ប៉ូលីសនៅភ្នំពេញជាងពាក់កណ្តាលនឹងដាក់ពង្រាយនៅជុំវិញតុលាការកំពូល ដើម្បីរារាំងការរំខានតុលាការរំលាយបក្សប្រឆាំង
នៅថ្ងៃស្អែកនេះ តុលាការកំពូលនឹងបើកសវនាការលើសំណុំរឿងរំលាយគណបក្សសង្រ្គោះជាតិ។ ចំពោះបញ្ហាសន្តិសុខ អាជ្ញាធរបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះថា កងកម្លាំងជាងពាក់កណ្តាលនៅក្នុងទីក្រុងភ្នំពេញនឹងដាក់ពង្រាយនៅជុំវិញបរិវេណតុលាការកំពូលនៅថ្ងៃស្អែកនេះ ដើម្បីទប់ស្កាត់កុំឲ្យមានការរំខានដល់តុលាការក្នុងការកាត់ក្តីរឿងរំលាយគណបក្សសង្រ្គោះជាតិ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០២
លោកគៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានគូសបញ្ជាក់ថា កងកម្លាំងរបស់អគ្គស្នងការនគរបាលក្រុងភ្នំពេញជាង៥០ភាគរយតែម្តងនឹងត្រូវដាក់ពង្រាយនៅជុំវិញតុលាការកំពូល។ ទោះជាបែបនេះក្តី លោកគៀត ច័ន្ទថារិទ្ធ មិនព្រមបង្ហាញឲ្យដឹងជាតួលេខទេថាតើមានចំនួនប៉ុន្មាននាក់នោះ។ ក្រៅពីដាក់ពង្រាយនៅជុំវិញតុលាការកំពូល អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិក៏បានប្រាប់ឲ្យដឹងដែរថា កងកម្លាំងជាង៥ម៉ឺននាក់នៅគ្រប់អង្គភាពទាំងអស់នៅទូទាំងប្រទេស ក៏ត្រូវបានបញ្ជាឲ្យប្រមូលផ្តុំនៅអង្គភាពរៀងៗខ្លួន ដើម្បីត្រៀមទប់ស្កាត់បាតុកម្មណាមួយរបស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ។
ថ្ងៃព្រហស្បតិ៍ទី១៦វិច្ឆិកា គឺជាថ្ងៃដែលតុលាការកំពូលនឹងត្រូវកំណត់ជោគវាសនាគណបក្សសង្រ្គោះជាតិថាតើត្រូវរស់បន្តឫក៏ត្រូវបាត់ខ្លួនពីឆាកនយោបាយកម្ពុជា។ គណបក្សប្រឆាំងត្រូវបានក្រសួងមហាផ្ទៃប្តឹងសុំរំលាយចោលដោយចោទថា ជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ។ ជាមួយគ្នានេះក្រសួងមហាផ្ទៃក៏បានស្នើឲ្យតុលាការកំពូលផ្អាកសកម្មភាពនយោបាយ៥ឆ្នាំចំពោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៧រូបថែមទៀត។
គណបក្សសង្រ្គោះជាតិមកដល់ពេលនេះ នៅតែមិនពឹងពាក់ក្រុមមេធាវីដើម្បីចូលទៅតតាំងក្តីនៅតុលាការកំពូលឡើយ។ បើតាមលោកមេធាវី សំ សុគង់ នេះគឺដោយសារតែគណបក្សសង្រ្គោះជាតិយល់ថា រឿងនេះជារឿងនយោបាយមិនមែនរឿងផ្លូវច្បាប់នោះទេ ដូច្នេះទុកឲ្យមានការដោះស្រាយតាមផ្លូវនយោបាយ។
បើទោះបីបក្សប្រឆាំងមិនព្រមតតាំងក្តីតាមផ្លូវច្បាប់ ប៉ុន្តែលោកស្រី មួរ សុខហួរដែលជាអនុប្រធានគណបក្សសង្រ្គោះជាតិពីក្រៅប្រទេសបានអំពាវនាវឲ្យអ្នកគាំទ្រគណបក្សប្រឆាំងប្រមូលផ្តុំគ្នានៅមុខតុលាការកំពូលថ្ងៃទី១៦វិច្ឆិកានេះ។ ជាការប្រមូលផ្តុំ ដើម្បីបង្ហាញឆន្ទៈរបស់ខ្លួនប្រឆាំងនីតិវិធីរបស់តុលាការកំពូល។ ក៏ប៉ុន្តែអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោកគៀត ច័ន្ទថារិទ្ធ បានអំពាវនាវតបទៅវិញកុំឲ្យពលរដ្ឋមកប្រមូលផ្តុំគ្នានៅមុខតុលាការ។ លោកគៀត ច័ន្ទថារិទ្ធ ព្រមានថា ការប្រមូលផ្តុំគ្នាដាក់សំពាធដល់តុលាការគឺជារឿងខុសច្បាប់ដែលប្រឈមនឹងការជាប់ទោសទណ្ឌ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ