អានតួអត្ថបទ
កម្ពុជា

ក្រសួង​វប្បធម៌​បញ្ចប់​អាជីព​សម្តែង​របស់​នាង​ដេនី ក្វាន់ រយៈ​ពេល ១​ឆ្នាំ​ជា​ផ្លូវ​ការ

អាច​ថា​ជា​លើក​ដំបូង​ក៏​ថា​បាន ដែល​ក្រសួង​វប្បធម៌​បាន​បង្ហាញ​នូវ​ស្នាដៃ​របស់​ខ្លួន​ពិត​ប្រាកដ តាម​រយៈ​ការ​ដាក់​ពិន័យ តារា​សម្តែង កញ្ញា ដេនី ក្វាន់ មិន​ឲ្យ​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ បន្ទាប់​ពី​មាន​ការ​សម្រេច​ពី​ក្រុម​ប្រឹក្សា​វិន័យ កាល​ពី​ចុង​សប្តាហ៍​មុន។ ការ​សម្រេច​របស់​ក្រសួង​វប្បធម៌​បែប​នេះ ធ្វើ​ឡើង បន្ទាប់​ពី​នាង ដេនី ក្វាន់ បន្ត​ផ្គើន​ថត​សម្តែង រូបភាព​បែប​សិចស៊ី ក្នុង​ចេតនា​ធ្វើ​ឲ្យ​ប្រាសចាក​នឹង​ប្រពៃណី​របស់​ខ្មែរ។

តារា​សម្តែងកញ្ញា​ដេនី ក្វាន់ ដែល​ត្រូវ​ក្រសួង​វប្បធម៌​បញ្ចប់​អាជីព​រយៈ​ពេល ១​ឆ្នាំ​។
តារា​សម្តែងកញ្ញា​ដេនី ក្វាន់ ដែល​ត្រូវ​ក្រសួង​វប្បធម៌​បញ្ចប់​អាជីព​រយៈ​ពេល ១​ឆ្នាំ​។ @Denny Kwan fb
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ផ្លូវ​ការ​របស់​ក្រសួងវ​ប្បធម៌​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​ទើប​តែ​ចេញ​ផ្សាយ​ជា​សាធារណៈ ក្រសួង​វប្បធម៌​បាន​លើក​ឡើង​ថា ផ្អែក​តាម​ស្មារតី​នៃ​អង្គប្រជុំ​របស់​ក្រុម​ប្រឹក្សា​វិន័យ និង​លើក​សរសើរ​ក្រមសីលធម៌​អ្នក​សិល្បៈ​កាល​ពី​សប្តាហ៍​មុន ក្រសួង​វប្បធម៌​បាន​សម្រេច​ដាក់​ពិន័យ​ផ្អាក តារា​សម្តែង កញ្ញា ដេនី ក្វាន់ មិន​ឲ្យ​ធ្វើ​សកម្មភាព​ពាក់​ព័ន្ធ​នឹង​វិស័យ​សិល្បៈ​គ្រប់​រូបភាព រួម​មាន ការ​សម្តែង ថត​ខ្សែ​ភាពយន្ត ខារ៉ាអូខេ ស្ពត ច្រៀង​បង្ហាញ​មុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ជា​ដើម​រយៈ​ពេល ១​ឆ្នាំ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២៥ ខែ​មេសា ឆ្នាំ ២០១៧ ដល់​ថ្ងៃ​ទី ២៤​ខែ​មេសា​ឆ្នាំ ២០១៨។

ក្រសួង​វប្បធម៌​បាន​លើក​ហេតុផល​មក​បង្ហាញ​ថា តារា​សម្តែង​នាង​ដេនី ក្វាន់ តែង​តែ​នៅ​បន្ត​ការ​ប្រើ​ប្រាស់សម្លៀក​បំពាក់​និង​ឥរិយាបថ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនៀម​ទំលាប់ ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ជាតិ តាម​បណ្តាញ​ព័ត៌មាន និង​ទី​សាធារណៈ បើ​ទោះ​បី​តារា​សម្តែង​រូប​នេះ ធ្លាប់​បាន​សន្យា​ជាមួយ​ក្រសួង​វប្បធម៌ កាល​ពី​ខែ​ឧសភា​ឆ្នាំ ២០១៦ កន្លង​ទៅ​ម្តង​រួច​ហើយ​ក្តី។
សូម​រំលឹក​ថា តារា​សម្តែង​នាង ដេនី ក្វាន់ តែង​តែ​ថត​រូប​បែប​សម្តែង​បង្ហាញ​ខ្លួន​ប្រាណ លិច​លើ​លិច​ក្រោម​ស្ទើរ​អាក្រាត និង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា ជា​ពិសេស​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ការ​ធ្វើ​បែប​នេះ ក៏​មាន​ផង​ដែរ​ទាំង​អ្នក​រិះគន់ និង​អ្នក​គាំទ្រ។ រិះគន់​ដោយ​សារ​តែ​ការ​សម្តែង​បែប​ស៊ិចស៊ី​ដូច្នេះ ជា​វប្បធម៌ ដែល​ហូរ​ចូល​ពី​បរទេស ផ្ទុយ​នឹង​ប្រពៃណី ទំនៀម​ទំលាប់​ខ្មែរ។

រីឯ​ការ​គាំទ្រ​វិញ គឺ​បាន​ធ្វើ​ឡើង​ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ​ខ្មែរ។ កន្លង​មក​មាន​តារា​សម្តែង​ស្ត្រី​ខ្មែរ​មួយ​ចំនួន​ដែល​បាន​សាក​ល្បង​បង្ហាញ​ភាព​ស៊ិច​ស៊ី ក៏​ប៉ុន្តែ​បាន​ស្ងប់​ទៅ​វិញ​បន្ទាប់​ពី​ទទួល​ស្គាល់​នូវ​កំហុស​របស់​ខ្លួន​ជា​សាធារណៈ។ ទោះ​យ៉ាង​ណា គេ​នៅ​រង់​ចាំ​មើល​ថា ចំណាត់​ការ​របស់​ក្រសួង​វប្បធម៌ មាន​ប្រសិទ្ធភាព​កំរិត​ណា ខណៈ​ដែល​តារា​សម្តែង ដេនី ក្វាន់ មិន​បាន​ចាប់​អារម្មណ៍​ពី​ការ​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ពី​ក្រសួង​សាមី​កន្លង​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ