ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/05 12h00 GMT

​វេទិកា​រ​វាង​រដ្ឋា​ភិបាល​និង​វិស័យ​ឯកជន​៖​ កម្ពុជា​ត្រៀម​ទប់​ទល់​នឹង​ការ​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​EBA​

​វេទិកា​រ​វាង​រដ្ឋា​ភិបាល​និង​វិស័យ​ឯកជន​៖​ កម្ពុជា​ត្រៀម​ទប់​ទល់​នឹង​ការ​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​EBA​ ទង់ជាតិកម្ពុជា (រូបតំណាង) @Internet

    ដូចការគ្រោងទុក​វេទិការវាង​រដ្ឋាភិបាលកម្ពុជា និង​វិស័យ​ឯកជន នៅឆ្នាំ​២០១៩ បានប្រព្រឹត្ត​ទៅតាម​ការ​គ្រោង​ទុក​កាលពី​ថ្ងៃទី២៩ ខែមីនា។ ក្នុង​ជំនួបជាមួយតំណាងវិស័យ​ឯកជន ឬ​ជំនួបទល់​មុខ​ជាមួយអ្នកជំនួញគ្រាក់ៗនេះ លោក ហ៊ុន សែន ​ប្រមុខ​រដ្ឋាភិបាល បានដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​ជាច្រើន​ក្នុងការលើកទឹកចិត្តឲ្យអ្នកវិនិយោគ​បន្ត​ការ​រកស៊ីនៅកម្ពុជា។ ការកាត់បន្ថយ​ថ្ងៃឈប់​សម្រាក​បុណ្យទាន ការ​បន្ថយថ្លៃសេវាកម្ម និង​​កាត់​បន្ថយ​ការ​ត្រួតពិនិត្យស្មុគស្មាញ​ចំពោះទំនិញរបស់កម្ពុជាក្នុងការនាំចេញគឺជាការរួមចំណែកមួយរបស់​រដ្ឋាភិបាល​ទៅឲ្យ​វិស័យឯកជន នៅគ្រាដែលពួកគេ​ប្រឈមមុខ​នឹងការបង់​ពន្ធលើ​ការនាំទំនិញគ្រប់​ប្រភេទ​ទៅកាន់ទីផ្សារ​អឺរ៉ុប​​។ សហភាពអឺរ៉ុប​ដែលកំពុង​ត្រួត​ពិនិត្យ​ពីដំណើរការ​ដក​ការអនុគ្រោះពន្ធដល់កម្ពុជាឬនិយាយដោយខ្លីគឺបញ្ហាEBA។ 

    តាមពិត​វេទិកា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វិស័យ​ឯកជន មិនមែនជារឿងថ្មីនោះទេ ដោយសារតែត្រូវបាន​រៀប​ចំឡើង​ជារៀង​រាល់ឆ្នាំ ដោយ​មិន​មាន​អ្វី​ប្លែកទេ។ ប៉ុន្តែ​ អ្វីដែល​ប្លែក​នៅឆ្នាំ២០១៩នេះ គឺ​វេទិកា​ទល់​មុខ​គ្នា​រវាង ប្រមុខ​រដ្ឋាភិបាល និងជាមួយតំណាង​វិស័យឯកជននិយាយជារួម ឬ​អ្នកជំនួញគ្រាក់ៗ សុទ្ធសឹងជាក្រុម​ថៅកែ និង​ឧកញ៉ាក៏មានផងនោះ លោក ហ៊ុន សែន បាន​ចាត់​ទុក​វេទិកា​នេះ​ថា​ជា«កាហ្វេ​ដ៍​ឆ្ងាញ់​នៅ​ទីនេះ តែ​ជា​ការ​បំពុល​នៅ​ខាង​ក្រៅ​»។

    ការ​បំពុល​នៅ​ខាង​ក្រៅ​ដែល​ត្រូវ​បានគេសំដៅ​ដល់​ការ​ឃោសនា​របស់​អតីត​គណបក្សប្រឆាំងថា រដ្ឋាភិ​បាលរបស់​លោក ហ៊ុន សែន ​កំពុង​ប្រឈមនឹង​«វិបត្តិ»។ «វិបត្តិ»ដែល​នឹងកើតឡើងនៅគ្រាដែល​សហភាព​អឺរ៉ុប​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​កម្ពុជា​ក្នុង​ការ​នាំ​ចេញ​ទំនិញ​គ្រប់​ប្រភេទ​ទៅ​លក់​នៅអឺរ៉ុបដែល​គេនិយម​​និយាយថាបញ្ហាEBA។ EBA ដែលត្រូវបាន​សហភាព​អឺរ៉ុប​ផ្តល់​ឲ្យ​កម្ពុជាប្រហែល២០ឆ្នាំមក​នោះ នៅក្រោម​លក្ខខណ្ឌ​​ចាំបាច់មួយចំនួន។ ជា​អាទិ៍​ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិកម្មករ និង​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ជា​ដើម ​។

    តែ​សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជា​ថ្មី​ម្តង​ទៀត​កម្ពុជា​មិន​ឱន​ក្បាល​រណប​បរទេស​ដោយ​ទទួល​យក​លក្ខ​ខណ្ឌ​ឬកង្វល់​របស់​អ្នក​ទាំង​នេះ​ទេ ខណៈ​ដែល​លោក​អះអាង​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​ហក់​ឡើង​លើស​ពី​ការ​រំពឹង​ទុក​។ ការ​រំពឹង​កាល​ពី​ឆ្នាំ​២០១៨​ត្រឹម​រង្វង់៧% ប៉ុន្តែ​ជាក់​ស្តែង​បាន​កើន​ដល់៧,៥% ដែល​កំណើន​នេះ គឺ​បាន​មក​ពី​ការ​វិនិយោគ​បរទេស និង​កំណើន​ផលិកម្ម​ក្នុង​ស្រុក​។ នេះ​ហើយ​ដែល​អ្នក​វិភាគ​មើល​ឃើញ​ថា ជា​ភស្តុតាង​មួយ ដែល​រដ្ឋា​ភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន មិន​ព្រម​ទទួល​នូវ​អ្វី​ដែល​សហភាព​អឺរ៉ុបទាមទារ គឺការ​ដោះលែង លោក កឹម សុខា និង​បើកលំហ​លំហូរ​ប្រជាធិបតេយ្យឡើងវិញ។

    ហេតុ​អ្វីបានជារដ្ឋាភិបាល​កម្ពុជា​មិន​ព្រម​បន្ទន់​ឥរិយាបថ ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​បន្ត​ពី​សហភាព អឺរ៉ុប ដែល​ក្នុង​មួយ​ឆ្នាំៗត្រូវបានគេគណនាថា កម្ពុជា​ចំណេញបានចន្លោះ«ពី៦០០ទៅ​៧០០លានដុល្លារ​»​អាមេរិកនោះ?

    ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​កំណែ​ទម្រង់​ជិត​២០​ចំណុច​សម្រាប់​វិស័យ​ឯកជន​ដែល​នឹង​ញាំង​ឲ្យ​ពួក​គេ​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ទង់​៤០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

    ជា​ការ​ប៉ះប៉ូវ​មកវិញ​លើ​ការ​​ថយ​ចុះ​នៃ​ប្រាក់​ចំណេញ​របស់​វិស័យឯកជន ​វិធានការ​ដែលរដ្ឋាភិបាលដាក់ចេញរួមមាន៖ កាត់​បន្ថយ​ថ្លៃ​អគ្គិសនី​ចំនួន​២សែន​ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​នៅ​ឆ្នាំ២០១៩ ហើយ​នឹង​ត្រូវ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​។ លើក​លែង​ពន្ធ​លើ​ប្រាក់​បំណាច់​អតីត​ភាព​ការងារ កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ទាន​ប្រចាំ​ឆ្នាំ ដោយ​លុប​ចោល​៧ថ្ងៃ​ចាប់ពី​ឆ្នាំ២០២០ ខណៈ​កម្ពុជា​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​តួ​យ៉ាង​សិង្ហបុរី​ដែល​មាន​ថ្ងៃ​ឈប់​សម្រាក​តែ​១១​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​។ ជា​ឧទាហរណ៍​នឹង​កាត់​បន្ថយ​បុណ្យ​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ​ចំនួន​៣ថ្ងៃ​ទុក​ដោយ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ ការកាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​៧ថ្ងៃ​ក្នុង​មួយឆ្នាំ ដែលបើតាមប្រមុខ​រដ្ឋាភិបាលខ្មែរ ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង ០,៥% បន្ថែមទៀត។ ក្រៅពីនោះក៏នៅមានដែរ កាត់បន្ថយភាពអសកម្មនានារបស់​មន្រ្តី បន្ថយ​ការ​ស្កេន​កុង​ទឺន័រ​ទំនិញ ការ​បញ្ចុះ​ថ្លៃលើ​ការ​ឆ្លង​កាត់​ទំនិញ​នៅ​កំពង់​ផែ និង​ថ្លៃ​ដឹក​ជញ្ជួន រួម​ទាំង​សេវា​មួយ​ចំនួន​ទៀត​។ ជា​សរុប​គេប៉ាន់​ស្មាន​ថា ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​សេវា​កម្ម​ទាំង​អស់​នេះ​ហើយ បាន​ជួយ​បង្កើន​ប្រាក់​ចំណេញ​ខ្ទង់៤០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដល់​វិស័យ​ឯកជន ធ្វើ​ឲ្យពួកគេ​មាន​លទ្ធភាព​បង់​ពន្ធលើ​មុខ​ទំនិញដែលនាំទៅ​លក់នៅទីផ្សារ​អឺរ៉ុប។

    ផ្អែក​លើការព្យាករទុកបែបនេះ បានធ្វើឲ្យរដ្ឋាភិបាល កាន់តែ​មាន​ទំនុកចិត្តថាបើសហភាព​អឺរ៉ុប​តម្រូវ​ឲ្យកម្ពុជាបង់ពន្ធលើទំនិញគ្រប់​ប្រភេទ​លើក​លែង​តែអាវុធឬEBAនោះ ក៏អ្នកវិនិយោគរបស់​កម្ពុជា អាចបង់ពន្ធបានដែរ។ តែថាកម្ពុជាមិនទទួលយកនូវការដាក់សម្ពាធពីបរទេសនោះទេ។

    បើទោះ​ជាបែប​នេះក្តី កម្ពុជានៅមានបញ្ហាប្រឈម​ជាច្រើន​ទៀត​លើ​វិស័យ​ជំនួញនេះ។ នោះគឺការប្រកួតប្រជែងជាមួយភូមា បង់ក្លាដែស និងវៀតណាម ដែល​នៅក្បែរខាងខ្មែរ ខណៈប្រទេសទាំងនេះ ក៏ផលិត​សម្លៀក​បំពាក់ដើម្បី​នាំចេញដូចកម្ពុជាដែរ តែថ្ងៃឈប់សម្រាក និងប្រាក់ខែកម្មករបស់គេនៅតិចជាងនៅកម្ពុជា។ នៅកម្ពុជា​ដែល​ថៅកែ​នាំគ្នា​ត្អូញត្អែរថា ប្រាក់ឈ្នួលអប្បរមារបស់​កម្មករក្នុងវិស័យកាត់ដេរហក់ឡើងលឿនពេក ខណៈផលិភាពរបស់កម្មករនៅមានកម្រិត៕


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

      ​គណ​បក្ស​កាន់​អំណាច​កាត់​ផ្ដាច់​មនោស​ញ្ចេត​នា ដើម្បី​រក្សា​ប្រជា​ប្រិយ​ភាព​?​

      ស្វែងយល់បន្ថែម

    • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

      ​ការ​លុប​បំបាត់​គ្រឿង​ញៀន ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម និង​ឆន្ទៈ​ពិត​ប្រាកដ​

      ស្វែងយល់បន្ថែម

    • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

      ​កម្ពុជា​ត្រូវ​អភិវឌ្ឍ​សមត្ថភាព​អ្នក​និពន្ធ ដើម្បី​ថែ​រក្សា​អ្នក​អាន​

      ស្វែងយល់បន្ថែម

    • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

      ​ការ​ឆ្លើយ​តប​ចំពោះ​កំណើន​ពលរដ្ឋ​ទៅ​ចាក់​ថ្នាំ​ក្រោយ​សត្វ​ឆ្កែ​ឬ​ឆ្មា​ខាំ​នៅ​មាន​កម្រិត​ ឆ្លុះ​បញ្ជាំង​ដូច​ម្តេច​ពី​វិស័យ​សុខាភិបាល​?​

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ