អានតួអត្ថបទ
កម្ពុជា-អង្គការសហប្រជាជាតិ

អ្នក​នាំ​ពាក្យ៖ការ​ស្នើ​ចង់​ឲ្យ​ព្យួរ​អាសនៈ​កម្ពុជា​នៅ​UN​របស់​កូន​ស្រី​លោក​កឹម សុខា ជា​រឿង​ស្រមើ​ស្រមៃ

លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច បាន​អះ​អាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការ​ស្នើ​សុំ​របស់​កញ្ញា​កឹម មនោវិទ្យា កូន​ស្រី​លោក​កឹម សុខា ឲ្យ​អង្គការ​សហប្រជាជាតិ​(អ.ស.ប) ពិចារណា​ដក​អាសនៈ​កម្ពុជា​នោះ គឺ​ជា​រឿង​ស្រមើ​ស្រមៃ ពោល​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ។ ការ​អះ​អាង​របស់​លោក​សុខ ឥសាន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កញ្ញា​កឹម មនោវិទ្យា បាន​ផ្តល់​សក្ខីកម្ម​ស្តី​ពី​បញ្ហា​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​ដែល​រៀប​ចំ​ឡើង​ដោយ​ស្ថានបេសកកម្ម​អឺរ៉ុប និង​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​នៅ​យប់​មិញ​នេះ។

លោកសុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា
លោកសុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោកសុខ ឥសាន បាន​គូស​បញ្ជាក់​ថា​ការ​ទៅ​ពឹង​ក្រុម​ប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ​ឲ្យ​កោះ​ប្រជុំ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កម្ពុជា​របស់​កញ្ញា​កឹម មនោវិទ្យា ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​លោក​កឹម សុខា មិន​មែន​ជា​ភារកិច្ច​របស់​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​ទេ។ ម៉្យាង​ទៀត ការ​ចង់​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​​ដក​សមាជិក​ភាព​របស់​កម្ពុជា​ចេញ​ពី អ.ស.ប កាន់​តែ​ហួស​ពី​ជើង​មេឃ​ទៅ​ទៀត។

ប្រតិកម្ម​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កញ្ញា​កឹម មនោវិទ្យា កូន​ស្រី​លោក​កឹម សុខា ដែល​បាន​ស្នើ​ឲ្យ​មាន​ការ​បញ្ចូល​របៀប​វារៈ​ស្តី​ពី​បញ្ហា​កម្ពុជា​ទៅ​ក្នុង​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ដែល​នឹង​ធ្វើ​ឡើង​ខែ​មករា ឆ្នាំ​២០១៨​ខាង​មុខ។ ជាមួយ​គ្នា​នេះ កូន​ស្រី​លោក​កឹម សុខា ដែល​ជា​អគ្គនាយក​រង​កិច្ច​ការ​សាធារណៈ​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ក៏​បាន​ស្នើ​សុំ​គិត​គូរ​ឡើង​វិញ​អំពី​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ។ ការ​ស្នើ​សុំ​របស់​កញ្ញា​កឹម មនោវិទ្យា​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​អង្គការ​សហប្រជាជាតិ​ដែល​រៀប​ចំ​ឡើង​ដោយ​ស្ថានបេសកកម្ម​របស់​សហភាព​អឺរ៉ុប និង​អាមេរិក​ប្រចាំ​នៅ​អ.ស.ប កាល​ពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១៩ ធ្នូ ត្រូវ​នឹង​វេលា​យប់​មិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សម្រាប់​លោក​សុខ ឥសាន ការ​ស្នើ​ឡើង​នេះ គឺ​គ្រាន់​ជា​ការ​ស្រមើ​ស្រមៃ​ប៉ុណ្ណោះ។ លោក​សុខ ឥសាន ថ្លែង​បែប​ចំអក​ដាក់​កញ្ញា​កឹម មនោវិទ្យា​ថា ជា​ការ​គួរ​ឲ្យ​ខ្មាស់​អៀន​ណាស់​ដែល​មិន​យល់​ដឹង​បន្តិច​សោះ​ពី​តួនាទី​របស់​អង្គការ​សហប្រជាជាតិ​ដែល​គ្មាន​សិទ្ធិ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​បណ្តា​ប្រទេស​ជា​សមាជិក​នោះ។ បើ​តាម​លោក​សុខ ឥសាន អង្គការ​សហប្រជាជាតិ​មាន​ភារកិច្ច​ច្រើន​រាប់​មិន​អស់​ដែល​ដោះ​ស្រាយ​មិន​បាន​ផង ដូច្នេះ​ហើយ តើ​មាន​ពេល​ឯណា​មក​ដោះ​ស្រាយ​រឿង​ដែល​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​កម្ពុជា​សុទ្ធ​សាធ​នេះ​កើត។

បន្ថែម​ពី​នេះ លោក​សុខ ឥសាន ក៏​បាន​ចាត់​ទុក​តំណាង​ស្ថាន​បេសកកម្ម​អាមេរិក និង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ អង្គការ​សហប្រជាជាតិ​ដែល​រៀប​ចំ​កិច្ច​ពិភាក្សា​ជាមួយ​កញ្ញា​កឹម មនោវិទ្យា​នេះ​ដែរ​ថា បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ចូល​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជា។ ការ​លើក​ឡើង​នេះ ដូច​គ្នា​ទៅ​នឹង​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ដែល​កិច្ច​ពិភាក្សា​នេះ គឺ​ជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ថា​ធ្វើ​ឡើង​ក្នុង​ហេតុ​ផល​នយោបាយ និង​មាន​ចេតនា​បំភាន់​សាធារណ​មតិ​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ