អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទោះបី​មិន​ទាន់​ជំពាក់​គេ​វណ្ឌក តែ​បំណុល​អន្តរជាតិ​ត្រូវ​ចាត់​ចែង​ឲ្យ​មាន​តម្លាភាព!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​លើ​ពិភព​លោក​នេះ ស្ទើរ​តែ​គ្មាន​ប្រទេស​ណាមួយ​​ ដែល​មិន​ជំពាក់​បំណុល​គេ​នោះ​ទេ​។ ចំពោះ​កម្ពុជា គិត​ត្រឹម​រយៈ​ពេល​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ នេះ ប្រទេស​ខ្មែរ​ ជំពាក់​បំណុល​គេ ចំនួន​ជិត​ ៦​ពាន់​លាន​ដុល្លារ គឺ​ប្រហែល​ ១​ភាគ​៣ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ បើ​ធៀប​នឹង​រយៈ​ពេល​ ១០ឆ្នាំ​ចុង​ក្រោយ គឺ​ចំនួន​នេះ​ បាន​កើន​ឡើង​ទ្វេ​ដង ក៏​ប៉ុន្តែ​ចំពោះ​អ្នក​សេដ្ឋកិច្ច​ នៅ​តែ​អះអាង​ថា បំណុល​នេះ​ គឺ​នៅ​មិន​ទាន់​ដល់​ថ្នាក់​វណ្ឌ ក រើ​ខ្លួន​មិន​រួច​នោះ​ដែរ​។​ ទោះ​យ៉ាង​ណា​ក្តី បំណុល​បរទេស គឺ​បាន​ធ្វើ​ឲ្យ​ជាតិ​ស្គាល់​ការ​រីក​ចម្រើន ប៉ុន្តែ​គេ​ក៏ត្រូវ​តែ​ចាត់​ចែង​លុយ​នោះ ឲ្យ​មាន​តម្លាភាព​ផង​ដែរ។

តាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បង្ហាញថា ក្នុងចំណោមពលរដ្ឋកម្ពុជាប្រមាណជាង ១៥លាននាក់ គិតជាមធ្យម ក្នុងម្នាក់ៗ ជាប់បំណុលគេ ប្រហែលជិត ៣៧០ដុល្លារ រាប់តាំងពីក្មេងមកម្ល៉េះ។
តាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បង្ហាញថា ក្នុងចំណោមពលរដ្ឋកម្ពុជាប្រមាណជាង ១៥លាននាក់ គិតជាមធ្យម ក្នុងម្នាក់ៗ ជាប់បំណុលគេ ប្រហែលជិត ៣៧០ដុល្លារ រាប់តាំងពីក្មេងមកម្ល៉េះ។
ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ​ចេញ​ផ្សាយ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ គេ​អាច​មើល​ឃើញ​ច្បាស់​ថា ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​ ១៥​លាន​នាក់​ គិត​ជា​មធ្យម​ ក្នុង​ម្នាក់​ៗ ជាប់​បំណុល​គេ ​ប្រហែល​ជិត​ ៣៧០​ដុល្លារ ស្រេច​ទៅហើយ​ រាប់​តាំងពី​ក្មេង​មក​ម្ល៉េះ​។

គេក៏​ត្រូវ​យល់ផង​ថា​ កម្ពុជាពុំទាន់​មាន​លទ្ធភាពច្រើន​ អាច​ឲ្យ​សុំ​ខ្ចី​បំណុល​ពី​ទីផ្សារ​ភាគហ៊ុន​អន្តរជាតិបាន​នៅ​ឡើយ​ទេ ដែល​ត្រង់​នេះ ខុស​ពី​ប្រទេស​ជឿនលឿន​ដទៃ ដែល​ជំពាក់​បំណុល​គេ​ដែរ តែ​ពី​ផ្សារ​ភាគហ៊ុន​អន្តរជាតិ​។ ចំពោះ​កម្ពុជា គឺ​ត្រូវ​ខ្ចី​ត្រង់​ៗ​ពី​ប្រទេស​អ្នក​មាន​ៗ​តែ​ម្តង ដូច​ដែល​គេ​ឃើញ​កន្លង​មក ប្រទេស​ខ្មែរ​ខ្ចី​លុយ​ចិន រុស្ស៊ី អាមេរិក ជប៉ុន... ជាដើម​។

ការ​ខ្ចី​បុល​ពី​បរទេស ចំពោះ​រដ្ឋាភិបាល គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​កសាង​ស្រុក​ទេស​ ខណៈ​ដែល​ប្រទេស​ជាតិ​កំពុង​តែ​ខ្សត់​ខ្សោយ។ ចំពោះ​បំណុល​ទាំងឡាយ​ ដែល​កម្ពុជា​ខ្ចី​បរទេស​ ជា​ញឹកញយ គឺ​ត្រូវ​បាន​មន្ត្រី​សាធារណៈ​ពន្យល់​ថា វា​បាន​ចូលរួម​ចំណែក​ខ្លាំង​ណាស់​ ក្នុង​ការ​អភិវឌ្ឍ​​ជាតិ កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម សាងសង់អគារ​សាធារណៈ ធ្វើ​ស្ពាន ផ្លូវ​ថ្នល់ សាលារៀន មន្ទីរពេទ្យ ជាដើម​។ គឺ​ដូច​អ្វី​ដែល​គេបាន​ឃើញ​ការ​រីក​ចម្រើន​ជា​បណ្តើរ​ៗ​ស្រាប់​។ នេះហើយ​គឺ​ក៏​ជា​ផ្នែក​សំខាន់​ ដែល​បាន​មកពី​ការ​ខ្ចី​លុយប្រទេស​ដទៃ​ដែរ​។

ក៏​ប៉ុន្តែ​បើ​ទោះ​បី​ជា​មាន​ការ​ចម្រើន​ខ្លះ​ក៏​ដោយ ក៏​បញ្ហា​ខ្ចី​លុយ​គេ​នេះ គឺ​ត្រូវ​បាន​ក្លាយ​ជា​ចំណាប់​ខ្មាំង​ នៃ​ការ​វាយ​ប្រហារ​ពាក្យ​សម្តី​ចំពោះ​រដ្ឋាភិបាល និង​អ្នក​ដឹក​នាំ​រដ្ឋ ថា​ពេល​ខ្លះ បាន​ចាយ​លុយ​នោះ​ខ្ជះខ្ជាយ គ្មាន​ប្រសិទ្ធភាព និង​គ្មាន​តម្លាភាព។ បន្ថែម​ពី​នេះ កម្ចី​បុល​ពី​មហា​អំណាច​ ដូចជា ​ចិន គឺ​ត្រូវ​អ្នក​សង្កេតការណ៍​​មើល​ឃើញ​ថា បាន​ធ្វើ​ឲ្យ​កម្ពុជា​ផ្លាស់​ប្តូរ​នយោបាយ​អន្តរជាតិ ល្អៀង​ទៅ​ម្ចាស់​បំណុល ឬ​ម្ចាស់​ជំនួយ​។ ជាក់​ស្តែងទៀត​ កម្ចី​មួយ​ចំនួន​ពី​ចិន ដែល​មិនសូវ​គិត​ពី​លក្ខខណ្ឌ​ផង​នោះ​ ហើយ​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ដោយ​ភាគី​ចិនទៀត​ តែ​សំណង់​ទាំង​អស់​នោះ​ ត្រូវ​គេ​សង្កេត​ឃើញ​ថា ពុំសូវ​ជា​មាន​គុណភាព​។

ទោះ​បី​យ៉ាង​ណា​ក្តី ខណៈ​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​តែ​រក្សា​លំនឹង​ក្នុង​រង្វង់​អត្រា ៧ % ក្នុង​មួយ​ឆ្នាំ និង​បន្ត​ការ​កើន​ឡើង​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៧ ហើយ​ទំហំ​បំណុល​អន្តរជាតិ​ ទំហំ​ត្រឹម​ប៉ុន​ជិត​ ៦ពាន់​លានដុល្លារ​ ដូច​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​អ្នក​សេដ្ឋកិច្ច​ជា​ច្រើន​ពន្យល់​ថា មិន​ទាន់​ដល់​ដំណាក់​កាល​ជំពាក់​គេ​វ័ណ្ឌក​រើ​ខ្លួន​ដក​ដង្ហើម​មិន​រួច ឬ​មិន​ទាន់​ដល់​ពេល​ត្រូវ​ភ័យ​ប្រកាស​អាសន្ន ឬ​ក៏​គួរ​ឲ្យ​ភ័យ​ព្រួយ​បារម្ភ​ជ្រុល​ពេក​នោះដែរ​។ មិនទាន់​ដល់​ពេល​ត្រូវ​បារម្ភ​ជ្រុល ព្រោះ​ថា​ការ​​ខ្ចីបុល​ត្រង់ពី​ប្រទេស​នីមួយ​ៗ​ដូច្នេះ​ ​បំណុល​ខ្លះ ​អាច​នឹង​សុំ​លុប​ចោល​ទៅ​វិញ​បាន​ដោយ​ងាយ នៅ​ពេល​ដែល​ចរចា​ត្រូវ​រូវ​គ្នា។

យ៉ាង​ណា​ក៏​ដោយ​ចុះ ក្នុង​នាម​ជា​ប្រទេស​ឯករាជ្យ និង​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ថ្លៃថ្នូរ​ក្នុង​អតីតកាល​ ក៏​ត្រូវ​តែ​ត្រៀម​ខ្លួន​គិតគូរ​ និង​រៀប​ចំ​ផែន​ការ ថា​ពេល​ណា​អាចត្រូវ​​ឈប់​ខ្ចីគេ ហើយ​អាច​​ចេះ​រៀន​ដក​ដង្ហើម​រស់​ដោយ​ខ្លួន​ឯង​។​

មិន​តែ​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​ចេះ​តែ​ខ្ចី​បុល​គេ​មិន​ស្វាង ​ទាល់តែ​ខ្លួន​ឯង​ពង្រឹង​ការ​ចាយវាយ​ ដែល​កុំ​ឲ្យ​ធ្លុះ​ធ្លាយ​ខ្លាំង​ពេក​ ប៉ុន្តែត្រូវ​​តែ​ឲ្យ​មាន​​ប្រសិទ្ធភាព​នៃ​ចំណាយ និង​មាន​តម្លាភាព ​លុប​បំបាត់​អំពើ​ពុក​រលួយ ព្រម​ទាំង​ត្រូវ​ព្យាយាម​រក​ចំណូល​បន្ថែម​ដោយ​ខ្លួន​ឯង។ ចំណែក​ការ​ពង្រឹង​សំណាញ់​នៃ​​ការ​ប្រមូលពន្ធដារ​និង​ពន្ធ​គយ ក៏​ជារឿង​ចាំបាច់ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ