វេទិការវាងរដ្ឋាភិបាលនិងវិស័យឯកជន៖ កម្ពុជាត្រៀមទប់ទល់នឹងការផ្តាច់ការអនុគ្រោះពន្ធEBA
ចុះផ្សាយនៅថ្ងៃ៖
ដូចការគ្រោងទុកវេទិការវាងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន នៅឆ្នាំ២០១៩ បានប្រព្រឹត្តទៅតាមការគ្រោងទុកកាលពីថ្ងៃទី២៩ ខែមីនា។ ក្នុងជំនួបជាមួយតំណាងវិស័យឯកជន ឬជំនួបទល់មុខជាមួយអ្នកជំនួញគ្រាក់ៗនេះ លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចាំបាច់ជាច្រើនក្នុងការលើកទឹកចិត្តឲ្យអ្នកវិនិយោគបន្តការរកស៊ីនៅកម្ពុជា។ ការកាត់បន្ថយថ្ងៃឈប់សម្រាកបុណ្យទាន ការបន្ថយថ្លៃសេវាកម្ម និងកាត់បន្ថយការត្រួតពិនិត្យស្មុគស្មាញចំពោះទំនិញរបស់កម្ពុជាក្នុងការនាំចេញគឺជាការរួមចំណែកមួយរបស់រដ្ឋាភិបាលទៅឲ្យវិស័យឯកជន នៅគ្រាដែលពួកគេប្រឈមមុខនឹងការបង់ពន្ធលើការនាំទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារអឺរ៉ុប។ សហភាពអឺរ៉ុបដែលកំពុងត្រួតពិនិត្យពីដំណើរការដកការអនុគ្រោះពន្ធដល់កម្ពុជាឬនិយាយដោយខ្លីគឺបញ្ហាEBA។
តាមពិតវេទិការវាងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន មិនមែនជារឿងថ្មីនោះទេ ដោយសារតែត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមិនមានអ្វីប្លែកទេ។ ប៉ុន្តែ អ្វីដែលប្លែកនៅឆ្នាំ២០១៩នេះ គឺវេទិកាទល់មុខគ្នារវាង ប្រមុខរដ្ឋាភិបាល និងជាមួយតំណាងវិស័យឯកជននិយាយជារួម ឬអ្នកជំនួញគ្រាក់ៗ សុទ្ធសឹងជាក្រុមថៅកែ និងឧកញ៉ាក៏មានផងនោះ លោក ហ៊ុន សែន បានចាត់ទុកវេទិកានេះថាជា«កាហ្វេដ៍ឆ្ងាញ់នៅទីនេះ តែជាការបំពុលនៅខាងក្រៅ»។
ការបំពុលនៅខាងក្រៅដែលត្រូវបានគេសំដៅដល់ការឃោសនារបស់អតីតគណបក្សប្រឆាំងថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងប្រឈមនឹង«វិបត្តិ»។ «វិបត្តិ»ដែលនឹងកើតឡើងនៅគ្រាដែលសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់កម្ពុជាក្នុងការនាំចេញទំនិញគ្រប់ប្រភេទទៅលក់នៅអឺរ៉ុបដែលគេនិយមនិយាយថាបញ្ហាEBA។ EBA ដែលត្រូវបានសហភាពអឺរ៉ុបផ្តល់ឲ្យកម្ពុជាប្រហែល២០ឆ្នាំមកនោះ នៅក្រោមលក្ខខណ្ឌចាំបាច់មួយចំនួន។ ជាអាទិ៍ការគោរពសិទ្ធិមនុស្ស សិទ្ធិកម្មករ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាដើម ។
តែសម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាថ្មីម្តងទៀតកម្ពុជាមិនឱនក្បាលរណបបរទេសដោយទទួលយកលក្ខខណ្ឌឬកង្វល់របស់អ្នកទាំងនេះទេ ខណៈដែលលោកអះអាងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានហក់ឡើងលើសពីការរំពឹងទុក។ ការរំពឹងកាលពីឆ្នាំ២០១៨ត្រឹមរង្វង់៧% ប៉ុន្តែជាក់ស្តែងបានកើនដល់៧,៥% ដែលកំណើននេះ គឺបានមកពីការវិនិយោគបរទេស និងកំណើនផលិកម្មក្នុងស្រុក។ នេះហើយដែលអ្នកវិភាគមើលឃើញថា ជាភស្តុតាងមួយ ដែលរដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន មិនព្រមទទួលនូវអ្វីដែលសហភាពអឺរ៉ុបទាមទារ គឺការដោះលែង លោក កឹម សុខា និងបើកលំហលំហូរប្រជាធិបតេយ្យឡើងវិញ។
ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាមិនព្រមបន្ទន់ឥរិយាបថ ដើម្បីទទួលបានការអនុគ្រោះបន្តពីសហភាព អឺរ៉ុប ដែលក្នុងមួយឆ្នាំៗត្រូវបានគេគណនាថា កម្ពុជាចំណេញបានចន្លោះ«ពី៦០០ទៅ៧០០លានដុល្លារ»អាមេរិកនោះ?
ឆ្លើយតបនឹងបញ្ហានេះ លោក ហ៊ុន សែន បានដាក់ចេញនូវកំណែទម្រង់ជិត២០ចំណុចសម្រាប់វិស័យឯកជនដែលនឹងញាំងឲ្យពួកគេទទួលបានប្រាក់ចំណេញខ្ទង់៤០០លានដុល្លារក្នុងមួយឆ្នាំ។
ជាការប៉ះប៉ូវមកវិញលើការថយចុះនៃប្រាក់ចំណេញរបស់វិស័យឯកជន វិធានការដែលរដ្ឋាភិបាលដាក់ចេញរួមមាន៖ កាត់បន្ថយថ្លៃអគ្គិសនីចំនួន២សែនដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០១៩ ហើយនឹងត្រូវបន្ថែមទៀតនៅពេលខាងមុខ។ លើកលែងពន្ធលើប្រាក់បំណាច់អតីតភាពការងារ កាត់បន្ថយថ្ងៃឈប់សម្រាកបុណ្យទានប្រចាំឆ្នាំ ដោយលុបចោល៧ថ្ងៃចាប់ពីឆ្នាំ២០២០ ខណៈកម្ពុជាមានថ្ងៃឈប់សម្រាកច្រើនជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់តួយ៉ាងសិង្ហបុរីដែលមានថ្ងៃឈប់សម្រាកតែ១១ថ្ងៃក្នុងមួយឆ្នាំ។ ជាឧទាហរណ៍នឹងកាត់បន្ថយបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រចំនួន៣ថ្ងៃទុកដោយតែមួយថ្ងៃប៉ុណ្ណោះ។ ការកាត់បន្ថយថ្ងៃឈប់សម្រាក៧ថ្ងៃក្នុងមួយឆ្នាំ ដែលបើតាមប្រមុខរដ្ឋាភិបាលខ្មែរ ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង ០,៥% បន្ថែមទៀត។ ក្រៅពីនោះក៏នៅមានដែរ កាត់បន្ថយភាពអសកម្មនានារបស់មន្រ្តី បន្ថយការស្កេនកុងទឺន័រទំនិញ ការបញ្ចុះថ្លៃលើការឆ្លងកាត់ទំនិញនៅកំពង់ផែ និងថ្លៃដឹកជញ្ជួន រួមទាំងសេវាមួយចំនួនទៀត។ ជាសរុបគេប៉ាន់ស្មានថា ការកាត់បន្ថយការចំណាយលើសេវាកម្មទាំងអស់នេះហើយ បានជួយបង្កើនប្រាក់ចំណេញខ្ទង់៤០០លានដុល្លារក្នុងមួយឆ្នាំដល់វិស័យឯកជន ធ្វើឲ្យពួកគេមានលទ្ធភាពបង់ពន្ធលើមុខទំនិញដែលនាំទៅលក់នៅទីផ្សារអឺរ៉ុប។
ផ្អែកលើការព្យាករទុកបែបនេះ បានធ្វើឲ្យរដ្ឋាភិបាល កាន់តែមានទំនុកចិត្តថាបើសហភាពអឺរ៉ុបតម្រូវឲ្យកម្ពុជាបង់ពន្ធលើទំនិញគ្រប់ប្រភេទលើកលែងតែអាវុធឬEBAនោះ ក៏អ្នកវិនិយោគរបស់កម្ពុជា អាចបង់ពន្ធបានដែរ។ តែថាកម្ពុជាមិនទទួលយកនូវការដាក់សម្ពាធពីបរទេសនោះទេ។
បើទោះជាបែបនេះក្តី កម្ពុជានៅមានបញ្ហាប្រឈមជាច្រើនទៀតលើវិស័យជំនួញនេះ។ នោះគឺការប្រកួតប្រជែងជាមួយភូមា បង់ក្លាដែស និងវៀតណាម ដែលនៅក្បែរខាងខ្មែរ ខណៈប្រទេសទាំងនេះ ក៏ផលិតសម្លៀកបំពាក់ដើម្បីនាំចេញដូចកម្ពុជាដែរ តែថ្ងៃឈប់សម្រាក និងប្រាក់ខែកម្មករបស់គេនៅតិចជាងនៅកម្ពុជា។ នៅកម្ពុជាដែលថៅកែនាំគ្នាត្អូញត្អែរថា ប្រាក់ឈ្នួលអប្បរមារបស់កម្មករក្នុងវិស័យកាត់ដេរហក់ឡើងលឿនពេក ខណៈផលិភាពរបស់កម្មករនៅមានកម្រិត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ