ទឹក​ដី​ខ្មែរ​ឲ្យ​វៀតណាម។ ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​នេះ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​យក​ទៅ​បិទ​នៅ​ទី​ស្នាក់​ការ​អតីត​បក្ស​សង្រ្គោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ ឆ្លៀត​ឱកាស​នេះ វណ្ណ សុគន្ធា សូម​រំឮក​ជូន​លោក​អ្នក​ឡើង​វិញ​អំពី​ដំណើរ​រឿង​លោក​សម រង្ស៊ី​នេះ។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ REUTERS
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​លោក​សម រង្ស៊ី បាន​កើត​ឡើង​កាល​ពី​អំឡុង​ដើម​ឆ្នាំ​២០១៨​នេះ តាម​រយៈ​ការ​បែក​ធ្លាយ​វីដេអូ​មួយ​នៅ​តាម​បណ្តាញ​សង្គម​ដោយ​បង្ហាញ​ពី​សកម្មភាព​លោក​សម រង្ស៊ី និង​លោក​កុក ស ដែល​ជា​មេ​ដឹក​នាំ​ជន​ជាតិ​ភាគ​តិច​វៀតណាម​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​មួយ​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក កាល​ពី​អំឡុង​ឆ្នាំ​២០១៣​កន្លង​ទៅ។ នៅ​ក្នុង​វីដេអូ​ជាង​មួយ​នាទី​នេះ លោក​សម រង្ស៊ី បាន​អះអាង​ថា នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​រដ្ឋាភិបាល លោក​នឹង​កាត់​ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ក្រចេះ​ឲ្យ​ក្រុម​ជន​ជាតិ​ភាគ​តិច​វៀតណាម Degar (​ម៉ុង​តា​ញ៉ា​) ដើម្បី​គ្រប់​គ្រង​ផ្តល់​ស្វ័យភាព និង​មាន​សិទ្ធិ​ពេញ​លេញ អាច​រស់​នៅ​និង​មាន​សិទ្ធិ​ដូច​ប្រជាជន​កម្ពុជា​ដែរ។​ ​គឺ​នៅ​ត្រង់​ចំណុច​នេះ​ហើយ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចោទ​លោក​សម រង្ស៊ី ថា​បាន​ធ្វើ​ទង្វើ​ក្បត់​ជាតិ។

ក៏​ប៉ុន្តែ​លោក​សម រង្ស៊ី​វិញ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ដោយ​អះអាង​ថា ឯកសារ​ដែល​លោក​ចុះ​ហត្ថលេខា​ជាមួយ​លោក​កុក ស​នោះ​មាន​ខ្លឹមសារ​ចង់​ឲ្យ​មាន​ការ​ទទួល​ស្គាល់​សិទ្ធិ​ស្រប​ច្បាប់​របស់​ជន​ជាតិ​ភាគតិច​ម៉ុងតាញ៉ា ដែល​រស់​នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​កម្ពុជា ដូច​ជា​ខេត្ត​មណ្ឌល​គិរី រតនគិរី ក្រចេះ និង​ស្ទឹងត្រែង​​ ពោល គឺ​មិន​មែន​ជា​ការ​កាត់​ដី​ឲ្យ​វៀតណាម​អ្វី​ឡើយ។ សម្រាប់​លោក​សម រង្ស៊ី ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចោទ​ប្រកាន់​លោក​បែប​នេះ គឺ​គ្រាន់​តែ​ជា​លេស ដើម្បី​បង្ក្រាប​លើ​អ្នក​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។

បើ​ទោះ​បី​ជា​លោក​សម រង្ស៊ី​បដិសេធ ប៉ុន្តែ​ក្រសួង​មហា​​ផ្ទៃ​កម្ពុជា​វិញ នៅ​តែ​ចាត់​ទុក​ទង្វើ​របស់​លោក​សម រង្ស៊ី​នេះ​ថា ក្បត់​ជាតិ​ហើយ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​ថែម​ទៀត។ តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ចាត់​ការ​លើ​សំណុំ​រឿង​នេះ ដោយ​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៨ តុលាការ​បាន​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​បំភ្លឺ​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ម្តង​រួច​មក​ហើយ តែ​លោក​សម រង្ស៊ី​បដិសេធ។ ដោយ​សារ​តែ​លោក​សម រង្ស៊ី មិន​ព្រម​ចូល​ខ្លួន​ដូច្នេះ ទើប​តុលាការ​បាន​ដីកា​ថ្មី​នៅ​ថ្ងៃ​ចន្ទ​នេះ​ដោយ​បង្គាប់​ឲ្យ​លោក​សម រង្ស៊ី ចូល​ខ្លួន​តែ​ម្តង។ ចំពោះ​ដីកា​ថ្មី​នេះ លោក​សម រង្ស៊ី ដែល​កំពុង​ស្នាក់​នៅ​ឯ​ប្រទេស​បារាំង មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​បែប​ណា​មួយ​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ថា នេះ​មិន​មែន​ជា​សំណុំ​រឿង​ទី​មួយ​របស់​លោក​សម រង្ស៊ី នៅ​តុលាការ​កម្ពុជា​នោះ​ទេ។ កន្លង​ម​កលោក​សម រង្ស៊ី បាន​រង​នូវ​បណ្តឹង​ជា​ច្រើន​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​តិច​ជាង​១០​នោះ​ទេ។ សំណុំ​រឿង​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​កាត់​ក្តី​រួច​រាល់ ហើយ​មួយ​ចំនួន​ទៀត​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ លោក​សម រង្ស៊ី បាន​បញ្ជាក់​ម្តង​ជា​ពីរ​ដង​ថា លោក​មិន​ខ្វល់​នឹង​បណ្តឹង​អស់​ទាំង​នោះ​ទេ ហើយ​ថា បើ​មាន​ការ​ប្តឹង​លោក​កាន់​តែ​ច្រើន គឺ​ផ្តល់​ឱកាស​ឲ្យ​លោក​កាន់​តែ​ច្រើន​ផង​ដែរ​ដើម្បី​បក​ស្រាយ​ពី​ការ​ពិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ