អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​​វប្បធម៌​«ឡាំប៉ា»​ក្រោយ​​ការ​បោះឆ្នោត​​ចប់​​ហើយ​​ឬ?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ថ្មី​ដែល​បង្កើតឡើង​ដោយ​ការ​ព្រមព្រៀង​​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​គួរតែ​ជាស​ញ្ញា​ដែល​បញ្ជាក់ថា ការតវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ទំនងជា​លែង​កើត​មាន​​ទៀត​ហើយ​​ចាប់ពីពេលនេះ​តទៅ។ ប៉ុន្តែ នៅលើ​ទិដ្ឋភាព​ជាក់ស្តែង គេ​ហាក់ដូចជា​ពិបាក​ជឿ​ណាស់​ថា គណបក្ស​ចាញ់ឆ្នោត​សុខចិត្ត​ទទួលយក​លទ្ធផល​ដោយ​គ្មាន​ការតវ៉ា។ បញ្ហា​ទំនុកចិត្ត ភាពស្មោះត្រង់ និង​ទម្លាប់​ត្រៀម​តែ​ឈ្នះ ហើយ​មិនដែល​ត្រៀម​ចាញ់​គឺជា​ឧបសគ្គ​ក្នុងការ​ឈានទៅ​លុបបំបាត់​វប្បធម៌«ឡាំប៉ា»ក្រោយ​ការបោះឆ្នោត។

ថ្នាក់ដឹកនាំ​ គ.ជ.ប.​ ជួបជាមួយ​តំណាង​គណបក្ស​នយោបាយ​និង​អង្គការ​សង្គមស៊ីវិល​នាពេលកន្លងមក
ថ្នាក់ដឹកនាំ​ គ.ជ.ប.​ ជួបជាមួយ​តំណាង​គណបក្ស​នយោបាយ​និង​អង្គការ​សង្គមស៊ីវិល​នាពេលកន្លងមក © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

កាលពីមុន ការតវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​បានកើត​ឡើង​យ៉ាង​តឹងតែង​រវាង​គណបក្ស​កាន់អំណាច និង បក្សប្រឆាំង ប៉ុន្តែ បច្ចុប្បន្ន គណបក្ស​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​បង្កើត គ.ជ.ប ថ្មី​មួយ​ដោយមាន​ទាំង​ការចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល​ទៀតផង។

ដូច្នេះ គេ​គួរតែមាន​ក្តី​សង្ឃឹមថា ការតវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ទំនងជា​លែង​កើតមាន​ទៀត​ហើយ​។ ប្រសិនបើ​នេះ​ជា​រឿង​ពិត វា​គឺជា​ដំណឹង​ល្អ​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ដែល​រួតរឹត​ដោយ​វិបត្តិ​ក្រោយ​ការបោះឆ្នោត​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មកហើយ។ ប៉ុន្តែ តើ​មាន​អ្វី​មក​ធានាថា គណបក្ស​ចាញ់ឆ្នោត​ពិតជា​សុខចិត្ត​ទទួលយក​លទ្ធផល​ដោយ​មិន​តវ៉ា​នោះ? នេះ​ជា​សំណួរ​ដែល​នៅតែ​ពិបាក​រក​ចម្លើយ។

ជាការ​ពិត វប្បធម៌«ឡាំប៉ា»ក្រោយ​ការបោះឆ្នោត​បានកើត​ឡើង​គ្មា​លស់​ពេល​ឡើយ​ចាប់ពី​ឆ្នាំ ១៩៩៣​​​​រហូតមក។ មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​អាច​ពន្យល់​ពី​ឫសគល់​នៃ​វប្បធម៌​នេះបាន៖

មូលហេតុ​ទី១ គឺ​មកពី​ការបាត់បង់​ទំនុកចិត្ត​ទៅលើ​អាជ្ញាកណ្តាល មានន័យថា យន្តការ​រៀបចំ​ការបោះ​ឆ្នោត​ត្រូវគេ​ជឿថា​អាចធ្វើ​ឲ្យ​លទ្ធផល​បោះឆ្នោត​ប្រែប្រួល​ខុសពី​ការពិត​បាន ។ នេះ​ហើយ​​ជាដើម​ចម​ដែល​ធ្វើ​ឲ្យ​គណបក្ស​ចាញ់ឆ្នោត​តែង​បដិសេធ​លទ្ធផល​ក្រោម​ហេតុផល​ថា​វា​គឺជា​លទ្ធផល​នៃ​ការ​លួច​បន្លំ​។

មូលហេតុ​ទី២ មកពី​ទម្លាប់​ធ្វើ​នយោបាយ​ដោយ​ខ្វះ​ភាពស្មោះត្រង់។ ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា អ្នកនយោបាយ​ខ្មែរ​តែង​ប្រើ​ល្បិចកល​គ្រប់បែបយ៉ាង​ដើម្បី​យកឈ្នះ​លើ​គូប្រកួត​បើទោះជា​ល្បិចកល​ខ្លះ​ពិសពុល​យ៉ាងខ្លាំង​ក៏ដោយ។ ទម្លាប់​នេះ​បានធ្វើ​ឲ្យ​អ្នកនយោបាយ​មិនដែល​ទុកចិត្ត​គ្នា​ម្តងណា​ទេ។ ការបាត់បង់​ទំនុកចិត្ត​គឺជា​ប្រភព​បញ្ហា​ធំធេង​ណាស់​សម្រាប់​ឆាកនយោបាយ​កម្ពុជា​ក្នុងនោះ​វា​ក៏​ជាដើម​ចម​នៃ​ការតវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​នេះដែរ។

មូលហេតុ​ទី៣ គឺ​មកពី​ផ្នត់គំនិត​អ្នកនយោបាយ​ខ្មែរ​ដែល​ចូលចិត្ត​ត្រៀម​យកតែ​ឈ្នះ​ហើយ​មិនដែល​ចេះ​ទទួលយក​លទ្ធផល​ចាញ់។ មូលហេតុ​ទាំងអស់នេះ​ពូត​ផ្តុំគ្នា​បង្កើតបាន​ជាវ​ប្ប​ធម៌«ឡាំប៉ា»យ៉ាង​ក្រាស់ឃ្មឹក​ក្នុង​ឆាកនយោបាយ​ពិបាក​លាងជម្រះ។ បច្ចុប្បន្ននេះ បើទោះជា​គណបក្សធំៗដែលជា​តំណាង​ឲ្យ​សំឡេងឆ្នោត​នៅក្នុង​រដ្ឋសភា​បាន​ព្រមព្រៀងគ្នា​បង្កើត​យន្តការ​រៀបចំ​បោះឆ្នោត​ថ្មី​ហើយក៏​ដោយ ក៏​គេ​នៅតែ​ពិបាក​សង្ឃឹម​ណាស់​ថា ការតវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​នឹង​ក្លាយជា​រឿង​អតីត​កាលនោះ។

ពិបាក​សង្ឃឹម​ដោយហេតុថា ផ្លូវ​នៅ​វែងឆ្ងាយ​ទៀត​ដែល​គណបក្ស​ទាំងពីរ​ត្រូវ​ឆ្លងកាត់​វិញ្ញាសា​សាកល្បង​ជាមួយគ្នា។ វប្បធម៌​សន្ទនា​ដែល​គណបក្សកាន់អំណាច និង បក្សប្រឆាំង​កំពុង​ពូន​ជ្រុំ​នៅពេលនេះ​ក៏​នៅ​ផុយស្រួយ​យ៉ាងខ្លាំង​ដែរ ហើយ​វា​តែងតែ​ប្រែប្រួល​តាម​កម្តៅ​នយោបាយ​ម្តង​ក្តៅ​ម្តង​ត្រជាក់​មិន​ទៀងទាត់។ ក្រៅពីនេះ អង្គការ​សង្គម​ស៊ីវិល​ក៏​កំពុង​រិះគន់​បទបញ្ញតិ្ត​មួយចំនួន​ដែល​គណបក្ស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​នេះដែរ។ បញ្ហា​ទាំងអស់នេះ អាច​ក្លាយ​ជា​ហេតុផល​សម្រាប់​ការតវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​នៅពេល​ក្រោយ​ក៏​ថា​បាន។

ដូច្នេះ ដើម្បី​លុបបំបាត់​វប្បធម៌​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត ជាបឋម អ្នកនយោបាយ​គណបក្ស​ធំៗទាំងពីរ​ត្រូវ​ផ្តល់​ទំនុកចិត្ត​ពិតប្រាកដ​ដល់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី។ ហើយ​យន្តការ​នេះ​ត្រូវ​ធ្វើការ​ក្នុង​បរិយាកាស​ឯករាជ្យ និង​តម្លាភាព។

ក្រៅពីនោះ  ការ​ហ៊ាន​ទទួលស្គាល់​ចំណុចខ្សោយ​របស់ខ្លួន ហើយ​ត្រៀម​ទទួលយក​លទ្ធផល​ស្របតាម​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់ឆ្នោត គឺជា​កត្តាចាំបាច់​មួយទៀត​ដើម្បី​លុបបំបាត់​ទម្លាប់​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត។ ប៉ុន្តែ គេ​ហាក់ដូចជា​នៅ​មិនទាន់​មើលឃើញ​នៅឡើយ​ថា​អ្នក​នយោបាយ​ខ្មែរ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួលយក​វប្បធម៌​នយោបាយ​ថ្មី​នេះ។

យ៉ាងណាក៏ដោយ គេ​គួរ​លើកទឹកចិត្ត​ឲ្យ​អ្នកនយោបាយ​បន្ត​ពូន​ជ្រុំ​វប្បធម៌​សន្ទនា​ដែល​ពួកគេ​កំពុង​បង្ហាញឡើង​នៅពេលនេះ។ ប្រសិនបើ​ពួកគេ​អាច​កសាង​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​កម្ពុជា​បាន​មែន​នោះ មេដឹកនាំ​គណបក្ស​ទាំងពីរ​នឹង​ក្លាយជា​អ្នកនយោបាយ​ខ្មែរ​ដ៏​ឆ្នើម​ក្នុង​ប្រវត្តិសាស្ត្រ​ជាមិនខាន។ ផ្ទុយទៅវិញ ប្រសិនបើ​វប្បធម៌​សន្ទនា​រលាយ​សាបសូន្យ​ទៅវិញ ហើយ​វប្បធម៌«ឡាំប៉ា»ក្រោយ​ការបោះឆ្នោត​នៅ​បន្ត​កើតមាន​ជាថ្មីទៀត​នោះ ប្រជាពលរដ្ឋ​ខ្មែរ​ប្រហែលជា​បាត់បង់​ជំនឿ​លើ​ការបោះឆ្នោត និង​ទៅលើ​អ្នកនយោបាយ​កាន់តែខ្លាំង​ជាក់​ជា​មិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ