អានតួអត្ថបទ
កម្ពុជា

ក្រសួង​សុខាភិបាល សម្រេច​ឲ្យ​ទន្ត​គិលានុ​បដ្ឋាក​បើក​បន្ទប់​ថែទាំ​មាត់​ធ្មេញ

ក្រសួង​សុខាភិបាល ចេញ​សេចក្តី​ប្រកាស​សម្រេច​ឲ្យ ទន្តគិលានុបដ្ឋាក (ជំនួយ​ការ​ពេទ្យ​ធ្មេញ) អាច​មាន​សិទ្ធ​បើក​បន្ទប់​ថែទាំ​មាត់​ធ្មេញ​បាន។ ការ​ប្រកាស​ដូច្នេះ ត្រូវ​បាន​ក្រសួង​សុខាភិបាល​អះអាង​ថា​យោង​តាម​តម្រូវ​ការ​ចាំបាច់​របស់​ក្រសួង។ យ៉ាង​ណា​ក៏​ដោយ ការ​ប្រកាស​នេះ ត្រូវ​បាន​រង​ការ​រិះគន់ ពី​សំណាក់ ទន្ត​បណ្ឌិត​មួយ​ចំនួន ដោយ​អះអាង​ថា វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ពេទ្យ​ធ្មេញ​នៅ​កម្ពុជា ក្នុង​ករណី​ដែល​ទន្ត​គិលានុបដ្ឋាក​មិន​គោរព​តាម​គោលការណ៍ ដែល​បាន​កំណត់​ដោយ​ក្រសួង​សុខាភិបាល។

ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​ទី ១៦ ខែ តុលា បាន​អនុញ្ញាត​ឲ្យ​ទន្តគិលានុបដ្ឋាក ដែល​សិក្សា​ត្រឹមតែ​រយៈ​ពេល​បី​ឆ្នាំ អាច​បើក​បន្ទប់​ថែទាំ​ជំងឺ​មាត់​ធ្មេញ​បាន ប៉ុន្តែ​ត្រូវ​តែ​មាន​ការ​ចុះ​ឈ្មោះ​ជា​សមាជិក​គណៈគិលានុបដ្ឋាក​ និង​គោរព​តាម​លក្ខខណ្ឌ ដែល​បាន​កំណត់។ សេចក្តី​ប្រកាស របស់​ក្រសួង​សុខាភិបាល​ដដែល បញ្ជាក់​ថា​លិខិត​អនុញ្ញាត​ច្បាប់​ជូន​ដល់​បន្ទប់​ថែទាំ​ជំងឺ​មាត់​ធ្មេញ នឹង​មាន​សុពល​ភាព​រយៈ​ពេល​បី​ឆ្នាំ​តែ​ប៉ុណ្ណោះ។

ជុំវិញ​បែបបទ​ និង​លក្ខខណ្ឌ​បច្ចេកទេស​ក្នុង​ការ​សុំ​បើក​/បិទ​ ឬ​ប្តូរ​ទីតាំង​បន្ទប់​ថែទាំ​ជំងឺ​មាត់​ធ្មេញ​ឯកជន ចុះ​ថ្ងៃ​ទី​ ១៦ ខែ​តុលា ឆ្នាំ​២០១៦ រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ឲ្យ​ដឹង​ថា ក្រសួង​សុខាភិបាល​បាន​កំណត់​ការងារ​សំខាន់​ៗ​មួយ​ចំនួន រួមមាន៖ ការ​ព្យាបាល​មាត់​ធ្មេញ​បន្ទាន់ ដើម្បី​កាត់​បន្ថយ​នូវ​ការ​ឈឺចាប់ ព្យាបាល​បន្ទាន់​នូវ​ការ​បង្ក​រោគ​ ឬ​គ្រោះថ្នាក់​ផ្នែក​មុខ មាត់ ធ្មេញ ឆ្អឹង​ថ្គាម ផ្តល់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដក​ចេញ​នូវ​ធ្មេញ ដែល​ពុក​ខ្លាំង កោស​សម្អាត និង​ព្យាបាល​ជំងឺ​អញ្ចាញ​ធ្មេញ​កម្រិត​ស្រាល។ ការ​ទប់​ស្កាត់​នូវ​បញ្ហា​ ដែល​កើត​មាន​ឡើង​នៅ​ពេល​ក្រោយ​ដកធ្មេញ ការ​បង្ក​រោគ​ដោយ​បញ្ហា​មាត់​ធ្មេញ និង​ចំណាត់​ការ​បញ្ជូន​នូវ​ករណី ដែល​ធ្ងន់ធ្ងរ និង​ស្មុគស្មាញ​ទៅ​កន្លែង​ដែល​មាន​ជំនាញ​ឯកទេស។

បន្ថែម​លើ​នេះ ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ទន្តគិលានុបដ្ឋាក​ត្រូវ​ធ្វើ​របាយការណ៍​អំពី​សកម្មភាព​ជំងឺ​រៀង​រាល់​ ៣​ខែ​ម្តង​មក​ក្រសួង​សុខាភិបាល តាម​រយៈ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ ឬ​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត។ ករណី​ដែល​មិន​គោរព​តាម​នោះ​ទេ មន្ទីរ​សុខាភិបាល រាជធានី ខេត្ត នឹង​ផ្អាក​សកម្មភាព​សេវា នឹង​ដក​យក​លិខិត​អនុញ្ញាតិ​វិញ។

ជា​ការ​កត់​សម្គាល់ ភ្លាមៗ​បន្ទាប់​ពី​សេចក្តី​ប្រកាស​នេះ អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​នេះ បាន​បង្ហោះ​សារ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដោយ​រិះគន់​ថា ទន្តគិលានុបដ្ឋាក​សិក្សា​តែ​ ៣​ឆ្នាំ អាច​បើក​បន្ទប់​ព្យាបាល​បាន ដូច្នេះ​និស្សិត​មិន​បាច់​រៀន​ទន្តបណ្ឌិត​ដល់​ទៅ​ ៧​ឆ្នាំ​នោះ​ទេ។ ជាមួយ​គ្នា​នេះ ពួកគេ​ក៏​បាន​រិះគន់​ផង​ថា បើក្រ​សួង​មិន​មានលទ្ធភាព​ក្នុង​ការ​ត្រួត​ពិនិត្យ​ឲ្យ​ទន្ត គិលានុបដ្ឋាក គោរព​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​នោះ​ទេ នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ពេទ្យ​ធ្មេញ​នៅ​កម្ពុជា ជាក់​ជា​មិន​ខាន៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ