លោក ហេង សួរ៖ «ប្រទេសទាំង៥ បានគាំទ្រដល់សេចក្តីថ្លែងការណ៍រួម ស្តីពីផែនទីបង្ហាញផ្លូវដែលស្នើឡើងដោយកម្ពុជាស្តីពីការតភ្ជាប់របបសោធននិវត្តន៍»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១៦
ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ឬ (CLMTV) នៅទីក្រុងសៀមរាបនាថ្ងៃអង្គារនេះ ប្រទេសកម្ពុជាបានផ្តោតសំខាន់ទៅលើបញ្ហាតំណភ្ជាប់របបសន្តិសុខសង្គមរបស់ពលករទេសន្តប្រវេសន៍ នៅពេលដែលពួកគេបំពេញការងារនៅតាមបណ្តាប្រទេសមួយចំនួននៃ CLMTV ដោយមិនបាត់បង់អតីតភាពការងារ នៅពេលចូលនិវត្តន៍។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារសង្ឃឹមថា ផែនទីបង្ហាញផ្លូវដែលផ្តួចផ្តើមឡើងដោយកម្ពុជា ធ្វើឲ្យប្រទេសទាំង៥ អាចឈានទៅដល់ការចេញសេចក្តីថ្លែងការណ៍រួមមួយនៅឆ្នាំ២០២១ ស្តីពីការបន្តនូវរបបសន្តិសុខសង្គមរបស់កម្លាំងពលកម្មរៀងៗខ្លួននៅពេលពលករវិលមកប្រទេសកំណើតពួកគេវិញ។