អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​ប្រជាជន​រក្សា​បាន​សន្លឹក​ឆ្នោត​១​ភាគ​៤ នៃ​សង្កាត់​ដែល​មាន​ទំនាស់​ដី​ធ្លី​នៅ​ភ្នំពេញ

ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន បាន​រក​ឃើញ​ថា គណបក្ស​កាន់​អំណាច​បាន​បាត់​សន្លឹក​ឆ្នោត​គាំទ្រ​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​សង្កាត់​ដែល​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​រាជធានីភ្នំពេញ។ ក្រុម​ការងារ ដែល​បាន​ចេញ​ផ្សាយ​ការ​សង្កេត​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៦​ខែ​មិថុនា​នេះ កត់​សម្គាល់​ថា តំណែង​ចៅ​សង្កាត់ ដែល​ដឹក​នាំ​ដោយ​គណបក្ស​កាន់​អំណាច​នៅ​រាជធានី​ភ្នំពេញ មិន​មែន​បាត់​បង់​ត្រឹម​តែ​សង្កាត់​ដែល​មាន​ទំនាស់​ដី​ធ្លី​ប៉ុណ្ណោះ​ទេ​ មា្ចស់​ឆ្នោត​នៅ​សង្កាត់​ជិត​ខាង​ក៏​ទំនង​ជា​បញ្ចេញ​ប្រតិកម្ម​មិន​ពេញ​ចិត្ត​តាម​រយៈ​សន្លឹក​ឆ្នោត​ដូច​គ្នា​ដែរ។

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី កំពុង​ធ្វើ​ការ​តវ៉ា
ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី កំពុង​ធ្វើ​ការ​តវ៉ា
ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​ណាស់ ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​២៨​សង្កាត់ ក្នុង​ចំណោម​សហគមន៍​រងគ្រោះ ដោយ​សារ​ទំនាស់​ដី​ធ្លី​ចំនួន​៣៦​សង្កាត់ នៅ​រាជធានី​ភ្នំពេញ បាន​បោះ​ឆ្នោត​ទំលាក់​ចៅ​សង្កាត់ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤​នា​ឆ្នាំ​២០១៧​នេះ។ ដោយ​ឡែក មាន​តែ​៨​សង្កាត់​គឺ​ស្មើ​នឹង​១​ភាគ​៤ នៃ​សង្កាត់​ដែល​មាន​ជម្លោះ​ដី​ធ្លី​ប៉ុណ្ណោះ ដែល​គណបក្ស​កាន់​អំណាច នៅ​តែ​រក្សា​បាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​មូលដ្ឋាន។ សង្កាត់​ទាំង​នោះ​រួម​មាន សង្កាត់​ទន្លេ​បាសាក់ ផ្សារ​ថ្មី​៣ ជើង​ឯក ជ្រោយ​ចង្វារ ពញ្ញាតន់ ព្រែកព្នៅ និង​សង្កាត់​ព្រែក​តាសេក។

លោក សៀ ភារម្យ ​នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​បន្ថែម​ថា រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​បង្ហាញ​ឆន្ទៈ​ឲ្យ​បាន​ច្បាស់​លាស់​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ឲ្យ​បាន​ត្រឹម​ត្រូវ​ឬ​រង​ចាំ​ការ​បាត់​បង់​សន្លឹក​ឆ្នោត​គាំទ្រ​អំឡុង​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨។

ជាមួយ​គ្នា​នេះ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​ស្គាល់​ថា​ប្រាកដ​ជា​មាន​ការ​ប៉ះ​ពាល់​ដល់​គុណភាព​នៃ​សេវា​សាធារណៈ ដែល​អាជ្ញាធរ​មូលដ្ឋាន​មាន​ការ​ខ្វះ​ចន្លោះ ក្នុង​ការ​បំរើ​ប្រជាពលរដ្ឋ ក៏​ប៉ុន្តែ​លោក​ថា ដី​ធ្លី​មិន​មែន​ជា​បញ្ហា​តែ​មួយ​គត់​នោះ​ទេ។

ជា​ការ​កត់​សម្គាល់ ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន បង្ហាញ​ទៀត​ថា ក្នុង​ចំណោម​១០៥ សង្កាត់​នៅ​រាជធានី​ភ្នំពេញ នា​ឆ្នាំ​២០១៧​នេះ មាន​យ៉ាង​តិច​៣៥​សង្កាត់ កើត​មាន​ជម្លោះ​ដី​ធ្លី បាន​បង្ក​ឲ្យ​មាន​ការ​រំលោភ​យក​ដី​ធ្លី​និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន​ជាង ១៣ ០០០ គ្រួសារ។ តាម​រយៈ​លទ្ធផល​ឆ្នោត ដែល​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​គ.ជ.ប កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​រក្សា​បាន​អាសនៈ​ក្រុម​ប្រឹក្សា​សរុប ៤៣១ និង​ដឹក​នាំ​ដោយ​ចៅ​សង្កាត់​ចំនួន​៤៨។ ដោយ​ឡែក គណៈបក្ស​សង្គ្រោះ​ជាតិ ដណ្តើម​បាន​អាសនៈ​ក្រុម​ប្រឹក្សា​សរុប​៤៦៨ និង​ដឹក​នាំ​ដោយ​ចៅ​សង្កាត់​ចំនួន​៥៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ