ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 14/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/11 12h00 GMT
កម្ពុជា

​សមាជិក​សភា​បក្ស​ប្រជា​ជន​កម្ពុជា​៣៨នាក់​​លា​លែង​ពី​តំណែង​មក​កាន់​តួនាទី​នៅ​ក្នុង​រដ្ឋា​ភិបាល

media  
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុងជំនួប​​រវាង​គណបក្ស​នយោបាយ​នៅ​វិមាន​សន្តិភាព @Samdech Hun Sen, Cambodian Prime Minister

លោក​នាយក​រដ្ឋ​​មន្ត្រី​ ​ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ចន្ទ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដើម្បី​ស្នើ​សុំ​ឲ្យ គ.ជ.ប ទទួល​ស្គាល់​បេក្ខជន អ្នក​តំណាង​រាស្ត្រ​ថ្មី ដែល​ត្រូវ​ចូល​មក​ជំនួស​អ្នក​តំណាង​រាស្ត្រ​៣៨នាក់​ដែល​ត្រូវ​ទៅ​កាន់​តួ​នាទី​នៅ​ក្នុង​រដ្ឋា​ភិបាល។ មក​ដល់​ពេល​នេះ គ.ជ.ប មិន​ទាន់​បាន​ឆ្លើយ​តាម​សំណើរ​របស់​ប្រមុខ​គណ​បក្ស​កាន់​អំណាច​នៅ​ឡើយ​ទេ។ 

សមាជិក​រដ្ឋ​សភា​ថ្មី​ចំនួន​៣៨នាក់​ ដែល​ជាប់​ឆ្នោត​នៅ​តាម​មណ្ឌល​នា​នា ដូច​ជា​មណ្ឌល​ខេត្ត​បាត់​ដំបូង កំពង់ចាម កណ្តាល ក្រចេះ រាជធានីភ្នំពេញ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ព្រៃវែង ពោរធិ៍សាត់ ព្រះសីហនុ តាកែវ កែប ឧត្តរមានជ័យ និង​ត្បូងឃ្មុំ​បាន​ដាក់​លិខិត​សុំ​លា​លែង​ពី​តំណែង​ជា​តំណាង​រាស្រ្ត​នៅ​ក្នុង​រដ្ឋ​សភា​។ មូល​ហេតុ​នៃ​ការ​ដាក់​លិខិត​លា​លែង​នេះ គឺ​ពួក​គេ​ត្រូវ​មក​កាន់​តួ​នាទី​នៅ​ក្នុង​ជួរ​រដ្ឋា​ភិបាល​កម្ពុជា ដូច​ជា​តំណែង​រដ្ឋ​​មន្ត្រី​ និង​រដ្ឋ​លេខា​ធិការ​ជា​ដើម​។ ភាគ​ច្រើន​នៃ​សមាជិក​រដ្ឋ​សភា ដែល​សុំ​លា​លែង​ទាំង​នេះ គឺ​ជា​​រដ្ឋ​មន្ត្រី​​ចាស់​ ដែល​ត្រូវ​បាន​តែង​តាំ​ង​ជា​ថ្មី​នៅ​ក្នុង​គណៈ​រដ្ឋ​​មន្ត្រី​​អាណត្តិ​ទី៦។ ដូច្នេះ​ហើយ បេក្ខជន​បម្រុង​តាម​លេខ​រៀង​នីមួយៗ​ ត្រូវ​បាន​ជ្រើស​តាំង​ចូល​កាន់​តំណែង​ជា​តំណាង​រាស្រ្ត​នៅ​ក្នុង​រដ្ឋ​សភា​ជំនួស​ពួក​គេ​វិញ​។

លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា ការ​លា​លែង​ពី​តំណែង​ជា​សមាជិក​រដ្ឋ​សភា​ មក​កាន់​តួ​នាទី​នៅ​ក្នុង​ជួ​រដ្ឋា​ភិបាល​នេះ វា​គឺ​ជា​រឿង​ធម្មតា ដោយ​កាល​ពី​អាណត្តិ​មុនៗ ក៏​មាន​ការ​ធ្វើ​បែប​នេះ​ដែរ។ លោក​សុខ ឥសាន បាន​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​​មន្ត្រី​​គណ​បក្ស​ប្រជាជន​កម្ពុជា​ណា​មួយ​ ត្រូវ​មក​បំពេញ​តួ​នាទី​នៅ​ក្នុង​ជួរ​រដ្ឋា​ភិបាល​នោះ គឺ​ពួក​គេ​ត្រូវ​លា​ឈប់​ពី​តំណាង​​រាស្ត្រ​​ជា​ចាំ​បាច់ ព្រោះ​ថា មិន​អាច​កាន់​តំណែង​ពីរ ​នៅ​ក្នុង​អង្គ​​នីតិ​ប្ប​ញ្ញត្តិ និង​អង្គ​នីតិ​​ប្រតិបត្តិ​ក្នុង​ពេល​តែ​មួយ​បាន​ទេ លើក​លែង​តែ​ឧប​នាយក​រដ្ឋ​​មន្ត្រី​​តែ​ប៉ុណ្ណោះ​។

ក្រៅ​តែ​ពី​សមាជិក​រដ្ឋ​សភា​ ដែល​សុំ​លា​លែង​ពី​តំណែង មន្ត្រី​​គណ​បក្ស​ប្រជាជន​កម្ពុជា​ចំនួន​១១នាក់​ទៀត ​ក៏​បាន​សុំ​លា​លែង​ចេញ​ពី​បញ្ជី​បេក្ខជន​តំណាង​​រាស្ត្រ​ផង​ដែរ។ នេះ​បើ​តាម​លិខិត​របស់​លោក​នាយក​រដ្ឋ​​មន្ត្រី ​ហ៊ុន សែន ដែល​ផ្ញើ​ទៅ​កាន់​លោក ​ស៊ិក ប៊ុកហុក ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)នៅ​ថ្ងៃ​ទី១០​ខែ​កញ្ញា។ លោក​សុខ ឥសាន បាន​អះ​អាង​ថា ពួក​គេ​ទាំង​នេះ​សុំ​លា​ឈប់ ដើម្បី​ទៅ​កាន់​តួនាទី​នៅ​តាម​ក្រសួង​នា​នា ដូច​ជា​អនុ​រដ្ឋ​លេខា​ធិការ​ជា​ដើម។

សូម​បញ្ជាក់​ថា នៅ​អាណត្តិ​ទី៦​នេះ គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ដោយ​ក្តោប​ក្តាប់​ចំនួន​អាសនៈ​ទាំង​១២៥​នៅ​ក្នុង​រដ្ឋ​សភា​។ រដ្ឋ​សភា​ថ្មី បាន​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​លោក​ហ៊ុន សែន ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​រៀប​ចំ​បង្កើត​គណៈ​រដ្ឋ​​មន្ត្រី​​អាណត្តិ​ទី៦​។ គណៈ​រដ្ឋ​មន្ត្រី​​អាណត្តិ​ទី៦ ត្រូវ​បាន​លោក​នាយក​រដ្ឋ​​មន្ត្រី ​ហ៊ុន សែន ប្រើ​ប្រាស់​នូវ​រដ្ឋ​​មន្ត្រី​ចាស់​អាណត្តិ​ទី៥​ដ​ដែល ដោយ​គ្មាន​ផ្លាស់​ប្តូរ​សូម្បី​តែ​ម្នាក់​ឡើយ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ