អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​សង្គ្រោះ​ជាតិ​លើក​ស្លាក​តស៊ូ​មតិ​ទាម​ទា​រដោះ​លែង​លោក កឹម សុខា

គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ប្រកាស​លើក​ស្លាក​តស៊ូ​មតិ​គ្រប់​ស្នាក់​ការ​របស់​បក្ស​នេះ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ដើម្បី​ទាម​ទារ​រក​យុត្តិធម៌​ជូន​ ​លោក ​កឹម ​សុខា ប្រធាន​គណបក្ស​ប្រឆាំង។ ការ​ប្រកាស​ដូច្នេះ​បាន​ធ្វើ​ឡើង​ដោយ​លោក ស៊ុន ឆៃ មន្ដ្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់ ចាក់​អង្រែ​លើ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ២៥ កញ្ញា នេះ។

ស្លាក​សញ្ញា​តស៊ូ​មតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ
ស្លាក​សញ្ញា​តស៊ូ​មតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ @Kem Sokha fb
ផ្សាយពាណិជ្ជកម្ម

ស្លាក​សញ្ញា ដែល​គ្រោង​នឹង​ដាក់​នៅ​តាម​ទី​ស្នាក់​ការ​គណបក្ស​ប្រឆាំង​ទូ​ទាំង​ប្រទេស​នោះ​ គឺ​មាន​ទំហំ​ប្រហែល ២ ម៉ែត្រ​ បួន​ជ្រុង ផ្ទៃ​ពណ៌​ខៀវ​ចាស់ នៅ​ចំ​កណ្ដាល​ មាន​រំលេច​រូប​លោក កឹម សុខា ស្លៀក​ឯក​សណ្ឋាន​ ខោ​ខ្មៅ អាវ (ស) និង មួក​ពណ៌​ស កំពុង​ឈរ​សើច​លើក​ដៃ​រា ពី​លើ​រថយន្ដ​នាំ​មុខ​ក្បួន​ឃោសនា​បោះ​ឆ្នោត ដែល​មាន​អ្នក​ហែរ​ហម​តាម​ក្រោយ​រាប់​រយ​នាក់ និង​មាន​អក្សរ​ខ្មែរ និង​អង់​គ្លេស​ពណ៌​ស​ពីរ​បន្ទាត់​នៅ​ពី​ក្រោម​រូបភាព។ អក្សរ​ខ្មែរ​នោះ​បាន​សរសេរ​ថា ត្រូវ​ដោះ​លែង លោក​ប្រធាន​ កឹម សុខា ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ។ ស្លាក​សញ្ញា​តស៊ូ​មតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ហើយ​ ដែល​ត្រូវ​បាន​លើក​បញ្ឈរ​ដោយ​ក្រុម​តំណាង​រាស្ដ្រ​ បក្ស​ប្រឆាំង​កាល​ពី​ព្រឹក​មិញ​នៅ​ខាង​មុខ​ស្នាក់​ការ​កណ្ដាល​របស់​គណបក្ស​នេះ ។ ​

​លោក ស៊ុន ឆៃ មន្ដ្រី​ជាន់​ខ្ពស់​របស់​គណៈបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា ស្លាក​សញ្ញា​នេះ នឹង​ត្រូវ​លើក​បញ្ឈរ​នៅ​គ្រប់​ស្នាក់​ការ​ទាំង​អស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា ការ​លើក​ស្លាក​សញ្ញា​នេះ ជា​ការ​សម្ដែង​ការ​តស៊ូ​មតិ​របស់​គណបក្ស​ប្រឆាំង​ដើម្បី​ជម្រុញ​ឲ្យ​មាន​ភាព​យុត្តិធម៌​ជូន លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ក្រោម​បទ​ចោទ ​ក្បត់​ជាតិ។

ក្រៅ​ពី​ការ​លើក​ស្លាក​តស៊ូ​មតិ​ លោក ស៊ុន ឆៃ ក៏​បាន​អំពាវ​នាវ​ឲ្យ​តុលាការ​គ្រោង​កាត់​ក្ដី​លោក កឹម សុខា ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អព្យាក្រឹត្យ​ មិន​លំអៀង។ បើ​តាម​មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ ប្រសិន​បើ​តុលាការ​អនុវត្ត​ការងារ​របស់​ខ្លួន​ប្រកប​ដោយ​ឯករាជ្យ និង​តាម​គោលការណ៍​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ លោក​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​គ្មាន​ទោស។ លោក ស៊ុន ឆៃ ក៏​ស្នើ​ឲ្យ​តុលាការ​នាំ​ខ្លួន​លោក កឹម សុខា មក​ចូល​រួម​ក្នុង​សវនាការ​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​២៦ កញ្ញា ដែរ ដោយ​លោក​ថា សមត្ថកិច្ច​មាន​លទ្ធភាព​គ្រប់​គ្រាន់​ដើម្បី​ធានា​សុវត្ថិភាព​លោក កឹម សុខា។ ជា​ថ្មី​ម្ដង​ទៀត មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​ចាត់​ទុក​ថា សវនាការ​កាត់​ក្ដី​ដែល​អវត្តមាន​ លោក កឹម សុខា ជា​ការ​អនុវត្ត​ដោយ​”ខុស​ច្បាប់”

លោក ស៊ុន ឆៃ ក៏​បាន​ប្រកាស​ដែរ​ថា ក្រុម​សភា​របស់​បក្ស​ប្រឆាំង នឹង​ទៅ​ចូល​រួម​ស្ដាប់​សវនាការ​ ​សាលា​ឧទ្ធរណ៍​នេះ​ដែរ នៅ​ថ្ងៃ​ស្អែក ដើម្បី​តាម​ដាន​ការ​អនុវត្ត​ច្បាប់​របស់​ស្ថាប័ន​តុលាការ។

គួរ​រម្លឹក​ថា សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៦ ស្អែក តាម​បណ្ដឹង​ជំទាស់​របស់​ក្រុម​មេធាវី​លោក កឹម សុខា អំពី​ការ​សម្រេច​ឃុំ​ខ្លួន​លោក​ កឹម សុខា របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ