អានតួអត្ថបទ
កម្ពុជា

សម រង្ស៊ី៖ កិច្ចចរចា​ស្តីពី​ច្បាប់​តំណាងរាស្ត្រ​នឹង​បញ្ចប់​ក្នុង​សប្តាហ៍​នេះ

ក្រោយ​ការពិភាក្សា​ស្តីពី​វិសោធនកម្ម​ច្បាប់ស្តី​ពីតំណាងរាស្ត្រ​​រវាង​គណបក្ស​ទាំង​ពីរបាន​ដំណើរការ​អស់​រយៈពេល​ជិត៣ខែ​កន្លងមក នៅ​ថ្ងៃ​ពុធ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជា​ឱ្យ​ក្រុមការងារ​របស់ខ្លួន​ត្រូវតែ​បញ្ចប់​លើ​កិច្ចការងារ​ពិភាក្សា​នេះ​នៅ​ចុង​សប្តាហ៍​នេះ​តែម្តង។ គណបក្ស​ប្រជាជន​កម្ពុជា​វិញ បានបញ្ជាក់​ការពិភាក្សា​អាច​ចប់ ឬ​មិន​ចប់​អាស្រ័យ​លើ​បក្ស​សង្គ្រោះ​ជាតិ​នោះទេ។

លោកសម រង្ស៊ី ​ប្រធាន​គណបក្សសង្រ្គោះជាតិ ​ផ្តល់​បទសម្ភាស​ដល់​អ្នកកាសែត​ ក្រោយ​កិច្ចប្រជុំ​អនុម័ត​មាត្រា៤៨ថ្មីពីរ​ស្តីពី​ការ​បង្កើត​ប្រធាន​ក្រុមតំណាង​រាស្ត្រ​ភាគតិច​ក្នុង​សភា​នៅថ្ងៃ​ទី១៩​ ខែធ្នូ​ ឆ្នាំ​២០១៤​
លោកសម រង្ស៊ី ​ប្រធាន​គណបក្សសង្រ្គោះជាតិ ​ផ្តល់​បទសម្ភាស​ដល់​អ្នកកាសែត​ ក្រោយ​កិច្ចប្រជុំ​អនុម័ត​មាត្រា៤៨ថ្មីពីរ​ស្តីពី​ការ​បង្កើត​ប្រធាន​ក្រុមតំណាង​រាស្ត្រ​ភាគតិច​ក្នុង​សភា​នៅថ្ងៃ​ទី១៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

កំណត់ថាក្រុមការងារ​ទាំងពីរដែល​កំពុង​ពិភាក្សា​ស្តីពី​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​​ត្រូវ​បញ្ចប់​នៅថ្ងៃ​សុក្រ​ទី២៧ សប្តាហ៍នេះ​។ នេះ​គឺជា​ការបញ្ជាក់​ពី​លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ពុធ​នេះ។

ប្រធាន​គណបក្សប្រឆាំង៤អាណត្តិ​រូបនេះ បាន​បន្តថា បើទោះបីជា​ប្រើប្រាស់​ពេលវេលា​ប៉ុណ្ណា​ក៏ដោយ ក៏​ត្រូវតែ​បញ្ចប់​លើ​ការពិភាក្សា​នោះដែរ។ ការពិភាក្សា​ដែល​នៅសល់​ចំនួន​៣​ជំពូក​​ស្តីពី ទោ​សប​ញ្ញ​តិ្ត អន្ត​រប​ញ្ញ​តិ្ត និង​អវសាន​ប​ញ្ញ​តិ្ត។ សមាជិក​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស៊ិ​ក ប៊ុន​ហុក បាន​ថ្លែងថា ការចរចា​ដែល​នៅសល់​បី​ចំណុច​គឺ​នឹង​អាច​បញ្ចប់​នៅ​ថ្ងៃ​សុក្រ ឬ​មិនបញ្ចប់​​គឺ​អាស្រ័យ​លើ​ជំហរ​របស់​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ​ព្រោះតែ​ជំពូក​ទាំង៣នោះ​ត្រូវបាន​គណបក្សកាន់អំណាច​បានរៀបចំ​សរសេរ និង​កែប្រែ​ចំណុច​ចាស់​មួយចំនួន​រួចហើយ។

ក្នុង​ដំណើរការ​ចរចា​រវាង​គណបក្ស​ទាំងពីរ​ស្តីពី​វិសោធនកម្ម​លើ​ច្បាប់​តំណាងរាស្ត្រ​នេះ គណបក្ស​ទាំងពីរ​កាលពី​ថ្ងៃទី២៣ដើម​សប្តាហ៍​នេះ នៅ​ខ្វែងគំនិត​គ្នា​ចំនួន១០ចំណុច​ដែល​ស្មើ​នឹង​១០​មាត្រា។ នោះ​គឺ ការ​បន្ថែម​​អាសនៈ​​រដ្ឋសភា សកម្មភាព រយៈពេល និង​​ទីតាំង នៃ​ការ​ឃោស​នា​បោះ​ឆ្នោត ការ​ចែង​​ពី​អ​ព្យា​​ក្រឹត​​ឥត​​លម្អៀង​​របស់​​អង្គការ​​សង្គម​​ស៊ី​វិល និង​ការ​ចូល​រួម​​របស់​​មន្ត្រី​​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​តុលាការ​​ក្នុង​សកម្មភាព​ឃោសនា​ជាដើម។

ចំណុច​ទាំង១០នេះ ក្រុម​ការងារ​ទាំងពីរ​នឹងត្រូវ​ដាក់ជូន​ថ្នាក់ដឹកនាំ​គណបក្ស គឺ​ជំនួប​កំពូល​ហ៊ុន សែន និង​សមរង្ស៊ី ជា​អ្នកសម្រេច។ បើតាម​លោក​សម រង្ស៊ី ជំនួប​កំពូល​នេះ​នៅ​មិនទាន់​កំណត់​ថ្ងៃ​នៅឡើយ​ទេ ព្រោះ​គណបក្សប្រឆាំង​របស់លោក​ត្រូវការ​លទ្ធផល​ចុងក្រោយ​នៃ​ក្រុមការងារ​នៃ​បក្ស​ទាំងពីរ​ជាមុនសិន។ សូម​រំលឹកថា ក្រុមការងារ​នៃ​គណបក្ស​ទាំង​ពីរបាន​ផ្តើម​ពិភាក្សាគ្នា​តាំងពីដើម​ខែធ្នូ២០១៤មក ​លើ​ការ​វិសោធនកម្ម​ច្បាប់​ស្តីពី​តំណាងរាស្ត្រ​នេះ។ បើតាម​លោក​អេង ឆៃអ៊ាង ថ្នាកដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាសភាព​ក្រុម​ចរចា ច្បាប់​ដែលមាន១២ជំពូក​ស្តីពី​តំណាងរាស្ត្រ​នឹង​ក្លាយជា​សេចក្តីស្នើច្បាប់​តែម្តង​ក្រោយ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​សម្រេច។

ទោះ​បីជា​បែប​ណា​ក៏ដោយ​​ក្រុម​ការងារ​នៃ​គណ​បក្ស​ទាំង​ពីរបាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​របស់​ខ្លួន​ស្តី​ពី​ការបិទ​បញ្ចប់​ការ​ពិភាក្សា​នៅ​ចុង​សប្តាហ៍ ប៉ុន្តែ​ចំណុច​ខ្វែង​គំនិត​គ្នា​ទាំង​១០​គឺ​នៅតែ​ជា​សំណួរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ