ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
កម្ពុជា

បក្ស​កាន់​អំណាច​នឹង​ប្តឹង​បក្ស​ប្រឆាំង ឲ្យ​បាន​មុន​ពេល​បោះឆ្នោត​ឃុំ​សង្កាត់!

media  
រូប​ថត​ថ្ងៃ​សមាជលើកទី២របស់ ​CNRP ជាថ្ងៃ​នៃការ​ដាក់​ចេញ​នូវ​ពាក្យ​ស្លោកនេះ។ @Kem-Sokha-page

 

គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ថា​នឹង​ដាក់​ពាក្យ​ប្តឹង​ បក្ស​សង្គ្រោះជាតិ ឲ្យ​បាន​មុន​ពេល​​បោះឆ្នោត​ឃុំ​សង្កាត់ ប្រសិន​បើ​បក្ស​ប្រឆាំង​មួយ​នេះ នៅ​តែ​រឹង​ទទឹង​ មិន​ព្រម​ប្តូរ ឬលុប​​ពាក្យ​ស្លោក​របស់​ខ្លួន​នោះទេ។ ពាក្យ​ស្លោក «ដូរ​មេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» របស់​បក្ស​សង្គ្រោះជាតិ បាន​បង្ក​ជា​សង្ក្រាបប៉ាកកា​ ប្រមាណ​១សប្តាហ៍​មកហើយ។ ទោះ​យ៉ាង​នេះ​ក្តី មន្ត្រីជាន់​ខ្ពស់​បក្ស​ប្រឆាំង បាន​បដិសេធ​រួច​ស្រេច​ទៅហើយ ថា​មិន​ប្តូរ​ទេ។ 

 

ក្រុម​មេធាវី​របស់​បក្សប្រជាជន​កម្ពុជា កំពុង​ពិនិត្យ​មើល​សំណុំ​រឿង ដោយ​​ផ្អែកទៅលើ​​អង្គហេតុ​និង​អង្គច្បាប់ ដើម្បី​ដាក់​ពាក្យ​ប្តឹង​បក្ស​ប្រឆាំង ហើយ​បើ​តាម​អ្នក​នាំពាក្យ​គណបក្ស​កាន់អំណាច, បណ្តឹង​នេះ​ គឺត្រូវតែ​ធ្វើ​ឲ្យ​បាន ​មុន​​ពេល​​ឆ្នោត​ឃុំ​សង្កាត់ នៅពាក់​កណ្តាល​ឆ្នាំ​នេះ​ បើ​ប្តឹង​ក្រោយពី​​នេះ គឺ​វា​គ្មាន​ន័យ​ទេ។
 
ពាក្យ​ស្លោក​«ដូរ​មេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» របស់​បក្ស​សង្គ្រោះជាតិ, ចំពោះ​គណបក្សគ្រប់គ្រងរដ្ឋាភិបាល​និងលោក សុខ ឥសាន យល់ឃើញថា នេះ​គឺជា​គោល​នយោបាយ​ដែល​ញុះញង់​ឲ្យ​មាន​ការ​បែកបាក់ជាតិ ហើយជា​​ការ​ប្រមាថ​មាក់​ងាយ​ចំពោះ​មន្ត្រីរាជការ​សាធារណៈ​ គឺជាការ​រំលោភ​ច្បាប់​។ ដ្បិត​តួនាទី​មេឃុំ​ចៅសង្កាត់ គឺ​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​ជាទូទៅ​ មិន​ប្រកាន់​គណបក្ស​នយោបាយ​នោះទេ។
 
ដូច្នេះ ​បក្សប្រជាជន​កម្ពុជា នឹង​ប្តឹងឡើង​តុលាការ ឲ្យ​​ប្តូរ ឬលុប​ពាក្យ​ស្លោក​នេះចេញ។ ចំណែក​ការណ៍​ដែល​អាច​ឈាន​ទៅដល់​​រំលាយ​គណ​បក្សណាមួយ​នោះ លោក​ សុខ ឥសាន ថា​ទុក​​សមត្ថកិច្ចឲ្យ​តុលាការសម្រេច​ចុះ​។
 
ក៏ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​ប្រឆាំង បាន​ប្រាប់​ប្រព័ន្ធផ្សព្វ​ផ្សាយ​រួច​ស្រេច​ទៅហើយ ថា​​មិន​ព្រម​ផ្លាស់​ប្តូរ​ពាក្យ​ស្លោក​ ឬ បដិសេធ​មិន​ផ្លាស់ប្តូរ​សារ​នយោបាយ​របស់​ខ្លួន​ឡើយ​។​ មន្ត្រី​ជាន់​ខ្ពស់​របស់​បក្សសង្គ្រោះជាតិ យល់ឃើញទៀត​ថា នេះ​គ្រាន់​តែ​ជាពាក្យ​ស្លោក មិន​មែន​ជា​គោល​​នយោបាយ​ទេ!​ ពាក្យ​នេះ គ្មាន​​​ការ​ញុះញង់​ដូច​បក្ស​ប្រជា​ជនកម្ពុជា​​លើកឡើង​ទេ​។ មិន​តែប៉ុណ្ណោះ ពាក្យស្លោកនេះ​ គឺ​គេ​សំដៅ​ទៅ​លើមេឃុំ​ណា​ដែល​បម្រើ​បក្ស​! ប្រសិន​បើ​មេឃុំទាំង​អស់បម្រើ​រាស្ត្រ​ហើយ មាន​រឿង​អី​ចាំបាច់​មកតវ៉ា​នោះ​។​ នេះ​បើតាម​ការ​អះអាង​របស់​​បក្សសង្គ្រោះ​ជាតិ។​
 
សូម​បញ្ជាក់ថា ទន្ទឹម​នឹង​ការ​ត្រៀម​ប្តឹង​របស់​បក្ស​កាន់​អំណាច ក៏​មាន​សារ​លិខិត​​ថ្កោលទោស​ជា​ច្រើន​បាន​ធ្លាក់​មក​ជាហូរ​ហែ​មកដែរ ដែលចុះ​ហត្ថលេខា​ដោយ​​មេឃុំ​ចៅ​សង្កាត់​ ​សម្តែង​ការ​មិន​ពេញ​ចិត្ត​ ចំពោះ​ពាក្យស្លោក​របស់​បក្ស​ប្រឆាំង​។ តាម​លោក សុខ ឥសាន, សារ​លិខិត​ថ្កោលទោស​នោះ អាច​មាន​ច្រើន​ជាង​៣០០នាក់ទៅទៀត​ ហើយ​នឹង​នៅតែ​បន្ត​ធ្លាក់​មក ជា​​បន្តបន្ទាប់​មកថែម​ទៀត ក៏ប៉ុន្តែ​អ្នក​នាំពាក្យ​បក្ស​កាន់អំណាច អះអាងថា​ នេះ​មិនមែន​ជាការ​បញ្ជា​ពី​គណបក្ស​នោះទេ គឺជា​ការ​សម្តែង​ឆន្ទៈ​ផ្ទាល់​ខ្លួន​របស់​មេឃុំ​ចៅ​សង្កាត់​ទាំង​នោះ​តែប៉ុណ្ណោះ​។​
 
ជា​ការ​សង្កេត ទន្ទឹម​នឹង​ការចង់​ប្តឹង​ឲ្យ​បក្ស​ប្រឆាំង​លុប​ពាក្យ​ស្លោក «ដូរ​មេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ​», ក្រុមយុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ឯណោះ​វិញ​ បាន​ដាក់​ចេញ​ពាក្យ​ស្លោក​របស់​ខ្លួន​ និង​ផ្សាយ​តាម​បណ្តាញ​សង្គម​ដែរ​ថា «កុំ​យក​មេឃុំ​ប្រូ ​មក​ដូរ​មេ​ឃុំ​ពិត​»​។​ ប៉ុន្តែ​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បដិសេធ​ថា ​ពុំ​មែន​ជា​គោលការណ៍​ណែនាំ​របស់​បក្ស​កាន់​អំណាច​ឡើយ តែ​អ្នក​គាំទ្រ​របស់​គណបក្ស​អាច​ប្រើ​ប្រាស់​ឃោសនា​បាន ​ព្រោះ​ជា​សិទ្ធិ​របស់​អ្នក​គាំទ្រ​៕

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ