អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រជាជន​កម្ពុជា​ ដាក់​ទិស​ដៅ​ចំ​ៗ​ដើម្បី​ពង្រឹង​អំណាច​បក្ស​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ខាង​មុខ

នៅ​មិន​ដល់​មួយ​ឆ្នាំ​ទៀត​ទេ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៤ នឹង​មក​ដល់​ ពោល​គឺ ចំ​ថ្ងៃ​អាទិត្យ ទី​៤ ឧសភា ២០១៧។ គណបក្ស​កាន់​អំណាច កាន់​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ពង្រឹង​គណបក្ស​ឆ្ពោះ​ទៅ​រក​ជោគជ័យ នៅ​ពេល​បោះ​ឆ្នោត។ ការ​ដាក់​ទិស​ដៅ​ចំៗ ដោយ​ពន្លឿន​នីតិវិធី​តុលាការ​ បាន​រង​ការ​រិះគន់​មួយ​ចំនួន តែ​បក្ស​កាន់​អំណាច​ចាត់​ទុក​ថា មតិ​ទាំង​នោះ​គ្រាន់​តែ​ជា សម្តី​នយោបាយ។

រូបភាពចាស់៖ ក្បួន​ដង្ហែ​យុទ្ធនា​ឃោសនា​របស់​គណបក្សប្រជាជន​កម្ពុជា នា​ពេល​កន្លង​មក។
រូបភាពចាស់៖ ក្បួន​ដង្ហែ​យុទ្ធនា​ឃោសនា​របស់​គណបក្សប្រជាជន​កម្ពុជា នា​ពេល​កន្លង​មក។ RFI/ស៊ីវ​ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ពេល​នេះ​តទៅ ទិស​ដៅ​ភារកិច្ច​ជាក់​លាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​ឆមាស​ទី​២ ឆ្នាំ​២០១៦ គឺ​ជម្រុញ​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​អោយ​បាន​លឿន ដោយ​មិន​ផ្អឹប​ទុក​ឡើយ។ បើ​តាម អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ការ​ពន្លឿន​នីតិវិធី​តុលាការ មិន​ត្រឹម​តែ​មាន​ឥទ្ធិពល​ដល់​សំណុំ​រឿង​ផ្លូវ​ច្បាប់​របស់​មេបក្ស និង​មន្រ្តី​បក្ស​សង្រ្គោះ​ជាតិ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ប្រជាជន​ទូទៅ​ផង​ដែរ។ លោក ចាត់​ទុក​មតិ​រិះគន់​ ដែល​ថាបក្ស​កាន់​អំណាច​ធ្វើ​អោយ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ​ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ គ្រាន់​តែ​ជា វោហា​នយោបាយ​ប៉ុណ្ណោះ​។

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង យល់ថា បក្សសង្គ្រោះ​ជាតិ​កំពុង​រង​ភាព​អយុត្តិធម៌​ដោ​​យប្រព័ន្ធតុលាការ​ តែ​ភាពរងគ្រោះ​​ទាំង​នេះ នឹង​ទាក់ទាញ​សម្លេង​គាំទ្រ​ពី​ប្រជាពលរដ្ឋច្រើនទៀត​​។ លោក បន្ថែមថា ការប្រើប្រាស់អំណាច ឬ​មធ្យោបាយ​ណា​មួយ ដើម្បី​ធ្វើ​បាប​គូប្រជែង ​តាម​រយៈ​ការ​ចាប់​អ្នក​រិះគន់​ដាក់​ពន្ធនាគារ នាំ​អោយ​ មតិ​សាធារណ​ជនជាតិ និង​អន្តរជាតិ​ មិន​អាច​ទទួល​យក​បាន​ឡើយ។

ទោះបី​ជា​យ៉ាង​ណា​ក្តី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ពន្យល់​ថា វា​ជា​រឿង​ធម្មតា​ទេ សម្រាប់​ការ​មាន​ប្រៀប​របស់​បក្ស​កាន់​អំណាច​ ខណៈ​បក្ស​ប្រឆំាង​កំពុង​តែ​ខ្សោយ ហើយ​ពិការ​ក្បាល​ម៉ាស៊ីន។ ក្នុង​ដំណាក់​កាល​ដែល​គណបក្ស​នីមួយៗ​សុទ្ធ​តែ កម្តៅ​សាច់​ដុំ​រៀង​ៗ​ខ្លួន ឆ្ពោះ​ទៅ​រក​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ខាង​មុខ​ គណបក្ស​កាន់​អំណាច​នឹង​ពង្រឹង​ខ្លួន​កាន់​តែ​ខ្លាំង ដើម្បី​រារាំង​ការ​ពន្លា​អំណាច​ពី​គូ​ប្រជែង​។ ​អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន​កម្ពុជា បន្ថែម​ថា​ សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា សុទ្ធ​តែ​បាន​ជ្រាប​ពី​ស្មារតី និង​ការ​តាស់​តឿន​ទាំង​នេះ ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល និង​ដាក់​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦ កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ទី​ស្នាក់ការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា។

ចំពោះ​លោក អេង ឆៃអ៊ាង មន្រ្តី​ជាន់​ខ្ពស់​បក្ស​សង្រ្គោះ​ជាតិ​ បញ្ជាក់​ថា គោលដៅ​របស់​បក្ស​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ខាង​មុខ គឺ​ចង់​ឃើញ​ដំណោះ​ស្រាយ​នយោបាយ​មួយ ដើម្បី​អោយ​ការ​បោះឆ្នោត​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ លោក ថ្លែង​ថា បក្ស​សង្រ្គោះ​ជាតិ​ ចង់​បាន​ការ​បោះឆ្នោត​សេរី និង​យុត្តិធម៌ ហើយ​មាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ។

ការ​ថ្លែង​របស់​លោក អេង ឆៃអ៊ាង​ ដូច្នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​រស់​ភៀស​ខ្លួន នៅ​ក្រៅ​ប្រទេស ដោយ​ស្ពាយ​ជាមួយ​នឹង​បណ្តឹង​យ៉ាង​តិច​ប្រាំ ដែល​ប្តឹង​ដោយ​មន្រ្តី​រដ្ឋាភិបាល​។ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ តំណាង​រាស្រ្ត និង​សកម្មភាព​បក្ស​មួយ​ចំនួន ក៏​កំពុង​រង​បណ្តឹង​ក្នុង​ដៃ​តុលាការ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ