អានតួអត្ថបទ
កម្ពុជា-នយោបាយ

CPP៖ បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ធ្វើ​តាម​ខ្សែ​ញាក់​របស់​បក្ស​នយោបាយ​ណា​មួយ

បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នៅ​អូស្ត្រាលី ពិត​ជា​រៀបចំ​ឡើង​ក្រោម​ខ្សែ​ញាក់របស់​គណបក្ស​នយោបាយ​ណា​មួយ​។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី កាល​ពី​ម្សិលមិញ បាន​រៀបចំ​បាតុកម្ម​មួយ ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន នៅអូស្ត្រាលី​។ ដើម​ហេតុ​​នៃ​ការ​ធ្វើ​បាតុកម្ម​នោះ ត្រូវ​បាន​អ្នក​រៀបចំ​បញ្ជាក់​ថា ដើម្បី​ជា​ការ​តវ៉ា​ចំពោះ​លោក ហ៊ុន ម៉ាណែត ដែល​រៀបចំ​ពិធី​ជួបជុំ​សមាជិក​បក្ស ចំ​ថ្ងៃ​ដែល​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​ខួប​១០០​ថ្ងៃ​ជូន​លោក​បណ្ឌិត កែម ឡី​។

ក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា
ក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​​ថ្ងៃ​ទី៨​តុលានេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​បាតុកម្ម​ប្រឆាំង​គណប្រតិភូ​យុវជន​ខ្មែរ ដឹក​នាំ​ដោយ លោក ហ៊ុន ម៉ាណែត នៅ​ទីក្រុង មែលប៊ន ប្រទេស​អូស្ត្រាលី​ថា ជា​បាតុកម្ម​នយោបាយ​ ព្រោះ​ដឹក​នាំ​ដោយ​បុគ្គល​នយោបាយ លោក ហុង លឹម ដែល​ជា​តំណាង​រាស្ត្រ​ថ្នាក់​រដ្ឋ វ៉ិកតូរីយ៉ា នៃ​ប្រទេស​អូស្ត្រាលី​។ ដូច្នេះ លោក ហុង លឹម ពុំ​មាន​សិទ្ធិ​បញ្ចេញ​មតិ​លើ​អធិបតេយ្យ​កម្ពុជា និង​មិន​តំណាង​ឲ្យ​សំឡេង​ខ្មែរ​ពិត​ប្រាកដ​ឡើយ​។ នេះ​បើ​តាម​គណបក្ស​ប្រជាជន​កម្ពុជា​។

 
គណបក្ស​កាន់​អំណាច​នេះ​បានលើក​ឡើង​ពី​ការ​បញ្ជាក់​របស់​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ក្រុង​ភ្នំពេញ​ដែល​ថា ការ​បញ្ចេញ​មតិ​របស់​លោក ហុង លឹម មិន​មែន​តំណាង​ឲ្យ​ទស្សនៈ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ឬ​ជា​សភា​របស់​រដ្ឋ​សហព័ន្ធ​ទេ​។ ក្នុង​ន័យ​នេះ បក្ស​ប្រជាជន​ជឿ​ជាក់​ថា បាតុកម្ម​ដែល​រៀបចំ​ដោយ​លោក ហុង លឹម ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន ម៉ាណែត​នៅ​អូស្ត្រាលី ពិត​ជា​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ខ្សែ​ញាក់​របស់​គណបក្ស​ណា​មួយ ដើម្បី​​បំភ័ន្ត​មតិ​ជាតិ​និង​អន្ដរជាតិ ថា​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ​។

ជា​ការ​ពិត បើ​ទោះ​បី​ជា​គណបក្ស​កាន់​អំណាច មិន​បាន​បញ្ជាក់​ឈ្មោះ​​ច្បាស់ ប៉ុន្តែ​គេ​អាច​យល់​បាន​ថា គណបក្ស​ដែល​បក្ស​ប្រជាជន​សំដៅ​ដល់ គឺ​គ្មាន​គណបក្ស​ណា​ផ្សេង​ក្រៅ​ពី​សង្គ្រោះ​ជាតិ ដែល​ជា​គូ​បដិបក្ខ​នោះ​ឡើយ​។ ប៉ុន្តែ​សង្គ្រោះ​ជាតិ​ តាម​រយៈ​អ្នក​នាំ​ពាក្យ​របស់​ខ្លួន គឺ​លោក យឹម សុវណ្ណ កាល​ពី​ថ្ងៃទី​៧​តុលា បាន​បញ្ជាក់​ច្បាស់​ហើយ​ថា បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នៅ​លើ​ទឹក​ដី អូស្ត្រាលី មិន​មែន​ជា​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។

សូម​រំលឹក​ជូន​បន្តិច​ថា កាល​ពី​យប់​ថ្ងៃ​សុក្រ​ទី​៧​តុលា សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី បាន​លើក​បដា​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ដែល​បានរៀបចំ​ពិធី​ជួបជុំ​សមាជិក​របស់​បក្ស​ប្រជាជន​នៅ​​ប្រទេស​អូស្ត្រាលី​។

លោក ហុង លឹម តំណាង​ក្រុម​អ្នក​រៀបចំ​បាតុកម្ម​បាន​ចាត់​ទុក កម្មវិធី​ជួបជុំ​ទទួល​ទាន​អាហារ​កម្សាន្ត​នោះ ថា​ជា​ការ​ផ្គើន​ដល់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ដែល​កំពុង​តែ​ប្រារព្ធ​ពិធី​កាន់​ទុក្ខ១០០​ថ្ងៃ​យ៉ាង​ក្រៀម​ក្រំ ជូន​ដល់​លោក​បណ្ឌិត កែម ឡី​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ