ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/06 12h00 GMT
កម្ពុជា

ទី​ស្នាក់​ការ​គណបក្ស​សង្រ្គោះ​ជាតិ​ស្ងប់​ស្ងាត់ នៅ​ថ្ងៃ​ប្រកាស​សាលក្រម​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ

media  
លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ @សហការី

ខណៈ​ដែល​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​នៅ​ជុំវិញ​តុលាការ​កំពូល នៅ​ថ្ងៃ​ប្រកាស​សាលក្រម​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ថ្ងៃ​នេះ ។ នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ​ឯណោះ វិញ គ្មាន​ការ​ជួប​ប្រជុំ ពី សំណាក់​ថ្នាក់​ដឹក​នាំ និង​ជួប​ជុំ​សកម្មជន​និង​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ ។ យ៉ាង​ណា​ក៏​ដោយ លោក ម៉ៅ មុន្នីវណ្ណ ប្រធាន​ស្តី​ទី​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ និង​ជា​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​អះអាង​ថា មេធាវី​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ នឹង​បន្ត​ពិភាក្សា​គ្នា​ហើយ​តវ៉ា​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត។

លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិដែល​ទើប​ត្រូវ​បាន​រំលាយ​នៅ​ថ្ងៃ​នេះ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​មុន​នេះ​បន្តិច ថា ពេញ​មួយ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ដែល​ជា​ថ្ងៃ​ប្រកាស​សាលដីកា​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ មិន​មាន​ការ​ជួប​ជុំ​ប្រមូល​ផ្តុំ​ពី​សំណាក់​មេឃុំ ចៅ​សង្កាត់ ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ មក​ពី​គ្រប់​រាជធានី​ខេត្ត រួម​ទាំង​សកម្មជន និង​អ្នក​គាំទ្រ គណបក្ស​សង្រ្គោះ​ជាតិ នៅ​ឯ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ រាជធានី​ភ្នំពេញ​នោះ​ទេ ។

លោក ម៉ៅ មុនីវណ្ណ ​ថ្លែងកុំ​ថា​ឡើយ​ការ​ជួបជុំ​នៅ​ភ្នំពេញ ចលនា​នៃ​ការ​ឡើងមក​ពី​តាម​ខេត្ត​ដើម្បី​មក​តាម​ដាន​សវនាការ​រំលាយ​គណបក្ស​នេះ​ក៏​គ្មាន​ដែរ។ គ្មាន​ការជួប​ជុំ​ដោយ​សារ​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ជ្រើស​រើស​វិធី​សាស្ត្រ​អត់ធ្មត់។ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ បន្ត​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​បទ​ពិសោធន៍​ច្រើន និង​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ ដូច្នេះ​ហើយ​គណបក្ស នឹង​ធ្វើ​ការ​តស៊ូ​មតិ​ដោយ​អហឹង្សា ពោល​គឺ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ជំនួស​វិញ ដើម្បី​ជៀស​វាង​ការ​ប្រឈម​មុខ​ដាក់​គ្នា ​ឬ​ការ​ឈាន​ដល់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង។

ទោះ​បី​គ្មាន​ការ​ជួប​ជុំ​គ្នា​ណា​មួយ ពី​សំណាក់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ប្រទេស នៅ​ថ្ងៃ​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​របស់​តុលាការ​កំពូល​ក៏​ដោយ។ ក៏​ប៉ុន្តែ ចាប់​តាំង​ពី​មុន​ថ្ងៃ​ប្រកាស​សាលក្រមតំណាង​រាស្ត្រ ៧ រូប មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​ជួប​សន្ទនា ជាមួយ​លោក ជា​សមាជិក​ព្រឹទ្ធសភា នៃ​សហរដ្ឋ​អាមេរិក និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ច​ការ​ទ្វីប​អាស៊ី ភាគ​ខាង​កើត ក្នុង​គណៈកម្មាធិការ​កិច្ច​ការ​បរទេស នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​លោក ម៉ោ មុនីវណ្ណ ប្រធាន​ស្តី​ទី​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិបញ្ជាក់​ទៀត​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ ក៏​មាន​គម្រោង​បន្ត​ជួប​ថ្នាក់​ដឹក​នាំ​ប្រទេស​ផ្សេង​ទៀត ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​បន្ធូរ​បន្ថយ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។ ក៏​ដូច​ជា ធ្វើ​យុទ្ធនាការ​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ