ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
កម្ពុជា

​រដ្ឋាភិបាល​កម្ពុជា​គ្រោង​ខ្ចី​​លុយ​បរទេស​ប្រមាណ ២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩​

media  
រូបិយវត្ថុរបស់​ចិន និង​ដុល្លារអាមេរិក។ FRED DUFOUR / AFP

គិត​ត្រឹម​ខែកញ្ញា ឆ្នាំ ២០១៨ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ជំពាក់​បំណុល​សាធារណៈ​ពី​បរទេស មាន​ទឹក​ប្រាក់​សរុប​ប្រមាណ ៦.៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​នៅ​ឆ្នាំ ២០១៩ រដ្ឋា​ភិបាល​កម្ពុជា គ្រោង​នឹង​ខ្ចី​ប្រាក់​ពី​ដៃ​គូ​អភិវឌ្ឍន៍​បរទេស ក្នុង​កម្រិត ១៤០០​លាន SDR ឬ ស្មើ​នឹង​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ថាន​ភាព​បំណុល​កម្ពុជា ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៩ ដែល​ទើប​ត្រូវ​បាន​គណៈ​រដ្ឋ​មន្រ្តី​កម្ពុជា សម្រេច​អនុម័ត នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី ២៦​ខែ​តុលា​នេះ​។ 

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ ២០១៩ បង្ហាញ​​ថា បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ជំពាក់​បរទេស​គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ ២០១៨ រួម​មាន ៤៨.៣​ភាគ​រយ បំណុល​ចិន, ២៩​ភាគ​រយ ជា​បំណុល​ទ្វេ​ភាគី​ផ្សេង​ទៀត, ៩.១​ភាគរយ ជា​បំណុល​ចាស់​ដែល​កំពុង​ចរចា​ដោះ​ស្រាយ, ៥.២ភាគរយ ជំពាក់​កូរ៉េ​ខាង​ត្បូង, ៤.៤ភាគរយ ជំពាក់​ជប៉ុន និង ៤​ភាគ​រយ ជា​បំណុល​ទ្វេ​ភាគី​។

ហើយ​នៅ​ឆ្នាំ ២០១៩​ខាង​មុខ រដ្ឋា​ភិបាល​កម្ពុជា ក៏​គ្រោង​កំណត់​ពិដាន​ក្នុង​ការ​ខ្ចី​ថ្មី ក្នុង​កម្រិត ១៤០០​លាន SDR ឬ គិត​ជា​ទំហំ​ទឹក​ប្រាក់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​។ ទំហំ​ទឹក​ប្រាក់​នេះ គឺ​ដើម្បី​ឲ្យ​រាជ​រដ្ឋាភិបាល​ អាច​ចុះ​ហត្ថលេខា​ខ្ចី​ប្រាក់​ពី​គេ​ បាន​ចំនួន ២៥​គម្រោង ក្នុង​ចំណោម​គម្រោង​សរុប ៣២​ដែល​មាន​លក្ខណៈសម្បត្តិ​រួច​រាល់​។

គម្រោង​ទាំង​នោះ ជា​គម្រោង​ដែល​បង្កើត​ឡើង​ក្នុង​គោល​ដៅ​ទ្រទ្រង់​ចីរ​ភាព​នៃ​កំណើន​សេដ្ឋកិច្ច​រយៈ​ពេល​មធ្យម និង​វែង ដើម្បី​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង និង​ផលិតភាព​សេដ្ឋកិច្ច ដែល​រួម​មាន​វិស័យ​ថាមពល ធារា​សាស្ត្រ ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត និង​វិស័យ​អាទិភាព​ផ្សេង​ទៀត តួ​យ៉ាង​វិស័យ​កសិកម្ម សុខាភិបាល ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត ហិរញ្ញវត្ថុ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​អប់រំ​។

រាជ​រដ្ឋាភិបាល បាន​បញ្ជាក់​ថា ការ​គ្រប់​គ្រង​បំណុល​សាធារណៈ គឺ​តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​គន្លឹះ​ចំនួន ៤ គឺ​ត្រូវ​ខ្ចី​ឥណទាន​ក្នុងទំហំ​សម​ស្រប ដែល​ស្ថាន​ភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំ​ទ្រ​បាន​។ ត្រូវ​ខ្ចី​តែ​ឥណទាន ដែល​មាន​កម្រិត​សម្បទាន ឬ លក្ខ​ខណ្ឌ​អនុ​គ្រោះ​ខ្ពស់​។ ត្រូវ​ខ្ចី​សម្រាប់​តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព​នៃកំណើន និង​វិស័​យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ ផលិតភាព​ផលិតកម្ម​។ និង​ត្រូវ​ប្រើ​ប្រាស់​ឥណ​ទាណ​ទាំង​នោះ ប្រកដ​ដោយ​តម្លាភាព គណ​នេយ្យភាព និង​ប្រសិទ្ធ​ភាព​ខ្ពស់​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ