ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT
កម្ពុជា

មន្រ្តី​ជំនាញ៖ ចំនូន​ករណី​គ្រុនឈាម​កើន​ឡើង​នៅ​ដើម​ឆ្នាំ ២០១៥

media  
រូប​សំណាក​មូសខ្លា ដែល​ត្រូវ​បាន​តាំង​បង្ហាញ ក្នុង​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុនឈាម © ចាន់ណា/rfi

ចំនួន​ករណី​គ្រុន​ឈាម​នៅ​ដើម​ឆ្នាំ ២០១៥​ មាន​ការ​កើន​ឡើង បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៤។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជម្ងឺ​គ្រុនឈាម បាន​ថយ​ចុះ ពី ០.៧% មក​នៅ​ត្រឹម ០.៤% ពោល​គឺ​ថយ​ចុះ​ចំនួន​ ១ករណី។ នេះ​បើ​យោង​តាម​របាយការណ៍​តាម​ប្រព័ន្ធ​អង្កេត​តាម​ដាន​របស់​កម្មវិធី​ជាតិ ជំងឺ​គ្រុន​ឈាម​នៅ ២៧​សប្តាហ៏​ដំបូង នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុន​ចាញ់។

ជម្ងឺ​គ្រុន​ឈាម​នៅ​ដើម​ឆ្នាំ ២០១៥ នេះ​បាន​កើន​ឡើង​ចំនួន ១៩៨ ករណី ពោល​គឺ​ ១៤៤៣ ​ករណី ធៀប​ទៅ​នឹង​ឆ្នាំ ២០១៤ ដែល​មាន​ចំនួន ១២៤៥ករណី ។ ប៉ុន្តែ​ការ​កើន​ឡើង​ករណី​នៃ​ជម្ងឺ​គ្រុន​ឈាម​នៅ​ឆ្នាំ ២០១៥​ វា​នៅ​ទាប​ជាង នៅ​ឆ្នាំ ២០១១ ២០១២ និង ២០១៣ បើ​គិត​ក្នុង​រយៈពេល​ដូច​គ្នា។ នេះ​បើ​តាម របាយការណ៍​ជម្ងឺ​គ្រុន​ឈាម ២៧ សប្តាហ៍​ដំបូង ឆ្នាំ ២០១៥ នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្រ្ត បាណកសាស្រ្ត។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ករណី​ស្លាប់​ដោយសារ​ជម្ងឺ​គ្រុន​ឈាម ក្នុង​ឆ្នាំ ២០១៥ មាន ៩ករណី តិច​ជាង ឆ្នាំ ២០១៤ ដែល​មាន ១០ករណី។ លទ្ធផល​តិច​ជាង​មុន​នេះ ដោយសារ​តែ ការ​យល់​ដឹង​របស់​ប្រជាជន ពី​របៀប​ការពារ​ជម្ងឺ​គ្រុន​ឈាម កាន់​តែ​ទូលំ​ទូលាយ។
 
របាយការណ៍​ដដែល ក៏​បាន​បង្ហាញ​ថា ជម្ងឺ​គ្រុន​ឈាម នៅ ២៧​​ សប្តាហ៍ ដំបូង ឆ្នាំ ២០១៥ មាន​ប្រមាណ​ជា ២៧០០ ករណី ដែល​ក្នុង​នោះ ជាង ៨០% មាន​នៅ កំពង់ចាម សៀមរាប កណ្តាល ភ្នំពេញ បន្ទាយ​មាន​ជ័យ កំពង់​ធំ ព្រៃវែង និង កំពង់ស្ពឺ។
 
ពាក់ព័ន្ធ​នឹង​ចំណាត់ការ​ដើម្បី​ទប់ស្កាត់​ជម្ងឺ​គ្រុនឈាម លោក​វេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម បាន​ឲ្យ​ដឹង​ថា ក្រសួង​សុខាភិបាល បាន​ដាក់​ចេញ​នូវ​សកម្មភាព​ជា​បន្ត​បន្ទាប់។ ជាក់ស្តែង ក្រសួង បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព តាំង​ពី​មុន​ពេល​រដូវ​វស្សា​រហូត​ដល់​ផុត​រដូវ​វស្សា ដោយ​ភ្នាក់ងារ​អប់រំ​តាម​ខេត្ត បាន​ចុះ ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ​សំអាត​បរិស្ថាន កំទេច​ចោល​នូវ​ថ្លុក​ទឹក ក៏​ដូចជា​បំផ្លាញ​កំប៉ុង​សំបក​កង់​ឡាន ដែល​អាច​ជាប្រភព​នៃ​មូសខ្លា។
 
ទន្ទឹម​នឹង​នេះ ក្រសួង​ក៏​បាន​ចែក​ថ្នាំ​អាល់​ប៉ែត​តាំង​ពីខែ ឧសភា រហូត​ដល់​បច្ចុប្បន្ន នៅ​ទូទាំង​ប្រទេស និង​បាញ់​ថ្នាំ​សម្លាប់​មូស​សម្រាប់​តំបន់​មួយ​ចំនួន ដែល​មាន​មូស​ខ្លា​ច្រើន​ផង​ដែរ៕
 
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក កាលពីខែ ឧសភា ថ្មីៗនេះ បានបញ្ជាក់ថា ស្ថានភាពជម្ងឺគ្រុនឈាមនៅប្រទេសកម្ពុជា ស្ថិត​នៅក្នុងដំណាក់កាលដែលគ្រប់គ្រងបាន បើ​ប្រៀប​ធៀបនឹង​ប្រទេស​ជិតខាង​មួយ ចំនួន​ដូចជា ថៃ និង វៀតណាម នៅក្នុងរយៈពេលដូចគ្នា៕
 
អត្តបទដោយ៖ ចាន់ ជីវ៉ា

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ