អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្ស​កាន់​អំណាច​ទាត់​ចោល​ការ​លើក​ឡើង​របស់​អតីត​ប្រធាន​បក្ស​ប្រឆាំង

គណបក្ស​កាន់​អំណាច​កាល​ពី​ម្សិលមិញ​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ីអតីត​ប្រធាន​គណបក្ស​ប្រឆាំង ជុំវិញ​ការ​លើក​ឡើង​ថា​មាន​មន្ត្រី​របស់​គណបក្ស​កាន់​អំណាច​ចង់​រួប​រួម និង​ចុះ​ចូល​ជា​មួយ​គណបក្ស​សង្រ្គោះ​ជាតិ​។

លោកសម រង្ស៊ី​​ អតីត​​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ
លោកសម រង្ស៊ី​​ អតីត​​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

ការ​ថ្លែង​ជំទាស់​នេះ​ធ្វើ​ឡើង​៣​ថ្ងៃ​ក្រោយ​ពី​លោក​សមរង្ស៊ី​ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ ថ្ងៃទី២៣ ខែកក្កដា នៅ​ទីក្រុង​ប៉ារីស ប្រទេសបារាំង និងត្រូវ​បាន​ចុះផ្សាយ ដោយ​វិទ្យុ​សម្លេង​ព្រះសង្ឃ​ឯករាជ្យ​កាល​ពី​ថ្ងៃទី​២៦ ខែ​កក្កដា។ លោក​សម រង្ស៊ី​បញ្ជាក់​ថា​គេ​ត្រូវ​ការ​វប្បធម៌​សង្រ្គាម ដើម្បី​មាន​លេស​កៀបសង្កត់ ហើយ​ការកៀបសង្កត់​នោះ​មិន​មែន​តែ​ខាង​គណបក្ស​ប្រឆាំង​ទេ តែ​កៀបសង្កត់​ខាង​គណបក្ស​កាន់​អំណាច។

លោក​សម រង្ស៊ី បញ្ជាក់​ថា​នៅ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច​មាន​អ្នក​ចង់​បែក​ផ្លូវ ហើយ​មាន​អ្នក​ចង់​ទាក់ទង ចង់​រួប​រួម​ជា​មួយ​គណបក្ស​ប្រឆាំង ដើម្បី​អនុវត្ត​វប្បធម៌​សន្ទនា។ លោក​ថា​ការ​គំរាម​ពី​សង្រ្គាម​នេះ​ គឺ​ដើម្បី​កុំ​ឲ្យ​សមាជិក​គណបក្ស​កាន់​អំណាច​មក​ទាក់​ទង​ចាប់​ដៃ​ជា​មួយ​គណបក្ស​ប្រឆាំង​។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​គណបក្ស​កាន់​អំណាច​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា​មាន​តែសមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​ទេ ដែល​បាន​បន្ត​សុំ​ចុះ​ចូល​ជា​មួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ស្ទើរ​រាល់​ថ្ងៃ​នៅ​តាម​មូល​ដ្ឋាន។

គណបក្ស​ប្រជា​ជន​ថា សមា​ជិក​គណ​បក្ស​គ្រប់​លំដាន់​ថ្នាក់​ប្រកាន់​ខ្ជាប់​នូវ​វិន័យ ស្មោះ​ត្រង់ និង​គុណធម៌​ចំពោះ​រាជ​រដ្ឋាភិបាល និង​គណបក្ស​របស់​ខ្លួន។

ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ចូល​ជាធរមាន និង​មាន​ប្រសិទ្ធ​ភាព​អនុវត្ត ​នោះ​គណបក្ស​នយោបាយ​ដែល​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ លោក​សម រង្ស៊ី ដែល​ជាប់​ទោស តាម​ការ​សម្រេច​របស់​តុលាការ​កម្ពុជា ត្រូវ​ហ៊ាន​ប្រឈម​នឹង​ផល​វិបាក​នៃ​ការ​បណ្តោយ​ឲ្យ​គណបក្ស​ខ្លួន​ជាប់​ទាក់​ទង​នឹង​ទណ្ឌិត​ខុស​នឹង​ច្បាប់​។

សូម​ជម្រាប​ជូន​ថា​នៅ​ពេល​នេះ សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយកំពុងតែស្ថិតក្នុងជំហ៊ាន​ចុង​ក្រោយ រដ្ឋាភិបាល​នឹង​បញ្ជូន​វិសោធនកម្ម​ច្បាប់​នេះ ទៅ​កាន់​ប្រមុខ​រដ្ឋ​ស្តី​ទី ដើម្បី​ចុះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។ ច្បាប់នេះមានចំណុចមួយចំនួន ហាម​គណបក្ស​នយោបាយ​មិន​ឲ្យ​ឃុប​ឃិត​ជាមួយ​ទណ្ឌិត​នោះ​ឡើយ សូម្បី​តែ​ការ​ប្រើ​ប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ ឬ​ក៏​សកម្មភាព​របស់​ទណ្ឌិត​ក៏​មិន​ឲ្យ​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​គណបក្ស​នយោបាយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ