អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«​ជំងឺ​​ប្រជាធិបតេយ្យ​»​នៅ​​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​​រយៈពេល​​ជាង​២០​ឆ្នាំ​​មក​ហើយ​​ដែល​​ប្រទេស​​កម្ពុជា​​បាន​​ប្រកាន់​យក​​របប​​ប្រជាធិបតេយ្យ​​សេរី​​ពហុបក្ស​។ ​ពាក្យ​​ថា​«ប្រជាធិបតេយ្យ​​ឬ​​អ្នក​ប្រជាធិបតេយ្យ​»​បាន​​ក្លាយ​ជា​​ពាក្យ​​ពេញ​និយម​​កាន់​តែខ្លាំង​​ឡើង​​សម្រាប់​​ឆាក​នយោបាយ​​ប្រទេស​កម្ពុជា​។​ ពី​​ការ​បោះឆ្នោត​​មួយ​​ទៅ​មួយ​ គណបក្ស​នយោបាយ​​តែង​​លើក​យក​​ពាក្យ​​ប្រជាធិបតេយ្យ​​ដើម្បី​​ទាក់ទាញ​​ការ​គាំទ្រ​។ ​ប៉ុន្តែ​ អ្វី​ដែល​​គួរ​កត់​សម្គាល់​​នោះ​​គឺ ​គណបក្ស​​ដែល​​អះអាង​ថា​«​ប្រជាធិបតេយ្យ​»តែង​​ត្រូវ​បាន​​គណបក្ស​​ថ្មី​​មួយទៀត​​ចោទ​ថា​​មិន​​ប្រជាធិបតេយ្យ​។ ​តើ​​ហេតុអ្វី​​បាន​ជា​​ដូច្នេះ​?​

បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ធ្វើការ​តវ៉ា​នា​ពេល​កន្លង​មក​
បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ធ្វើការ​តវ៉ា​នា​ពេល​កន្លង​មក​ siv channa
ផ្សាយពាណិជ្ជកម្ម

រយៈពេល​ជាង២០ឆ្នាំ​ក្នុង​របត់​ប្រជាធិបតេយ្យ កម្ពុជា​ហាក់ដូចជា​នៅតែ​មិនទាន់​រកឃើញ«អ្នកប្រជាធិបតេយ្យ»ពិតប្រាកដ​បាន​នៅឡើយ។ នេះ​បើ​គេ​ពិនិត្យមើល​ចរន្ត​រ៍​នយោបាយ​ដែល​បានកើត​ឡើងជា​បន្តបន្ទាប់។ គេ​នៅ​ចាំបាន​ថា គណបក្ស​រាជានិយម ហ្វ៊ុនស៊ិនប៉ិច ដែល​កកើតឡើង​ពី​ចលនា​តស៊ូ​ជាយដែន​កាលពី​អំឡុង​ទសវត្សរ៍ ៨០ ក៏មាន​គោលដៅ​នាំយក​លទ្ធិប្រជាធិបតេយ្យ​មក​ឲ្យ​កម្ពុជា​ដែរ។

ក្រោយ​បាន​ឡើងកាន់​អំណាច​មិនបាន​ប៉ុន្មាន​ឆ្នាំ​ផង ក៏​ស្រាប់តែ​លេចចេញ​គណបក្ស​ថ្មី​មួយទៀត​ឈ្មោះថា​គណបក្ស​ជាតិខ្មែរ​ដែល​ក្រោយមក​បាន​ប្តូរ​ឈ្មោះ​ជា​គណបក្ស សម រង្ស៊ី។ គណបក្ស​នេះ​បាន​ក្លាយជា​ចលនា​ប្រឆាំង​ដ៏​ធំ​មួយ​ដែល​អះអាងថា​មានបំណង​នាំយក​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​មក​ឲ្យ​កម្ពុជា​បន្ទាប់ពី​លោក សម រង្ស៊ី ខកចិត្ត​ជាមួយ​គណបក្ស​ហ្វុនស៊ិនប៉ិច។ ក្រោយពី​គណបក្ស សម រង្ស៊ី រីក​ធំធាត់​គួរ​ឲ្យ​កត់សម្គាល់ ក៏​ស្រាប់តែ​លោក កឹម សុខា បានប្រកាស​បង្កើត​គណ​បក្ស​សិទ្ធិមនុស្ស​មួយទៀត។

គោលដៅ​របស់​គណបក្ស​សិទ្ធិមនុស្ស​ក៏​មិន​ខុសពី​គណបក្សមុនៗដែរ​គឺ​ចង់​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​ពីព្រោះ​គណបក្ស​នេះ​មើលឃើញថា គណបក្ស សម រង្ស៊ី ខ្វះ​លក្ខណៈ​ប្រជាធិបតេយ្យ​នៅ​ផ្ទៃក្នុង​បក្ស។ ទីបំផុត ដោយសារ​ស្ថានការណ៍​បង្ខំ លោក សម រង្ស៊ី និង​លោក កឹម សុខា ក៏បាន​ចាប់ដៃគ្នា​ហើយ​បង្កើតបាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីមុន​បោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១។ គោលការណ៍​សំខាន់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ក៏​ដូចគ្នា​ដែរ​គឺ​ប្រមូលផ្តុំ«អ្នក​ប្រជា​ធិ​តេ​យ្យ» និង«អ្នកស្នេហាជាតិ» ឲ្យ​មក​នៅក្រោម​ដំបូល​តែមួយ​ដើម្បី​ផ្តួល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គេ​ចោទថា«កុំ​ក្មុ​យ​និ​ស្ត»។

ចុងក្រោយ​នេះ​ក៏​ស្រាប់តែ​លេចចេញ​ចលនានយោបាយ​ថ្មី​មួយទៀត​ក្រោមរូបភាព​បណ្តាញ​សង្គម​ដែល​បង្កើតឡើង​ដោយ​ក្រុម​បណ្ឌិត បញ្ញវន្ត ធ្លាប់មាន​ឈ្មោះ​បោះ​សំឡេង​ក្នុងសង្គម​មួយចំនួន។ អ្នកបង្កើត​ចលនានយោបាយ​ថ្មី​នេះ​បាន​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស​នៅឡើយ​ហើយ​អះអាងថា​ចង់​កសាង​មូលដ្ឋានគ្រឹះ​ប្រជាធិបតេយ្យ​នៅឯ​មូលដ្ឋាន​ដើម្បី​បង្ហាញ​ជា​គំរូ។ ចំណែក​គណបក្សនយោបាយ​មួយចំនួនទៀត​ដែល​ធ្លាប់​បានធ្វើ​សកម្មភាព​រួចមកហើយ​ក៏មាន​គោលដៅ​នាំយក​ប្រជាធិបតេយ្យ​ឲ្យ​ស្រុក​ខ្មែរ​ដែរ។

ជាការ​ពិត ជាង​ម្ភៃ​ឆ្នាំ​បាន​កន្លងផុតទៅ ប្រជាជន​និង​ប្រទេស​កម្ពុជា​ហាក់ដូចជា​ស៊ាំ​នឹង​ពាក្យ​ថា​ប្រជាធិបតេយ្យ​ទៅហើយ ប៉ុន្តែ ក្នុង​ពិភព​នយោបាយ គេ​នៅតែ​មិនទាន់​រកឃើញថា​តើ​អ្នកណា​ជា​អ្នកប្រជាធិបតេយ្យ​ពិតប្រាកដ​នៅឡើយ។ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែលជា​ម្ចាស់ឆ្នោត​ជាពិសេស​អ្នកទទួល​រងគ្រោះ​ដោយ​អយុត្តិធម៌​សង្គមផ្សេងៗហាក់ដូចជា​កំពុងតែ​ស្ថិតក្នុង​សភាព​វិល​វុ​ល​យ៉ាងខ្លាំង​ក្នុងការ​ស្វែងរក«អ្នកប្រជាធិបតេយ្យ​ពិតប្រាកដ»។ នៅ​កម្ពុជា​ហាក់ដូចជា​សម្បូរ«អ្នកប្រជាធិបតេយ្យ»ណាស់​ពីព្រោះ​ស្ទើរតែ​គ្រប់​អ្នកនយោបាយ​សុទ្ធតែ​អួតខ្លួន​ថា​ជា​អ្នកប្រជាធិបតេយ្យ មិន​ចង់បាន​អំណាច និង​ចង់​នាំ​វប្បធម៌​ប្រជាធិបតេយ្យ​មក​ស្រុក​ខ្មែរ។

ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ឆ្ងល់​គឺ ហេតុអ្វី​បាន ជា«អ្នកប្រជាធិបតេយ្យ»ទាំងនោះ​មិនអាច​ចូលគ្នា​ចុះ? ចម្លើយ​ដំបូង​គេ​តប​នឹង​សំណួរ​នេះ​គឺ​មកពី​ជំងឺ«មុខមាត់​និយម»។ ជំងឺ​សង្គម​ខ្មែរ​មួយ​នេះ​ដែល​កើត​មាននៅ​គ្រប់​ទីកន្លែង​និង​ដែល​ពិបាក​ព្យាបាល​កំពុង​ធ្វើ​ឲ្យ​កើត​ជំងឺ​ប្រជាធិបតេយ្យ​មួយទៀត។ បន្ថែម​ពីលើ​នេះ នយោបាយ​ប្រជាភិថុតិ​ក៏​នៅតែមាន​ឥទ្ធិពល​ខ្លាំង​នៅឡើយ​ដែរ​ពោលគឺ​ជាតិ​ជា​អ្នកនយោបាយ​បើ​មិន​ពូកែ«ប្រូ»មិនអាច​រក​សំឡេងគាំទ្រ​បានទេ​ជាពិសេស​ក្នុង​បរិបទ​ដែល​ម្ចាស់ឆ្នោត​នៅមានកម្រិត​ការយល់ដឹង​ទាប​នៅឡើយ។

សរុប​មកវិញ វា​គួរតែ​ដល់ពេល​ហើយ​ដែល​កម្ពុជា​ត្រូវ​ព្យាបាល​ជំងឺ​ច្រើន​ប្រភេទ​ចេញពី​សង្គម​របស់ខ្លួន​ក្នុងនោះ​ក៏មាន​ប្រជាធិបតេយ្យ​ផងដែរ។ ដើម្បី​ព្យាបាល​ជំងឺ​ប្រជាធិបតេយ្យ មាន​កិច្ច​ការសំខាន់​ចំពោះមុខ​ពីរ​ដែល​ត្រូវធ្វើ​ដំណាលគ្នា៖ទី១ គឺ​អ្នក​ដែល​អះអាងថា​ជា​អ្នកប្រជាធិបតេយ្យ​ទាំងឡាយ​ត្រូវ​បង្ហាញ​គំរូ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ដល់​មហាជន​ខ្មែរ ហើយ​ត្រូវ​រួមគ្នា​សម្រេច​គោលដៅ និង​ទី២ វប្បធម៌​លាប​ពណ៌​គ្នា​គួរ​ត្រូវបាន​លុបបំបាត់។

ប្រសិនបើ​មិន​ដូច្នោះ​ទេ ពលរដ្ឋ​ខ្មែរ​ទំនងជា​ត្រូវ​បន្ត​វិល​វុ​ល​ក្នុង​ពិភព​ប្រជាធិបតេយ្យ​មិន​ពិតប្រាកដ​ក្នុង​រយៈពេល​យូរ​តទៅទៀត​ទម្រាំ​ដល់​ពេលដែល​ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​សម្គាល់​អ្នកប្រជាធិបតេយ្យ​ពិតប្រាកដ​ដោយ​ខ្លួនឯងបាន។ ការបន្ត​រស់​ត្រាំត្រែង​ក្នុង​ជំងឺ​ប្រជាធិបតេយ្យ​បែបនេះ​ធ្វើ​ឲ្យ​ពួកគេ​ស្គាល់​តែ​ការខកចិត្ត ខាតបង់​មិន​ខុសពី​មាន​ជំងឺ​ប្រចាំកាយ​ដែលជា​ប្រភព​នៃ​ភាពក្រីក្រ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ