ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/11 12h00 GMT
កម្ពុជា

​សង្រ្គាម​ប៉ា​កការ​ផ្ទុះ​ឡើង ​ខណៈ​រដ្ឋា​ភិបាល​កម្ពុជា​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​២៣​តុលា ​និង​១០​ធ្នូ​

media  
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet

ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​អ្នក​វិយោគ ទី​បំផុត​រដ្ឋា​ភិបាល​កម្ពុជា បាន​សម្រេច​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំមួយ​ចំនួន​ចេញ​ពី​ប្រតិទិន​នៅ​ឆ្នាំ​២០២០​ខាង​មុខ ដោយ​នៅ​សល់​តែ​២២​ថ្ងៃ​ប៉ុណ្ណោះ។ ការ​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ទាំងនោះ ក៏​មាន​ដោយ​ទាំង​ថ្ងៃ២៣​តុលា ជា​ថ្ងៃ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​ថ្ងៃ១០​ធ្នូ​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ផងដែរ ។ ករណី​នេះ​បានធ្វើ​ឲ្យអ្នកប្រើប្រាស់​ហ្វេសប៊ុក ពិសេស​អ្នក​ធ្វើ​ការនៅអង្គការ​សង្គម​ស៊ីវិលក្នុង​ស្រុកជាច្រើន​នាំគ្នារិះគន់។ 

លោក អំ សំអាត ប្រធានផ្នែក​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៅអង្គការ​សិទ្ធិមនុស្ស​លីកាដូ បានសំដែង​ការ​សោក​ស្តាយ​ ដែល​រដ្ឋាភិបាល​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ​ដោយទាំង​ថ្ងៃ២៣តុលា ជាថ្ងៃចុះកិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស និង​ថ្ងៃ១០​ធ្នូ​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​។

បើ​តាម​មន្រ្តី​សិទ្ធិ​មនុស្ស​រូបនេះ ថ្ងៃ២៣តុលា និង​ថ្ងៃ​១០​ធ្នូ​ មាន​សារៈសំខាន់​ខ្លាំង​សម្រាប់កម្ពុជា​ទី២​ដែល​រស់​ឡើង​ដោយ​សារតែមាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ហើយ​ដែលបាន​តម្រូវឲ្យ​កម្ពុជា​គោរពសិទ្ធិ​មនុស្ស។

ចំណែក​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើនទៀត​ក៏បានរិះគន់​ផង​ដែរ​ ចំពោះ​ការ​លុប​ចោល​ថ្ងៃ២៣តុលា និង​ថ្ងៃ​១០​ធ្នូ​ ចេញ​ពី​ប្រតិទិន​ឈប់​សម្រាកនេះ។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​មួយ​ចំនួន​បែរ​ជា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​ថ្ងៃ​៧មករា ជា​ថ្ងៃ​ទិវា​ជ័យ​ជំនៈ​លើ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ទៅ​វិញ​។

សូមរំឭកថា ការ​លុប​ចោល​ថ្ងៃ​២៣តុលា ពីប្រតិទិន​ឈប់​សម្រាក​ប្រចាំឆ្នាំនេះ មិនមែនជាលើកទី១ទេ។ កាលឆ្នាំ២០០៥ រដ្ឋា​ភិបាល​កម្ពុជា​ក៏​លុប​ចោល​ថ្ងៃនេះរហូតមក។ លុះ​ដល់​ឆ្នាំ២០១២ ទើប​រដ្ឋាភិបាល​យល់​ព្រម​ដាក់​២៣តុលានេះ​មកជាថ្ងៃឈប់​សម្រាកវិញ ដោយអះអាង​ថា ដើម្បី​ឧទ្ទិស​ដល់​ព្រះវីរភាព​របស់​សម្តេច​ព្រះ នរោត្តម សីហនុ។

យ៉ាង​ណា​ក៏​ដោយ ប្រមុខ​រដ្ឋា​ភិបាល​ធ្លាប់​បាន​ថ្លែង​ថា ការ​កាត់​បន្ថយ​ថ្ងៃឈប់​សម្រាក​ប្រចាំឆ្នាំ​នេះ គឺជា​ការ​ឆ្លើយតប​នឹង​ការ​ទាម​ទារ​របស់​ភាគី​និយោជក និងអ្នកវិនិយោគ​ ដែល​តែងតែ​រអ៊ូរទាំថា កម្ពុជា​មានថ្ងៃ​ឈប់​សម្រាក​ច្រើន​ពេក​ធ្វើ​ឲ្យពួកគេពិបាករកស៊ី។

ផ្អែក​តាម​ការ​ស្រាវជ្រាវ សហរដ្ឋ​អាមេរិក​ដែល​មានថ្ងៃឈប់​សម្រាកតែ៨ថ្ងៃ​ក្នុងមួយឆ្នាំ គឺ​មិន​បាន​ដាក់​ថ្ងៃ១០ធ្នូ​ទៅ​ក្នុង​ប្រតិទិន​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ឡើយ ប៉ុន្តែ​នៅ​តាម​រដ្ឋ​សហព័ន្ធ​នីមួយៗ គេ​មាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ទៅ​តាម​សេចក្តី​ប្រកាស​របស់​ប្រធានា​ធិបតី​ជា​រៀង​រាល់​ឆ្នាំ​ស្រប​តាម​ការ​អនុម័ត​របស់​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ១៩៤៨។ ប៉ុន្តែ​ចិន​ជា​ប្រទេស​កុំមុយនីស្ត ក៏​រឹត​តែ​មិន​បាន​ចាត់​ទុក​ថ្ងៃ១០​ធ្នូ​ជា​ទិវា​សិទ្ធិ​មនុស្ស​ឡើយ ខណៈ​ប្រទេស​ចិន​មាន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​តែ​ចំនួន​៨ថ្ងៃ​ដូច​អាមេរិក​ដែរ​។ ចំណែក​ប្រទេស​បារាំង​ឯណោះ​វិញ គ្មាន​ទេ​ថ្ងៃ​ឈប់​សម្រាក​នៅ​ថ្ងៃទី១០ធ្នូ​ដែល​ជា​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ខណៈ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​របស់​បារាំង​មាន​រហូត​ដល់​២៥ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ