អានតួអត្ថបទ
កម្ពុជា

គណបក្ស​ធំៗ​ទាំង​ពីរ ទទួល​យកលទ្ធផល​បោះ​ឆ្នោត​​ផ្លូវ​ការរបស់ គ.ជ.ប

គណបក្ស​ធំ​ៗ​ទាំង​ពីរ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៥​មិថុនា​នេះ បានទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ ដែល​ចេញ​ផ្សាយ​ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។ ជា​លទ្ធផល​ដែល​បង្ហាញ​ថា បក្ស​ប្រជាជន​ទទួល​បាន​អាសនៈ​ជាង​៦​​៥០៣ ចំណែក​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ជាង​៥០០៧ ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង​អស់ប្រមាណ​១១​៥៧២​។

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្សសង្គ្រោះ​ជាតិ
គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្សសង្គ្រោះ​ជាតិ @ google
ផ្សាយពាណិជ្ជកម្ម

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដ្បិត​តែ​បាន​ទទួល​ស្គាល់​និង​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​របស់ គ.ជ.ប​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា សង្គ្រោះជាតិ អាក់អន់​ស្រពន់​ចិត្ត​នឹង​ការណ៍​ដែល គ.ជ.ប ច្រាន​ចោល​ពាក្យ​​បណ្ដឹងមួយ​ចំនួន​របស់ខ្លួននា​ពេល​កន្លង​មក។ អនុប្រធាន​បក្ស​ប្រឆាំង​រូប​នេះ សង្កត់​ធ្ងន់​លើ​​​​បណ្ដឹង​សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ដែល​លោកអះអាង​ថា ប្រសិន​បើ គ.ជ.ប មិន​ច្រាន​ចោល​បណ្ដឹង​ខ្លះ​របស់​សង្គ្រោះ​ជាតិទេ លទ្ធផល​អាច​នឹង​ប្រែប្រួល​លើស​ពី​នេះ​ក៏​ថា​បាន​។

អនុប្រធាន​បក្ស​ប្រឆាំង បាន​ស្នើ​ឲ្យ គ.ជ.ប ពិនិត្យ​ត្រង់​ចំណុច​នេះ និង​ប្រឹង​ប្រែង​កែ​លម្អ​ឡើង​វិញ ​​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ក្រោយ​ ទាំង​ក្នុង​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត និងការ​ដោះ​ស្រាយ​បណ្ដឹង​​ក្រោយ​បោះ​ឆ្នោត​។ ប៉ុន្តែ​ជា​រួម លោក អេង ឆៃអ៊ាង អះអាង​ថា គណបក្ស​ប្រឆាំង​របស់​លោក ទទួល​យក​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត ដែល​ចេញ​ដោយ គ.ជ.ប នៅ​ថ្ងៃ​អាទិត្យ​នេះ​។

ចំណែក​​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈ្នះ​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ច្រើន​ជាង​គេ​វិញ ក៏បាន​​សម្ដែង​ការ​ស្វាគមន៍ចំពោះ​លទ្ធផលនៃការ​បោះឆ្នោត​ដែរ​​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៥​មិថុនា គណបក្ស​កាន់​អំណាច​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​លទ្ធផល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម ត្រូវ និង​យុត្តិធម៌​ពិត​ប្រាកដ​។ គណបក្ស​ប្រជាជន​ចាត់​ទុក​ជ័យ​ជម្នះ​នេះ ថា​ជា​បាន​ធានា​នូវ​មូលដ្ឋាន​យ៉ាង​រឹង​មាំ​សម្រាប់​គណបក្ស​ប្រជាជន ឈាន​ទៅ​ទទួល​បាន​ជ័យ​ជម្នះ​ជា​ថ្មី​ទៀត​ក្នុង​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​នា​ឆ្នាំ​ក្រោយ​។ និង​ថា ជ័យ​ជម្នះ​នេះ បាន​ធ្វើ​ឲ្យ​បរាជ័យ​ទាំង​ស្រុង​នូវ​ការ​ប៉ុនប៉ង​របស់​ក្រុម​ប្រឆាំង និង​មជ្ឈដ្ឋាន​អគតិ​នានា ដែល​មាន​គោល​បំណង​ផ្ដួល​រំលំគណបក្ស​ប្រជាជន​។

សូម​រំឭក​ជូនថា ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​៤​មិថុនា​កន្លង​ទៅ ដោយ​មាន​ពលរដ្ឋ​ជាង​៧​លាន​នាក់​ចូល​រួម​បោះ​ឆ្នោត​។ ភាគី​ពាក់ព័ន្ធ រួម​មាន​អង្គការ​សង្គម​ស៊ីវិល និង​ស្ថានទូត​បរទេស​នានា សុទ្ធ​តែ​បាន​កោត​សរសើរ​ការងារ​រៀបចំ​ការ​បោះ​ឆ្នោត​របស់ គ.ជ.ប ខណៈ​ដែល គ.ជ.ប ខ្លួន​ឯង បាន​ចាត់​ទុក​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​លើក​នេះ​ថា​ជា​ជោគជ័យ​ដ៏​ធំ​ធេង​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន ស្រប​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ