អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្ស​កាន់​អំណាច​ព្រមាន​លទ្ធភាព​លែង​ចរចា ក្នុង​ករណី​បក្ស​ប្រឆាំង​មិន​ចូល​រួម​ធ្វើវិសោធកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា

តាម​គម្រោង​គណៈកម្មាធិការ​អចិន្ត្រៃ​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយដើម្បី​ពិនិត្យ​លើ​ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី​បី​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ដែលស្នើ​ឡើង​ដោយ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កាល​ពី​ថ្ងៃ​ទី​១៩​មករា ។ ការធ្វើ​វិសោធ​នកម្ម​ប្រការ​ថ្មី​នេះ មានន័យ​ស្មើនឹង​លុបចោល​ប្រ​ធា​ន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាង​រាស្ត្រ​នៅក្នុង​រដ្ឋសភា​ដែល​កំពុង​គ្រប់​គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ បក្សកាន់​អំណាច​ថែម​ទាំង​បាន​ព្រមាន​ជា​មុន​ថា ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​អាច​នឹង​លែង​មាន ក្នុង​ករណី​បក្ស​ប្រឆាំង​មិន​ចូលរួម​ធ្វើ​វិសោធកម្ម​ប្រកា​៤៨​ថ្មី​បី។

ជំនួប​រវាង​លោក ​កឹម សុខា ​និង​លោក ​ស ខេង​ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ទី​១០ ​ខែ​សីហា ​ឆ្នាំ​២០១៥។​
ជំនួប​រវាង​លោក ​កឹម សុខា ​និង​លោក ​ស ខេង​ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ទី​១០ ​ខែ​សីហា ​ឆ្នាំ​២០១៥។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ​ថា ខ្លួន​នឹង​ចូល​រួម​ឬ​ក៏​មិនចូល​រួម​នៅ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃ​រដ្ឋសភា​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ ដែលពិភាក្សា​លើ​ការ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី​បី​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។

លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ក៏​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ដែរ ប៉ុន្តែ​លោក​បាន​ចាត់​ទុក​ថា នេះ​ជា​សិទ្ធិ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​ចូល​រួម​ឬក៏​មិន​ចូល​រួម​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី​បី​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​។

ចំណែក​លោក ខៀវ សុភ័គ នាយក​ខុទ្ទកាល័យ​លោក ស ខេង ប្រធាន​ក្រុម​មតិ​ភាគច្រើន​នៃ​រដ្ឋ​សភា​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ទោះ​បី​ជា​ការ​ធ្វើ​វិសោធ​នកម្ម​ប្រការ​ថ្មី​ដើម្បី​លុប​ចោល​ប្រ​ធា​ន​ក្រុម​មតិ​ភាគ​តិច​ក៏​ពិត​មែន​តែ​ជំនួប​នៅ​ក្នុង​ឋានៈ​ជា​ដៃ​គូរ​សន្ទនានៅ​តែ​អាច​ធ្វើ​ទៅ​បាន។ ធ្វើ​ទៅ​បាន​នេះ​ទៀត​សោត​លុះ​ត្រា​តែ​តំណាង​រាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ​ចូល​រួម​ធ្វើ​វិសោធនកម្ម​ទៅ​លើ​ប្រការ​ថ្មី​នេះ​ជាមួយ​តំណាង​រាស្ត្រ​គណបក្សប្រជា​ជន​កម្ពុជា។

បើ​តាម​លោក ខៀវ សុភ័គ ប្រសិន​បើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ពិហិកា​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃ​និង​ពេញ​អង្គ​នៅ​ថ្ងៃ​ខាង​មុខ​ហើយ ជំនួប​រវាង​បក្ស​ទាំង​ពីរ​ទោះ​ឋិតនៅ​ក្នុង​ឋានៈ​ជា​អ្វី​ក៏​មិន​អាច​កើត​មាន​បាន​ដែរ។ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ការចូល​រួម​កិច្ច​ប្រជុំ​សភា​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​សុទ្ធ​តែ​ជា​ឱកាស​អាច​ជួបពិភាក្សា​គ្នា​លើ​បញ្ហា​ផ្សេងៗ​ដែល​មាន​ន័យ​ជាង​ជំនួប​ក្នុង​ឋានៈ​ជា​ប្រធាន​មតិ​ភាគ​និងភាគ​ច្រើ​នៅ​ក្នុង​រដ្ឋ​សភា​ទៅ​ទៀត។

សូម​រំលឹក​ថា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពីថ្មីនេះថា បើ​យន្ត​ការដែល​ទើប​បង្កើត​ឡើង​តាមរយៈ​ប្រការ៤៨ថ្មី(បី)នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ធ្វើការ​ដោយ​រួមទាំង​ការប៉ុនប៉ង​ប្រើប្រាស់​វា ដើម្បី​ចរចា​ដោះលែង​អ្នកទោស​នោះ លោក​ស្នើ​ឲ្យ​ធ្វើ​វិសោ​ធ​ន​កម្ម​ប្រការ​ថ្មី​នេះ​តែម្តង។ នេះមានន័យថា ​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​​នឹង​ត្រូវបាន​បាត់​បង់​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិចនិង​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណ​ប្ស​សង្គ្រោះ​ជាតិ ដែល​ទើបនឹង​ទទួលបាន​កាលពីដើម​ធ្នូ ឆ្នាំ២០១៦ កន្លងទៅ។

ដោយ​សារ​តែ​មាន​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៅ​រដ្ឋសភា​ដែល​ចែងអំពី​ប្រធាន​ក្រុម​មតិ​ភាគ​តិច និង​ភាគ​ច្រើន​នៅ​រដ្ឋសភា​នេះ​ហើយ ទើប​បាន​ប្រធាន​ថ្នាក់ដឹកនាំ​តំណាង​រាស្រ្ត​គណបក្ស​ទាំងពីរ បាន​សម្រេច​លើក​ពេល​ជួប​គ្នា តាម​សំណើ​របស់លោក ស ខេង៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ