ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
កម្ពុជា

ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៦របស់កម្មករកាត់ដេរផ្អែកលើការវិនិច្ឆ័យផ្នែកសង្គម និងសេដ្ឋកិច្ច

media  
កម្មករ​កម្មការិនី​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា។ RFI

ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ មេដឹកនាំ​សហជីព​កម្មករ​នៅ​កម្ពុជា​ប្រជុំគ្នា​ដើម្បី​រម្លឹក​ឡើងវិញ​អំពី​លក្ខណៈវិនិច្ឆ័យ​នានា ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ២០១៦របស់​កម្មករ​និយោ​ជិត​​ក្នុង​វិស័យ​កាត់ដេរ។ ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) លក្ខណៈវិនិច្ឆ័យ​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ត្រូវបាន​យកមកប្រើ​ជា​មូលដ្ឋាន​ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ដូច​ក្នុង​ឆ្នាំ២០១៥ដែរ។

 

ការប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​របស់​មេដឹកនាំ​សហជីព​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង គឺ​ដើម្បី​រម្លឹក​អំពី​លក្ខណៈវិនិច្ឆ័យ​នានា ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ២០១៦របស់​កម្មករនិយោជិត​ក្នុង​វិស័យនេះ។ ក្រោម​ការរៀបចំ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) នៅ​ទីក្រុង​ភ្នំពេញ សិក្ខាសាលា​នោះ​បង្ហាញថា លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម និង​លក្ខណៈវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច គឺជា​មូលដ្ឋាន​ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ។

លក្ខណៈវិនិច្ឆ័យ​បែប​សង្គម​មាន​ជាអាទិ៍៖ ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​​​ក្នុងការ​រស់នៅ​របស់​ក​ម្មករ​និយោជិត។ ចំណែកឯ​លក្ខណៈវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​វិញ​គឺ​ផ្អែកលើ​ផលិតភាព ភាព​ប្រកួតប្រជែង ស្ថានភាព​ទីផ្សារការងា​រ និង​កម្រិត​តម្លៃបន្ថែម​នៃ​វិស័យ​វាយ​ន​ភណ្ឌ និង​ផលិត​ស្បែកជើង។ ក្រៅពីនេះ បន្ទាត់​នៃ​ភាពក្រីក្រ​ក៏​ជា​មូលដ្ឋាន​មួយទៀត​ដែល​ត្រូវ​យកមក​គិតគូរ​ក្នុង​ការកំណត់​ប្រាក់​ឈ្នួល​កម្មករ កម្មការិនី​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ផងដែរ។

ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ២០១៦ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ដោយ​ផ្អែកលើ​កត្តា​ខាងលើ គឺ​ដូចគ្នា​ទៅនឹង​គោលការណ៍​ដែល​ប្រើ​នៅក្នុង​ឆ្នាំ២០១៥ដែរ។ ចាប់តាំងពី​ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥មក ប្រាក់​ឈ្នួល​តិច​បំផុត​របស់​កម្មករនិយោជិត​ក្នុង​វិស័យនេះ​គឺ​ចំនួន១២៨ដុល្លារ​ក្នុង​មួយខែ។ វា​ជា​លទ្ធផល​នៃ​ការ​កំណត់ដោយ​រដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​គណៈកម្មការ​ប្រឹក្សា​ការងារ​ដែលមាន​សមាស​ភាព​មកពី​រដ្ឋាភិបាល សហជីព​កម្មករ និង​និយោជក បានស្នើ​ត្រឹម១២៣ដុល្លារ​ក្នុង​មួយខែ​សម្រាប់​ឆ្នាំ២០១៥។

កាលពីដើម​ខែសីហា សមាគម​រោងចក្រ​កាត​ដេរ​កម្ពុជា (GMAC) បានប្រកាសថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា​កំពុង​ប្រជែង​យ៉ាង​ត្រដាបត្រដួស​ជាមួយ​ប្រទេសជិតខាង ដោយសារតែ​ផលិតភាព​ការងារ​របស់​កម្មករ​កម្ពុជា​ទាប​ជាង​វៀតណាម ឥណ្ឌូនេស៊ី និង​ចិន ប៉ុន្តែ​ថ្លៃ​អគ្គិសនី និង​ចំនួន​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​បែរជា​ខ្ពស់ជាង​វៀតណាម បង់​ក្លា​ដេ​ស និង​ឥណ្ឌូនេស៊ី​ទៅវិញ។ ដូច្នេះ ការបង្កើន​ប្រាក់​ឈ្នួល​ទាប​បំផុត​សម្រាប់​កម្មករនិយោជិត ត្រូវបាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ចាត់ទុកថា ជា«សម្ពាធ»មួយ​ចំពោះ​និយោជក​នៅ​កម្ពុជា។
 

តាម​កម្មវិធី​នៃ​ការប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​ត្រីភាគី ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ២០១៦សម្រាប់​កម្មករនិយោជិត នឹងត្រូវ​សម្រេច​នៅ​ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពី​ការប្រជុំ​ផ្ទៃក្នុង​នៃ​ភាគីនីមួយៗនៅ​ខែកក្កដា ការប្រជុំ​ទ្វេភាគី​នៅ​ខែសីហា និង​ការប្រជុំ​ត្រីភាគី​នៅ​ខែកញ្ញា ឆ្នាំ​ដដែល៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ