អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ការ​លើក​ពេល​ជំនួប​រវាង​គណបក្ស​ទាំង​ពីរ ស្មើ​នឹង​ការ​លុប​ចោល​ការ​ចរចា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​មាន​ការ​ខកខាន​អស់​រយៈ​ពេល​ជិត ១​ឆ្នាំ ពន្លឺ​នៃ​ការ​ជួប​ចរចា​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​លេច​ឡើង​ដោយ​ស្រមោល​ផ្លុង​ៗ កាល​ពី​ដំណាច់​ខែ​ធ្នូ​ឆ្នាំ​ ២០១៦ កន្លង​មក។ ការ​មើល​ឃើញ​ពន្លឺ​ចរចា​ស្ទុង​ៗ​ឡើង​វិញ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ព្រះ​មហាក្សត្រ​ប្រោស​ព្រះ​រាជ​ទាន​លើក​លែង​ទោស​កាល​ពី​ថ្ងៃ​ទី​ ២ ធ្នូ ឆ្នាំ​២០១៦ តាម​ការ​ស្នើ​សុំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ ក៏​ប៉ុន្តែ​ការ​ព្រមាន​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ប្រការ ៤៨​ថ្មី អាច​ជា​សញ្ញា​រលត់​បាត់​ទៅ​វិញ​នៃ​ពន្លឺ​ជជែក​គ្នា​រវាង​គណបក្ស​ទាំង​ពីរ។

តើការលើកពេលជំនួបរវាងគណបក្សទាំងពីរ ស្មើនឹងការលុបចោលការចរចា?
តើការលើកពេលជំនួបរវាងគណបក្សទាំងពីរ ស្មើនឹងការលុបចោលការចរចា? RFI
ផ្សាយពាណិជ្ជកម្ម

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ចូល​ប្រជុំ​សភា​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ពុធ​ទី​ ៧​ធ្នូ ឆ្នាំ​២០១៦ ខណៈ​នោះ​ជា​ឱកាស​ដំបូង​ ដែល​លោក​បាន​ជួប​ជជែក​គ្នា​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​លោក ស ខេង ព្រម​ទាំង​ទទួល​បាន​ឋានៈ​ជា​ដៃគូ​សន្ទនា​កិច្ចការ​ប្រទេស​ជាតិ​ ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុម​នៃ​តំណាង​រាស្ត្រ​មតិ​ភាគ​តិច​ក្នុង​រដ្ឋសភា ជា​ដៃគូ​ពិភាក្សា​ផង​ដែរ​ជាមួយ​លោក ស ខេង។

ជា​ការ​កត់​សម្គាល់​វត្ត​មាន​លោក​កឹម សុខា ​នៅ​ក្រៅ​រង្វង់​ឃុំ​ខ្លួន ដោយ​ខ្លួន​ឯង​ក្នុង​បន្ទប់​ស្នាក់​ការ​គណបក្ស​អស់​រយៈ​ពេល​កន្លះ​ឆ្នាំ បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ជា​ទូទៅ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ដែល​បាន​ប្រទាក់​ក្រឡា​គ្នា​ដូច​សម្ល​កំពិស ដោយសារ​តែ​សំណុំ​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​របស់​លោក​កឹម សុខា ជាមួយ​នឹង​នាង​ខុម ចាន់​តារា​ទី ហៅ​ស្រី​មុំ។ អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងនោះ រួម​មាន​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ ៤​នាក់ អគ្គលេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ១​នាក់។ ហើយ​ត្រូវ​គេ​រំពឹង​ពី​ការ​ជជែក​រាល​ដាល​ដល់​អ្នក​ជាប់​ឃុំ​ដទៃ​ទៀត​ ដែល​ជា​សកម្មជន​គណបក្ស​ប្រឆាំង ប្រសិន​បើ​មាន​ការ​ជជែក​គ្នា។

ជាមួយ​គ្នា​នេះ ការ​ទន្ទឹង​រង​ចាំ​ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា បែរ​ជា​ចាំបាត់​ៗ ដែល​មក​ទល់​ពេល​នេះ គេ​មើល​ឃើញ​ចម្លើយ​ខ្លះ​ហើយ​ថា​មិន​អាច​ទៅ​រួច​ភ្លាម​ៗ​បាន​ទេ។ ការ​ដែល​មិន​អាច​ទៅ​រួច ក៏​ដោយសារ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ បាន​ផ្ទុះ​ឡើង​នូវ​ប្រតិកម្ម​ពី​គណបក្ស​កាន់​អំណាច ថា​គណបក្ស​ប្រឆាំង​បាន​ព្យាយាម​រុញ​គណបក្ស​កាន់​អំណាច​ឲ្យ​ផ្ទប់​ជញ្ជាំង តាម​រយៈ​ការ​លើក​ឡើង​នូវ​ប្រធាន​បទ​ចរចា ដែល​គណបក្ស​កាន់​អំណាច​មិន​អាច​ទទួល​យក​បាន។ ការ​ដោះលែង​អ្នក​ទោស និង​ការ​កែប្រែ​ច្បាប់​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បោះឆ្នោត​បាន ជា​របៀប​វារៈ​ ដែល​គណបក្ស​ប្រជាជន កំពុង​មាន​ប្រៀប​ជាង​មិន​សប្បាយ​ចិត្ត។

ច្បាស់​ជាង​នេះ​ទៅ​ទៀត​កាល​ពី​ម្សិល​មិញ​ខុទ្ទកាល័យ​លោក ស ខេង បាន​ធ្វើ​លិខិត​មួយ​ជា​ផ្លូ​វការ​ទៅ​កាន់​ខុទ្ទកាល័យ​លោក​កឹម សុខា ដែល​ក្នុង​លិខិត​នោះ​បញ្ជាក់​ថា​គម្រោង​ជួប​គ្នា​រវាង​ថ្នាក់​ដឹកនាំ​ដំណាង​រាស្ត្រ​គណបក្ស​ទាំង​ពីរ​កំណត់​នៅ​ថ្ងៃ​ទី​ ២៥ ខែ​មករា​ខាង​មុខ​នេះ ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ។

ការ​ចេញ​លិខិត​នេះ​គឺ​ ១​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ដែល​បាន​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ប្រទេស​ស្វីស​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថានឹ​ង​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ពី​ប្រការ​ ៤៨​ថ្មី​(បី) មក​ប្រការ​ ៤៨ថ្មី(ពីរ)វិញ។ ការ​ស្នើ​សុំ​ដូច្នេះ ធ្វើ​ឲ្យ​បាត់​បង់​តួនាទី​របស់​លោក​កឹម សុខា ជា​ប្រធាន​ក្រុម​មតិ​ភាគ​តិច និង​ប្រធាន​ក្រុម​ថ្នាក់​ដឹកនាំ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ។

តាម​រយៈ​របត់​នយោបាយ​ថ្មី​ៗ​ដូច្នេះ ធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ នឹង​មាន​ការ​ជួបគ្នា ជជែក​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ​ និង​ប្រជាជន​ទៀត​ដែរ​ឬ​ទេ? ជា​ការ​ពិត​ការ​ដែល​មិន​មាន​ការ​ជួប​ជជែក​គ្នា គឺ​ជា​ឥរិយាបទ​បែរ​ខ្នង​ដាក់​គ្នា​របស់​អ្នក​នយោបាយ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ឥរិយាបទ​បែប​នេះ ត្រូវ​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​កម្ពុជា​នានា គិត​ថា​នឹង​បង្ក​ជា​ភាព​ តាន​តឹង​ផ្នែក​នយោបាយ​ឡើង​វិញ ខណៈ​ដែល​ភាព​ធូរ​ស្រាល​មាន​អាយុ​កាល​ខ្លី​បំផុត។

ក្នុង​ស្ថាន​ភាព​ដូច្នេះ ចង់​មិន​ចង់​អាច​នឹង​មាន​ការ​ជាប់​គាំង​នយោបាយ​ជា​ថ្មី​ទៀត ហើយ​វាសនា​អ្នក​ជាប់​ពាក់​ព័ន្ធ ដែល​គេ​គិត​ថា​ជា​ជន​រង​គ្រោះ​ដោយ​អ្នក​នយោបាយ ដូច​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជា​ដើម នឹង​ស្ថិត​នៅ​ក្នុង​សភាព​មួយ​ងងឹត។ មួយ​វិញ​ទៀត ការ​ដែល​មិន​មាន​ការ​ជួប​ចរចា​គ្នា ដើម្បី​បន្ធូ​បន្ថយ​សភាពការណ៍​តាន​តឹង​ណាមួយ​ខាង​នយោបាយ វា​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ប្រជាពលរដ្ឋ​ផង​ដែរ​ទាំង​ការ​រស់​នៅ​និង​ការ​ប្រកប​អាជីវកម្ម ដែលភាព​សុខដុម​នីយកម្ម​របស់​អ្នក​នយោបាយ និង​ស្រុក​ទេស គឺ​ជា​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ។

ដូច្នេះ​នៅ​ក្នុង​ទិដ្ឋភាព​សង្គម ប្រសិន​បើ​អ្នក​នយោបាយ​ដក​ថយ​ម្នាក់​មួយ​ជំហ៊ាន វិល​ទៅ​រក​ការ​ជជែក​គ្នា ដោះស្រាយ​គ្នា​រាល់​ការ​មិន​យល់​គ្នា ជជែក​គ្នា​ពី​បញ្ហា​ជាតិ បញ្ហា​ខ្វះ​ការងារ​ធ្វើ ការ​រក​ទីផ្សារ​ជូន​កសិករ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត នោះ​គឺ​ជា​សំណាង​របស់​ប្រជាពលរដ្ឋ។ ក៏​ប៉ុន្តែ​ទិដ្ឋភាព​នយោបាយ​វិញ ទំនង​ជា​ភាគី​នីមួយៗ មិន​អាច​បង្ហាញ​នូវ​ជំហរ​ទន់​ជ្រាយ​បាន​ទេ ខណៈ​ដែល​ការ​បោះឆ្នោត​ធំ​ៗ នឹង​ខិត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ