អានតួអត្ថបទ
កម្ពុជា

តំណាង​សហគមន៍​បឹងកក់​អះអាង​ថា​ នឹង​នៅតែ​ធ្វើ​បាតុកម្ម​រយៈពេល​១​ខែ​លើ​ទីលាន​ប្រជាធិបតេយ្យ

តំណាង​សមាគន៍​ និង​សហគមន៍​ចំនួន​៤​ ដែល​គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល១ខែ​ បាន​អះអាងថា​ ពួកគេ​នឹង​នៅ​តែ​រក្សា​គម្រោង​ដដែល​ បើទោះបី​ជា​សាលា​រាជធានី​ភ្នំពេញ​ មិន​អនុញ្ញាតិ​ក៏ដោយ។ ​ការ​បញ្ជាក់​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​២​ថ្ងៃ​មុន​នឹង​ភាគី​ខាង​សាលាក្រុង​ និង​សហគមន៍​ជួប​ពិភាក្សា​គ្នា​ពី​បញ្ហា​នេះ​ នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​ក្រោយ។

សកម្មភាពអាជ្ញាធរ​ប្រើ​ឡានរបងដើម្បី​ការពារទីលាន​ប្រជាធិបតេយ្យ នៅ​រាជធានីភ្នំពេញ។
សកម្មភាពអាជ្ញាធរ​ប្រើ​ឡានរបងដើម្បី​ការពារទីលាន​ប្រជាធិបតេយ្យ នៅ​រាជធានីភ្នំពេញ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​ក្រោយ​នេះ​ សាលា​រាជធានី​ភ្នំពេញ​ និង​ជួប​ពិភាក្សា​ជាមួយ​និង​តំណាង​សមាគន៍ ​និង​សហគមន៍​ទាំង​៤ ​ពី​សេចក្តី​ជូន​ដំណឹង​ធ្វើ​បាតុកម្ម​រយៈ​ពេល១ខែ​ នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ ចាប់​ពី​ថ្ងៃ​ទី​ ២០ ​មករា​រហូត​ដល់​ថ្ងៃ​ទី​ ២០ ​កុម្ភៈ។

លោក​ឡុង ឌីម៉ង់​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា​ សាលា​រាជធានី​ភ្នំពេញ​នៅ​មិនទាន់​សម្រេច​យ៉ាងណា​នោះទេ ​ដោយ​រង់ចាំ​ការ​ពិភាក្សា​ជាមួយនិង​តំណាង​សហគមន៍​នៅ​ថ្ងៃ​ច័ន្ទ​ខាងមុខ​សិន​ និង​សួរ​ពី​មូល​ហេតុ​ដែល​ពួកគាត់​ចង់​ធ្វើ​បាតុកម្ម​ដែរ។ ​ប៉ុន្តែ​លោក​បន្តថា ​ដូចជា​មិនមាន​ច្បាប់​ណា​​អនុញ្ញាតិ​ឲ្យ​មាន​បាតុកម្ម​រយៈពេល​១ខែ​នោះ​ទេ​ ហើយ​ទីលាន​ប្រជាធិបតេយ្យ​ក៏​មិនមែន​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ឬ ក៏​ក្រុម​ណា​មួយ​នោះ​ដែរ។

តំណាង​សហគមន៍​បុរី​កីឡាសហគមន៍​ព្រលានយន្តហោះ​អន្តរជាតិ​សមាគម​ស្ត្រី​បឹងកក់​និង​បណ្តាញ​អតីត​ស្ត្រី​បឹងកក់ ​អ្នកស្រី​យ៉ោម ​បុប្ផា​បាន​បញ្ជាក់ថា​ នៅ​ថ្ងៃ​ច័ន្ទ​ខាងមុខ​នេះ ​តំណាង​សហគមន៍​នឹង​ទៅ​ពិភាក្សា​ជាមួយ​និង​សាលាក្រុង​ពី​បញ្ហា​នេះ។ ​ប៉ុន្តែ​អ្នក​ស្រី​អះអាង​ថា ​សហគមន៍​នឹង​នៅ​តែ​បន្ត​គំរោង​ធ្វើ​បាតុកម្ម​រយៈពេល១​ខែ​នេះ​ ដដែល​បើទោះ​បីជា​សាលាក្រុង​មិន​អនុញ្ញាតិ​ក៏ដោយ។

អ្នកស្រី​បន្តថា ​ការ​ធ្វើ​បាតុកម្ម​នេះ​គឺ​ត្រឹម​ត្រូវ​តាម​ច្បាប់ ព្រោះ​ទីលាន​ប្រជាធិបតេយ្យ​មិនមែន​ជា​កម្មសិទ្ធិ​របស់​អ្នកណា​ម្នាក់​ឡើយ​ ហើយ​បើ​សាលា​រាជធានី​មិន​អនុញ្ញាតិ​នោះ​គឺ​ត្រូវតែ​ដោះស្រាយ​បញ្ហា​ទាំងអស់​ជូន​ដល់​ប្រជាពលរដ្ឋ។

បញ្ហា​ចំនួន​បី​ដែល​ធ្វើ​ឲ្យ​សហគមន៍​សម្រេច​ធ្វើ​បាតុកម្ម​រយៈ​ពេល​មួយខែ​មាន​ដូចជា​៖ ​ទី១​ពួកគេ​ធ្វើ​បាតុកម្ម​រាល់ថ្ងៃ​គឺ​ដើម្បី​អំពាវនាវ​អោយ​រដ្ឋាភិបាល​ផ្តល់​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ជូន​អ្នកភូមិ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បុរីកីឡា​និងបឹងកក់។​ ទី២ ​ក្រុម​អ្នកភូមិ​ទាំងឡាយ​ទាមទារ​អោយ​ដោះលែង​សកម្មជន​ដីធ្លី​និង​សកម្មជន​ផ្សេង​ទៀត​ពី​ពន្ធ​ធានា​គារ​ព្រៃស​ជា​បន្ទាន់​។ ​និង​ទី៣​ ទាមទារ​អោយ​បញ្ចប់​ជម្លោះ​នយោបាយ​និង​ភាព​ច្របូក​ច្របល់​នៅក្នុង​សង្គម​កម្ពុជា។​ក្រុម​អ្នក​ភូមិ​មាន​ជម្លោះដីធ្លី​តាមរយៈ​សេចក្តីជូនដំណឹង​ដដែល​នេះ​បាន​បញ្ជាក់ថា​ពួកគេ​ធ្លាប់​ជឿថា​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ក្នុង​រដ្ឋសភា​នោះ​អំពើ​ហិង្សា​និង​ការ​ចាប់​សកម្មជន​នយោបាយ​នឹង​ត្រូវ​បញ្ចប់​ហើយ​គណបក្ស​ទាំងពីរ​នឹង​រួបរួមគ្នា​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន។

សូម​បញ្ជាក់​ថា​ កាល​ថ្ងៃទី​ ១២មករា​កន្លង​ទៅ​នេះ ​សមាគមន៍​ និង​សហគមន៍​ទាំង​៤​ខាងលើ​បាន​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ដាក់​សេចក្តី​ជូនដំណឹង​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ជា​រៀងរាល់ថ្ងៃ​ រយៈពេល​១ខែ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ 20​មករា​តទៅ។​ការ​ជូន​ដំណឹង​ដែល​ធ្វើឡើង​បន្ទាប់​ពី​ការ​ស្ងប់ស្ងាត់​មួយ​រយៈ​របស់​ក្រុម​អ្នក​តវ៉ា​ដែល​អះអាង​ថា​ផ្អាក​ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ