អានតួអត្ថបទ
កម្ពុជា

គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រៀប​ចំ​ឯកសារ​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ

គណបក្ស​ប្រជាជន​កម្ពុជា កំពុង​រៀប​ចំ​ពាក្យ​បណ្តឹង ប្តឹង​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​កាន់​តុលាការ ករណី​ពាក្យ​ស្លោក “ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្រ្ត”។ សម្រាប់​គណបក្ស​កាន់​អំណាច ពាក្យ​ស្លោក​នេះ គឺ​មាន​ចរិត​ញុះ​ញង់ បង្ក​ហេតុ និង​ប្រមាថ​មើល​ងាយ​មន្រ្តី​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។ ហើយ​ការ​រៀប​ចំ​ពាក្យ​បណ្តឹង​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​គណបក្ស​កាន់​អំណាច​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​ ៦​មីនា ដោយ​សុំ​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​កែ​តម្រូវ​លើ​ខ្លឹម​សារ​នេះ។

រូបភាពចាស់៖ គណបក្ស​​ប្រជាជន​​កម្ពុជា​​កំពុង​​រៀប​​ចំ​​ឯកសារ​​ប្តឹង​​គណបក្ស​​សង្គ្រោះ​​ជាតិ
រូបភាពចាស់៖ គណបក្ស​​ប្រជាជន​​កម្ពុជា​​កំពុង​​រៀប​​ចំ​​ឯកសារ​​ប្តឹង​​គណបក្ស​​សង្គ្រោះ​​ជាតិ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 ពីរ​ថ្ងៃ​ក្រោយ​ការ​ព្រមាន​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ឱ្យ​ដឹង​ថា​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​របស់​បក្ស​កំពុង​រៀប​ចំ​ឯកសារ​ដាក់​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​កាន់​តុលាការ​ចំពោះ​ពាក្យ​ស្លោក​ថា«ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ»។ ប៉ុន្តែ​លោក​សុខ ឥសាន​អ្នក​នាំ​ពាក្យ​គណបក្ស នៅ​មិន​ទាន់​បញ្ជាក់​ពី​ពេល​វេលា​នៃ​ការ​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​នៅ​ឡើយ​ទេ។

សម្រាប់​លោក ពាក្យ​ស្លោក​របស់​គណបក្ស​ប្រឆាំង​ដែល​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នេះ អាច​មាន​កំហុស​ចំនួន​បី​យ៉ាង​តិច ទីមួយ ​គឺ​ល្មើស​ច្បាប់​ស្តី​ឃុំ​សង្កាត់ និង​ទីពីរ គឺ​ជា​ការ​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ និង​ទីបី មាន​ចេតនា​ទុច្ចរិត​នយោបាយ​ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង។ លោក​បន្ត​ទៀត​ថា ខ្លឹមសារ​របស់​បក្ស​ប្រឆាំង​នេះ គឺ​មាន​ជម្រៅ​នយោបាយ​ជ្រៅ​ដែល​នឹង​ញុះញង់​ឱ្យ​បែក​បាក់​ព្រោះ​ថា​ភាគ​ច្រើន​មេឃុំ​ភាគ​ច្រើន​គឺ​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​សុខ ឥសាន បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​មាន​រក​ឃើញ​យ៉ាង​ដូច​នេះ មែន​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ប្រឈម​នឹង​ទោស​ដែល​ឈាន​ដល់​ការ​រំលាយ​គណបក្ស​ចោល​តែ​ម្តង។​

ដោយ​ឡែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​បាន​ស្នើ​ឱ្យ​គណបក្ស​កាន់​អំណាច​ពិនិត្យ​ឡើង​វិញ​ចំពោះ​ពាក្យ​ស្លោក​នេះ។ លោក​អេង ឆៃអ៊ាង​អនុប្រធាន​គណបក្ស​បាន​អះអាង​ថា​បក្ស​មិន​មាន​ចេតនា​បណ្តុះ​បង្អាប់​ដល់​គណបក្ស​នយោបាយ​ណា​នោះ​ទេ ប៉ុន្តែ​វា​បាន​ជំរុញ​ឱ្យ​មេឃុំ​ទាំង​អស់​ឱ្យ​ធ្វើការ​បម្រើ​រាស្ត្រ កុំ​ឱ្យ​ធ្វើ​ការ​បម្រើ​បក្ស។ បើ​ទោះ​បី​ជា​បែប​ណា​ក៏​ដោយ គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា គណបក្ស​នឹង​មិន​ប្តូរ ឬ​កែប្រែ​សារ​របស់​ខ្លួន​ឡើយ។

គួរ​បញ្ជាក់​ថា​គម្រោង​ប្តឹង​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កាល​ពី​ថ្ងៃ​ទី ២ មីនា​កន្លង​ទៅ បាន​ដាក់​ចេញ​ពាក្យ​ស្លោក​សម្រាប់​ការ​បោះ​ឆ្នោត​ថា ដូរ​មេឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ។ ការណ៍​នេះ បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​យល់​ឃើញ​ថា​ជា​ការ​ប្រមាថ​ដល់​បេក្ខជន​ឃុំ​នៃ​គណបក្ស​របស់​ខ្លួន។ ទន្ទឹម​នឹង​នេះ ក្រុម​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ពាក្យ​ស្លោក​របស់​ខ្លួន​ដែរ​ថា«កុំ​យក​មេឃុំ​ប្រូ មក​ដូរ​មេឃុំ​ពិត»។

ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ថា​មិន​មែន​ជា​គោលការណ៍​ណែនាំ​របស់​បក្ស​កាន់​អំណាច​ឡើយ ប៉ុន្តែ​អ្នក​គាំទ្រ​របស់​គណបក្ស​អាច​ប្រើ​ប្រាស់​ឃោសនា​បាន​ព្រោះ​ជា​សិទ្ធិ​របស់​អ្នក​គាំទ្រ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​មេធាវី​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​មូលដ្ឋាន​ច្បាប់​បញ្ញត​ណា​មួយ​អាច​ប្តឹង​គណបក្ស​សង្គ្រោះជាតិ​ចំពោះ​ពាក្យ​ស្លោក​ទៅ​កាន់​តុលាការ​បាន​នោះ​ទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ