អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្ស​កាន់​អំណាច​បើក​សន្និបាត​ថ្ងៃ​ដំបូង​ដោយសង្ឃឹម​ថាពលរដ្ឋ​នឹង​ផ្ដល់​សច្ចធម៌

ដូច​ការ​គ្រោង​ទុក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧​ធ្នូ​នេះបាន​បើក​សន្និបាត​គណៈ​កម្មាធិ​ការ​​កណ្តាល​លើក​ទី​៤០​ក្រោម​វត្តមាន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្ស និង លោក ហេង សំរិន ប្រធាន​កិត្តិយស​បក្ស។ ជា​សន្និបាត​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​និង​ការ​បោះឆ្នោត​ជ្រើស​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨​ខាង​មុខ។

រូបភាពតំណាង៖​​សន្និបាត​គណៈ​កម្មាធិ​ការ​​កណ្តាល​លើក​ទី​៤០​នៅព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៧
រូបភាពតំណាង៖​​សន្និបាត​គណៈ​កម្មាធិ​ការ​​កណ្តាល​លើក​ទី​៤០​នៅព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៧ @RFI
ផ្សាយពាណិជ្ជកម្ម

សន្និបាត​គណៈកម្មាធិការ​កណ្តាល​ប្រចាំ​ឆ្នាំ​លើកទី​៤០​របស់​គណបក្ស​ប្រជាជន​កម្ពុជាបាន​ចាប់​ផ្ដើម​ហើយ​នៅ​ថ្ងៃ​ទី​១៧​ធ្នូ​នេះ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ហើយ​នឹង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃ​ទី​១៨​ធ្នូ​ស្អែក។ តាម​រយៈ​សន្ទរកថា បើក​សន្និបាត​លោក ហេង សំរិន ប្រធានកិត្តិយស​បក្ស​សង្ឃឹម​ថា ពលរដ្ឋ​កម្ពុជា​នឹង​ផ្ដល់​សច្ចធម៌​មក​គណបក្ស​ប្រជាជន​ដើម្បី​បន្តដឹកនាំ​ប្រទេស​ទាំង​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ។

ក្រៅ​ពី​លើក​សសើរ​ការ​ដឹក​នាំ​ប្រទេស​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ហើយលោក ហេង សំរិន បាន​រំលេច​ឡើង​ថា ពេញ​មួយ​ឆ្នាំ​២០១៦ កម្ពុជា​បាន​ទទួល​រង​នូវសភាការណ៍​ជា​ច្រើន​មាន​ទាំង​អំណោយផល​និង​ការ​លំបាក​ស្មុគ​ស្មាញ។ សម្រាប់លោក​ហេង សំរិន មោទន​ភាព​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​បាន​ក្នុង​ឆ្នាំ២០១៦ មាន​ដូចជា ការ​ពង្រឹង​បាន​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម។

លោក ហេង សំរិន មាន​ជំនឿ​ថា​តាមរយៈ​សមិទ្ធ​ផល​កើត​ចេញ​ពី​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រជាពលរដ្ឋ​នឹង​នៅ​តែ​បន្ត​គាំទ្រ​ការ​ដឹក​នាំ​បក្ស​ប្រជាជន។ ទន្ទឹមនឹង​សមិទ្ធ​ផលដែល​ខ្លួន​សម្រេច​បានគណបក្ស​ប្រជាជន​កម្ពុជា បាន​ត្រៀម​លក្ខណៈសម្បត្តិ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និង​ការបោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​នា​ឆ្នាំ​២០១៨។

លោក មាន នី អ្នក​ស្រាវ​ជ្រាវ​បញ្ហា​សង្គម​នយោបាយ​ចាត់​ទុក​ក្ដី​សង្ឃឹម​របស់​គណបក្ស​ប្រជា​ជន​​កម្ពុជា​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ខាងមុខ​គឺ​ជា​រឿង​ធម្មតា។ ប៉ុន្តែ​ការ​ប្ដេជ្ញា​ចិត្ត​ដែល​លោក​យល់​ថា ជា​រឿង​សំខាន់​នោះ​គឺកំណែ​ទម្រង់​ប្រព័ន្ធ​តុលា​ការ​ទៅ​វិញ​ទេ។

លោក មាស នី ព្រមាន​ថា សន្លឹក​ឆ្នោត​គណបក្ស​ប្រជាជន​អាច​នឹង​រឹត​តែ​បាក់​ស្រុត​មួយកម្រិត​ទៀត​ប្រសិន​បើ​ប្រព័ន្ធ​តុលាការ​គ្មាន​ភាព​ល្អ​ប្រសើរ​ចាប់​ពី​ពេល​នេះ​ដល់​ថ្ងៃ​បោះឆ្នោត។ សម្រាប់​​លោក​មាស នី ដំណោះ​ស្រាយ​ជា​អាទិភាព​មួយ​ចំនួន​ទៀត​ដែល​គណបក្ស​កាន់​អំណាច​ត្រូវ​ដោះ​ស្រាយ​គឺ​វិស័យ​សុខាភិបាល​និង​បញ្ហា​ដីធ្លី​ជាដើម។

សូមបញ្ជាក់ថា របៀបវារៈ​នៅ​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល​ប្រចាំ​ឆ្នាំ​លើក​ទី​៤០ របស់​គណបក្ស​ប្រជាជន​រួម​មានៈ ការ​ទប់​ស្កាត់​ការ​រំលោភ​បំពាន​ពី​អ្នក​មាន​អំណាច​ក្នុង​សង្គម ការ​ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ការ​ដាក់​បញ្ចូល​ក្រុម​យុវជន​ចូល​ក្នុង​ជួរ​មន្ត្រី​រាជការ​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​លើ និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គមជាដើម៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ