អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេបក្ស​កាន់​អំណាច​ប្រាប់​បក្ស​ប្រឆាំង​ឲ្យ​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​កុំ​ធ្វើ​ដូច​អាណត្តិ​មុនៗ

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ជួប​សំណេះ​សំណាល​ជាមួយ​គ្រីស្ទ​បរិស័ទ​នៅ​កម្ពុជា​ជាង ៤​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។ ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ប្រមុខ​បក្ស​កាន់​អំណាច​រូច​នេះ បាន​វាយ​ប្រហារ​ឥត​សំចៃ​មាត់​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​នោះ លោក​ក៏​បាន​ផ្តាំ​ផ្ញើ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដោយ​កុំ​ធ្វើ​ដូច​កាល​ពី​អាណត្តិ​មុនៗ​ទៀត។

រូបភាព​ចាស់៖ មេ​បក្ស​​កាន់​​អំណាច​​ប្រាប់​​បក្ស​​ប្រឆាំង​​ឲ្យ​​ទទួល​​យក​​លទ្ធផល​​បោះ​​ឆ្នោត​​កុំ​​ធ្វើ​​ដូច​​អាណត្តិ​​មុនៗ
រូបភាព​ចាស់៖ មេ​បក្ស​​កាន់​​អំណាច​​ប្រាប់​​បក្ស​​ប្រឆាំង​​ឲ្យ​​ទទួល​​យក​​លទ្ធផល​​បោះ​​ឆ្នោត​​កុំ​​ធ្វើ​​ដូច​​អាណត្តិ​​មុនៗ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​វេទិកា​សំណេះ​សំណាល​ជាង​៣​ម៉ោង លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​បញ្ហា​កើត​ឡើង​ដូច​កាល​ឆ្នាំ​២០១៣​នោះ​ទេ ដែល​មាន​ការ​ដុត​ឡាន​អាជ្ញាធរ​នៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ​ក៏​ជា​ដូច​មានការ​ធ្វើបាតុកម្ម​ពី​សំណាក់​គណបក្ស​ប្រឆាំង ព្រោះ​តែ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជា​ដើម។ លោក​ហ៊ុន សែន ក៏​បាន​ព្រមាន​ដល់​គណបក្ស​ប្រឆាំង​ផង​ដែរ​កុំ​ឲ្យ​ចង់​លេង​រឿង​បដិវត្ដ​ពណ៌​ឲ្យ​សោះ។ សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី គណបក្ស​ប្រឆាំង​មិន​អាច​ធ្វើ​ដូច​កាល​ពី​អាណត្តិ​មុន​ទៀត​ទេ នេះ​គឺ​ដោយ​សារ​តែ​ពេល​នេះ​មាន​ច្បាប់​ចង គឺ​ថា​បើ​សិន​ជា​គណបក្ស​ប្រឆាំង​មិន​ចូល​សភា​តាម​កោះអញ្ជើញ​របស់​ព្រះ​មហាក្សត្រ នោះ​គេ​នឹង​យក​កៅអី​ទៅ​គន់គូរ​ចែក​គ្នា​តែ​ម្តង។

ក្រៅ​ពី​បញ្ហា​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ក៏​បាន​ឆ្លៀត​វាយ​ប្រហារ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ជា​ច្រើន​អន្លើ​ទៀត​ដែរ​ដូច​ជា​ប្រាប់​ទៅ​មេ​បក្ស​ប្រឆាំង​កុំ​ធ្វើ​មុខ​ក្រាស់​លួច​យក​សមិទ្ធផល​បក្ស​ប្រជាជន​កម្ពុជា​ទៅ​រក​សំឡេង​ឆ្នោត និង​រឿង​ដែល​បក្ស​ប្រឆាំង​សុំ​ឲ្យ​បរទេស​កុំ​ផ្តល់ជំនួយ​ឲ្យ​កម្ពុជា​ព្រម​ទាំង​សុំ​ឲ្យ​បរទេស​កុំ​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា។ ម្យ៉ាង​វិញ​ទៀត លោក​ហ៊ុន សែន​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​នៃ​ការ​កើត​មាន​សង្គ្រាម​ដោយ​លោក​សំដៅ​ទៅ​កាន់​គណបក្ស​ប្រឆាំង​ថា ទោះ​បី​គ្មាន​អាវុធ​មិន​មែន​មាន​ន័យ​ថា​គ្មាន​សង្គ្រាម​ទេ តែ​សង្គ្រាម​គឺ​កើត​ចេញពី​សម្តី​របស់​ពួកគេ​ដែល​បាន​ហៅ​អ្នក​ដទៃ​ថា​ជា​ជន​ក្បត់​ជាតិ។ លោក​ហ៊ុន សែន ក៏​ព្រមាន​បន្ថែម​ទៀត​ថា កុំ​ជ្រួល​ជ្រើម​ជាមួយ​នឹង​សង្គ្រាម ព្រោះ​កូនៗ​របស់​លោក​សុទ្ធ​តែ​ជា​ទាហាន។

លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ប្រតិកម្ម​ឆ្លើយ​តប​យ៉ាង​ណា​មួយ​ទេ​ចំពោះ​ការលើក​ឡើង​របស់​ប្រមុខ​គណបក្ស​កាន់​អំណាច​នេះ ដោយ​លោក​បញ្ជាក់​ថា លោក​គ្មាន​ពេល​ទៅ​ជជែក​តតាំង​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ បើ​តាម​លោក​យឹម សុវណ្ណ រឿង​ចំពោះ​មុខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​នាំ​គ្នា​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​នា​ពេល​ខាង​មុខ​នេះ។

ជា​ការ​កត់​សម្គាល់ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក​នាយក​រដ្ឋ​ន្ត្រី​ហ៊ុន សែន បាន​វាយ​ប្រហារ​គណបក្ស​ប្រឆាំង​ខ្លាំងៗ​បែប​នេះ បើ​គិត​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ឃុំ សង្កាត់​ដែល​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​២០ ឧសភា​មក។ ក៏​ប៉ុន្តែ​ចំពោះ​បញ្ហា​សង្គ្រាម​ក្រោយ​ការ​បោះ​ឆ្នោត​វិញ វា​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​បាន​ព្រមាន​នោះ។ សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​អាច​ឲ្យ​គណបក្ស​នយោបាយ​ដទៃ​រូ​មរ​ស់​ជាមួយ​បាន​ហើយ​និង​អាច​ថែរក្សា​សន្តិសុខ សណ្តាប់​ធ្នាប់​ជាពិសេស​គឺ​ថែរក្សា​សន្តិភាព​ជូន​ប្រជា​ពលរដ្ឋ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ