អានតួអត្ថបទ
កម្ពុជា-នយោបាយ

សន្និបាត​បក្ស​កាន់​អំណាច​បិទ​បញ្ចប់​ដោយ​ការ​ប្ដេជ្ញា​ចិត្ត​រក្សា​វប្បធម៌​សន្ទនា

សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៤០​បាន​បិទ​បញ្ចប់ហើយ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។ សន្និបាត​ពីរ​ថ្ងៃ​កន្លង​មក​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​បាន​លទ្ធផល​ផ្លែផ្កា​១២​ចំណុច។ ក្នុង​នោះ​គណបក្ស​ប្រជាជន​ប្ដេជ្ញា​រក្សា​ជំហរស្មោះ​សរ​ម៉ឺង​ម៉ាត់​ក្នុង​ការ​អនុវត្ត​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។ និង​បាន​ប្រកាស​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ទៀត​ផង​។

រូបភាពតំណាង៖​​សន្និបាត​គណៈ​កម្មាធិ​ការ​​កណ្តាល​លើក​ទី​៤០​នៅព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៧
រូបភាពតំណាង៖​​សន្និបាត​គណៈ​កម្មាធិ​ការ​​កណ្តាល​លើក​ទី​៤០​នៅព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៧ @RFI
ផ្សាយពាណិជ្ជកម្ម

បន្ថែម​ពី​លើ​ការ​ប្ដេជ្ញាចិត្ត​បន្ត​រក្សា​អនុវត្ត​វប្បធម៌​សន្ទនា​ជា​មួយ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​រួច​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​អំពាវ​នាវ​ដល់​ប្រជាជន​កម្ពុជាទាំង​មូល​រួម​សាមគ្គី​ជា​ធ្លុង​មួយ​នៅ​ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ។ គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​អះអាង​ថា នឹង​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​​ការ​ជា​មួយ​បណ្ដា​គណបក្ស អង្គ​ការ​សង្គម​ស៊ីវិល និង​គ្រប់​មជ្ឈដ្ឋាន​ផ្សេ​ទៀត។  

តាម​រយៈ​សន្និបាត​ពេល​ពីរ​ថ្ងៃ​មក​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ពី​សមិទ្ធផល​ដទៃ​ទៀត​ដែល​ខ្លួន​សម្រេច​បាន​នា​ពេល​កន្លង​មក​ដូច​ជាៈ ជំរុញ​ឲ្យ​ដំណើរ​ការ​ចុះឈ្មោះ​បោះឆ្នោត​សម្រេច​បាន​លទ្ធផល​យ៉ាង​ធំ​ធេង​និង​ទទួល​បាន​ការ​គាំទ្រ​ពី​មតិ​ជាតិនិង​អន្តរ​ជាតិ។

គណបក្ស​ប្រជាជន​ក៏​បាន​បង្ហាញ​ពី​មោទនភាព​នៃ​កំណើន​សេដ្ឋកិច្ច​ដែល​ខ្លួន​រក្សា​បានក្នុង​រង្វង់​៧​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ។ គណបក្ស​ប្រជាជន​បាន​កត់​សម្គាល់​ថា តាម​រយៈកំណើន​សេដ្ឋកិច្ច​បាន​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​រួម​មានៈ​មន្រ្តីរាជការ កង​កម្លាំង​ប្រដាប់​អាវុធ កម្មករ និយោជិត។

ជាដំណោះ​ស្រាយ​នា​ពេល​ខាង​មុខ​គណបក្ស​ប្រជាជន​អះអាង​ថា នឹង​ខិត​ខំ​រក​ទី​ផ្សារ​កសិផល​ជូន​ពលរដ្ឋ។ បន្ត​បែង​ចែក​ដីធ្លី​តាមរយៈ​ការ​អនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គម​កិច្ច។ ​លុប​ការ​បង់​ភាស៊ី​និង​ការ​បង់​ថ្លៃ​ផ្សេងៗ​ទៀត​ដល់​ពលរដ្ឋ​លក់​ដូរ​នៅ​ទូទាំង​ប្រទេស។ បន្ត​អនុវត្ត​ការ​តភ្ជាប់​បណ្ដាញ​អគ្គិសនី​នៅ​ជន​បទ និង បន្ត​គិត​គូរ​ជំរុញ​ដំឡើង​បៀ​វត្សជូន​មន្ត្រី​រាជការ​ជាដើម។ សូម​បញ្ជាក់ថា សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្សប្រជាជន​កម្ពុជា​លើក​ទី​៤០​នេះ​មាន​សមាសភាព​ចូល​រួម​សរុប​ជាង​១​ពាន់​នាក់។

តែ​យ៉ាង​ណា​មិញ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ចំនួន​៤​ទំព័រ​ដែល​បង្ហាញ​ពី​លទ្ធផល​នៃ​សន្និបាតនេះ​គណ​បក្ស​ប្រជាជន​មិន​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ដែល​កំពុង​តែ​កើត​មាន​នោះទេ​រួមមានៈ ដំណោះស្រាយ​លើ​ប្រព័ន្ធ​យុត្តិធម៌ ទំនាស់ដីធ្លី ឬ វិស័យ​សុខាភិបាល​ឡើយ។ ដែល​បញ្ហា​ទាំង​នេះ​សម្រាប់​អ្នក​តាម​ដាន​ការ​អភិវឌ្ឍន៍​សង្គម​ចង់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ដឹក​នាំ​រដ្ឋាភិបាល​ដោះ​ស្រាយ​ឲ្យ​ខាង​តែ​បាន​ដើម្បី​ស្ដារ​សន្លឹក​ឆ្នោតដែល​បាន​បាត់​បង់​កាល​ពី​ឆ្នាំ២០១៣​ត្រឡប់​មក​វិញ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ