ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
កម្ពុជា

គណៈប្រតិភូ​អឺរ៉ុប នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ខែ​ក្រោយ ដើម្បី​ស្វែង​យល់​ពី​ស្ថានការណ៍​ជាក់​ស្ដែង​នៅ​កម្ពុជា

media  
លោក​ស្រី ហ្វ៊េតដេរីកា មុកហ្គើរីនី (Federica Mogherini) នាយិការង​នៃ​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស @សហការី

គណៈប្រតិភូ​សហភាព​អឺរ៉ុប (EU) នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ក្នុង​អំឡុង​ខែ​មិថុនា​ខាង​មុខ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ ពី​កិច្ច​ព្រម​ព្រៀង ស្តី​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​លើក​លែង​តែ​អាវុធ (EBA) ។ ជា​កិច្ច​ព្រម​ព្រៀង​ដែល​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា ក្នុង​ការ​នាំ​ចេញ​ផលិត​ផល​ពី​កម្ពុជា​ទៅ​អឺរ៉ុប​ដោយ​មិន​យក​ពន្ធ។

ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សហភាព​អឺរ៉ុប មក​កាន់​ប្រទេស​កម្ពុជា​នៅ​ខែ​មិថុនា​ខាង​មុខ គឺ​ជា​ដំណើរ​ស្វែង​យល់​ការ​ពិត ពី​ស្ថានការណ៍​ជាក់​ស្តែង​នៅ​កម្ពុជា បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​និង​សេចក្តី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​ប្រឆាំង និង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ជា​ដើម។ ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រភូ​អឺរ៉ុប គឺ​ជា​មូលដ្ឋាន​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ ចំពោះ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​លើក​លែង​តែ​អាវុធ។ សហភាព​អឺរ៉ុប កំពុង​ធ្វើ​ការ​ពិចារណា​ឡើង​វិញ ចំពោះ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ក្រោយ​ពី​រដ្ឋសភា​និង​គណៈកម្មការ​អឺរ៉ុប កាល​ពី​ពេល​ថ្មីៗ​នេះ បាន​កំណត់​យុទ្ធសាស្រ្ត​មួយ​ចំនួន ដើម្បី​សង្គ្រោះ​គណបក្ស​ប្រឆាំង​ឡើង​វិញ តាម​រយៈ​បេសកកម្ម​ស្វែង​រក​ការ​ពិត​មួយ​នៅ​កម្ពុជា ក្នុង​ខែ​មិថុនា​ខាង​មុខ ហើយ​ចំណាត់​ការ​បន្ទាប់​នឹង​សម្រេច​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន លោក​ស្រី ហ្វ៊េតដេរីកា មុកហ្គើរីនី (Federica Mogherini) នាយិការង​នៃ​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស​បាន​លើក​ឡើង​ថា ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ គឺ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​សម្រាប់​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ខាង​ផ្នែក​ពាណិជ្ជកម្ម។ សហភាព​អឺរ៉ុប គឺ​ជា​ទី​ផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា សម្រាប់​ការ​នាំ​ចេញ​ផលិត​ផល​ក្នុង​ស្រុក​របស់​កម្ពុជា រួម​មាន សម្លៀក​បំពាក់ ស្បែក​ជើង កៅស៊ូ អង្ករ ស្ករស និង​ផលិតផល​កសិកម្ម ជា​ច្រើន​មុខ​ទៀត។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ថា នេះ​គឺ​ជា​ឱកាស​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​កា​រពន្យល់​ទៅ​ដល់​គណៈប្រតិភូ​អឺរ៉ុប អំពី​ស្ថានភាព​ពិត​នៅ​ក្នុង​ប្រទេស។ លោក ហេង សួរ រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ​បន្ត​ទៀត នោះ​បើ​ការ​សម្រេច​ចិត្ត​របស់​គណៈប្រតិភូ​អឺរ៉ុប ដោយ​មិន​អត្តនោម័ត​លើ​ភាព​ជាក់​ស្តែង​នៅ​កម្ពុជា និង​តំបន់។

សូម​បញ្ជាក់​ថា តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ សហភាព​អឺរ៉ុប បាន​ផ្តល់​ប្រព័ន្ធ​អនុគ្រោះពន្ធ​ដល់​កម្ពុជា ក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​ទាំង​អស់​លើក​លែង​តែ​អាវុធ។ ហើយ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ កម្ពុជា​ទទួល​បាន​ការ​មិន​យក​ពន្ធ ដោយ​សហភាព​អឺរ៉ុប ជិត​៧​រយ​លាន​ដុល្លារ​អាមេរិក កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប មាន​ចំនួន​ជាង​៧​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ