អានតួអត្ថបទ
កម្ពុជា-វប្បធម៌

សាលាក្រុង​ភ្នំពេញ​រៀបចំ​ការ​ប្រកួត​រចនាម៉ូត​របារកាត់​ទទឹង​ផ្លូវ ក្រោយ​រង​ការ​រិះគន់

សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស កាល​ពីថ្ងៃ​ម្សិលមិញ​ថា ខ្លួន​នឹង​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​រចនា​ម៉ូត​ខ្លោង​របារ​កាត់​ទទឹង​ផ្លូវ សម្រាប់​ដាក់​តាំង​បង្ហាញ​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក​នាពេលខាង​មុខ​នេះ។ ការ​រៀបចំ​ឲ្យមាន​ការ​ប្រកួត​ប្រជែង​រចនា​ខ្លោង​របារ​នេះ ធ្វើ​ឡើង​ដោយ​សារ​សាលាក្រុង​ភ្នំពេញ តែង​រងការ​រិះគន់​ស្ទើរ​រៀងរាល់​ឆ្នាំ​ចំពោះ​ការ​រចនា​ខ្លោងរបារ​កាត់​ទទឹង​ផ្លូវ ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក និង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី។​

ខ្លោងរបារ​គំរូ​របស់​សាលា​ក្រុង​ភ្នំពេញ​
ខ្លោងរបារ​គំរូ​របស់​សាលា​ក្រុង​ភ្នំពេញ​ រដ្ឋបាលរាជធានីភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

អភិបាលរាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នា​ថ្ងៃ​ទី១៤ ខែ​តុលា​នេះ​ថា ការរៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​រចនាម៉ូត​ខ្លោង​របារ​កាត់​ទទឹង​ផ្លូវ ដើម្បី​ដំឡើង​តាម​មហាវិថី​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ​នាឱកាស​ពិធីបុណ្យអុំទូក​ខាង​មុខ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​និស្សិត​ផ្នែក​រចនា​ទាំង​អស់ បញ្ចេញ​ស្នាដៃ​របស់​ខ្លួន ហើយ​ប្រសិន​បើ​ស្នាដៃ​មួយ​ណា​ទទួល​បាន​ការ​គាំទ្រ​ច្រើន នោះ​សាលាក្រុង​នឹង​យក​មក​រចនា​តាម​។​

លោក​បន្ត​ថា ការរៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​រចនា​ខ្លោងរបារ​នេះ ក៏​ធ្វើ​ឡើង​ដើម្បី​កុំ​ឲ្យ​មាន​ការរិះគន់​ពី​មហាជន​ផង​ដែរ​។ លោក​បញ្ជាក់​ថា រាល់​ការ​រចនា​ដែល​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​មហាជន សាលាក្រុង​នឹង​យក​មក​រចនា​តាម ហើយ​នឹង​ផ្តល់​រង្វាន់​ថវិកា ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ម្ចាស់​ជ័យលាភី។​ លោក​ក៏​អះអាង​ដែរ​ថា​សាលាក្រុង​ភ្នំពេញ​នឹង​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​បែប​នេះ សម្រាប់​ពិធី​បុណ្យ​ជាតិ​ផ្សេងៗ​ទៀត ដូច​ជាពិធី​បុណ្យចូល​ឆ្នាំថ្មី​ជា​ដើម ចាប់​ពី​ពេល​នេះ​តទៅ។

តាម​រយៈការ​ប្រកាស​របស់​សាលាក្រុង​ភ្នំពេញ ការ​ប្រកួត​រចនា​ម៉ូត​ខ្លោងរបារ​កាត់​ទទឹង​ផ្លូវ​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក ឆ្នាំ​២០១៨ នឹង​ទទួល​ស្នាដៃ​ប្រកួត​ប្រជែង​ចាប់ពី​ថ្ងៃទី១៣ រហូត​ដល់​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ​២០១៨​។

របារកាត់​ទទឹង​ផ្លូវ ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​គេ​តាម​រយៈការ​ចុច Like នឹង​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត និង​ដាក់​ដំឡើង​នៅ​តាម​ទីតាំង​ដែល​បាន​ត្រៀមទុក​ចំនួន​៤ទីតាំង រួមមាន៖ របារកាត់​ទទឹង​មហាវិថី​ព្រះនរោត្តម​មុខ​វិមាន​ឯករាជ្យ, របារកាត់​ទទឹង​មុខ​នាឡិកា​រមណីយដ្ឋាន​វត្ត​ភ្នំ, របារកាត់​ទទឹង​វិថី​ព្រះសីហនុ​ចំណុច​ខាង​លិច​រង្វង់​មូល​សម្ដេច​ជួនណាត និង​របារកាត់​ទទឹង​វិថី​ព្រះស៊ី​សុវត្ថិ។

សូម​ជម្រាប​ជូន​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក គឺជា​បុណ្យប្រពៃណី​ជាតិខ្មែរ ដែល​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​យូរលង់​ណាស់​មកហើយ។ ប៉ុន្តែ ចាប់តាំងពី​ឆ្នាំ២០១០ ឆ្នាំ​ដែលមាន​សោកនាដកម្ម​មនុស្ស​រត់​ជាន់គ្នា​ស្លាប់​ជាង៣០០នាក់​នៅ​ស្ពាន​កោះ​ពេជ្រ កម្ពុជា​បាន​ខកខាន​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ចំនួន៣លើក គឺ​នៅ​​ឆ្នាំ​២០១១ ​ឆ្នាំ​២០១២ ​និង​​ឆ្នាំ​២០១៣ ​ក្រោម​មូលហេតុផ្សេងៗគ្នា។ សម្រាប់​ឆ្នាំ២០១៨​នេះ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះព្រះ​ខែ អក​អំបុក នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពីថ្ងៃ​ទី២១, ២២, និង​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ