អានតួអត្ថបទ
កម្ពុជា

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ២០១៧ បញ្ចាំង​ភាពយន្ត​ខ្លី​១៥៨​រឿង​ដោយ​ឥត​គិត​ថ្លៃ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​២០១៧ បាន​ចាប់​ផ្ដើម​ហើយ​នៅ​ថ្ងៃទី​២៦​តុលា​នេះ​។ ព្រឹត្តិការណ៍​នេះ នឹងបន្ត​អូស​បន្លាយ​រហូត​ដល់​ថ្ងៃ​ទី​២៩​តុលា​ខាង​មុខ ដោយ​មាន​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ខ្លី​ចំនួន​​១៥៨​រឿង ដោយ​ឥត​គិត​ថ្លៃ នៅ​តាម​រោងភាពយន្ត​និង​សាល​នានា​ចំនួន​១១​កន្លែង​ទូទាំង​ប្រទេស​។

រូប​តំណាង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​២០១៧
រូប​តំណាង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​២០១៧ CSFF
ផ្សាយពាណិជ្ជកម្ម

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ធ្វើ​ឡើង​ដើម្បីផ្ដល់​ឱកាស​ឲ្យ​យុវជន​និង​យុវនារី​ខ្មែរ ដែល​ស្រឡាញ់​វិស័យ​ភាពយន្ត បញ្ចេញ​ស្នាដៃ​និង​ទទួល​ដឹង​ព័ត៌មាន​កាន់​តែ​ច្រើន​អំពី​វិស័យ​ភាពយន្ត​។ ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ​ក្រុម​កុន​ខ្មែរ​កូន​ខ្មែរ សហការណ៍​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ពិសេស​គឺ​រោងភាពយន្ត​និង​សាល​បញ្ចាំង​ភាពយន្តសំខាន់​ៗ​​នៅ​ទូទាំង​ប្រទេស​។

ភាពយន្ត​ខ្លី​ថ្មី​ៗ​និង​ល្អ​ៗ​មក​ពី​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​និង​ពិភពលោក​ចំនួន​​៣០​ប្រទេស ត្រូវ​បាន​ប្រមែ​ប្រមូល​យក​មក​ចាក់​បញ្ចាំង​ជូន​​​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​​បង្ហាញ​ស្នាដៃ​ផលិតកុន​របស់​កូនខ្មែរ​ឲ្យ​អន្ដរជាតិ​បាន​ស្គាល់​។ លោក ជា សុខហ៊ី ប្រធាន​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សង្ឃឹម​ថា ព្រឹត្តិការណ៍​​នេះ នឹង​​​ផ្ដល់​​បទពិសោធន៍​នៃ​ការ​ផលិត​ភាពយន្ត​ដល់​​​យុវជន​និង​យុវនារី​ខ្មែរ ក្នុង​គោលដៅ​ពង្រឹង​និង​ពង្រីក​វិស័យ​ភាពយន្ត​ខ្មែរ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ នា​ថ្ងៃ​អនាគត​។

សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​នេះ ​ខ្សែ​ភាពយន្ត​យ៉ាង​ហោច​ណាស់​១៥៨​រឿង នឹង​ត្រូវ​ចាក់​បញ្ចាំង​ជូនសាធារណៈជន​ទស្សនា​​។ ក្នុង​នោះ ភាពយន្ត​ខ្មែរ​ដែល​ជាប់​ប្រកួត​មាន​ចំនួន​២៨​រឿង ភាពយន្ត​បរទេស​​ជាប់​ប្រកួត​ចំនួន​១០៣​រឿង និងភាពយន្ត​​សម្រាប់​បញ្ចាំង​ពិសេស​ចំនួន​២៧​រឿង​។ ​ខ្សែ​ភាពយន្ត​ទាំង​អស់​នេះ នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​តាម​រោងភាពយន្ត​និង​សាល​សំខាន់​ៗ ចំនួន​១១ ដូចជា៖ សាល​ចតុមុខ រោង​ភាពយន្ត Legend ទាំង​៣​ទីតាំង​, រោងភាពយន្ត Major Cineplex, រោងភាពយន្ត Prime Cineplex, សាល​បូផាណា, កោះពេជ្រ, ផ្ទះ​មេត្តា, សាល​សាលា​បារាំង, និង​សាល​បារាយ​អណ្ដែត​ក្រុង​សៀមរាប​។

គួរ​កត់​សម្គាល់​ថា គិត​ត្រឹម​ឆ្នាំ​២០១៧​នេះ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ប្រារព្ធ​ធ្វើ​ឡើង​បាន​៦​លើក​ហើយ​។ ក្រុម​អ្នក​រៀបចំ​កម្មវិធី​បាន​លើក​ឡើង​ថា មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ បាន​ទទួល​ការ​ទទួល​ស្គាល់​និង​គាំទ្រ​កាន់​តែ​ច្រើន​ឡើង​ៗ​ ទាំង​ពី​សំណាក់​ផលិតករ​ភាពយន្ត​ជាតិ​និង​ផលិតករ​ភាពយន្ត​អន្ដរជាតិ​ តាម​រយៈ​កំនើន​ឥត​ឈប់ឈរ​នៃ​ការ​ផ្ញើ​ភាពយន្ត​មក​ចូល​រួម​។ នៅ​ឆ្នាំ​នេះ ​ភាពយន្ត​អន្ដរជាតិ ដែល​បាន​ផ្ញើ​មក​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​មាន​ចំនួន​​ជាង​៣​ពាន់​រឿង ខណៈ​ភាពយន្ត​ជាតិ​មាន​៤៩​រឿង​។ ប៉ុន្តែ​មាន​ភាពយន្ត​ខ្លីតែ​១៥៨​រឿង​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​​សម្រិត​សម្រាំងជ្រើស​យក​មក​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ