ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT
កម្ពុជា

​​សហ​ជីព​ធំៗ​នៅ​កម្ពុជា ​គ្រោង​​ជជែក​​ជាមួយ​​រដ្ឋា​​ភិបាល លើ​​វិសោធន​​កម្ម​​ច្បាប់​​ស្តី​ពី​សហ​ជីព​​

media  
កិច្ចប្រជុំនឹងគ្រោងធ្វើឡើងនៅឯសណ្ឋាគារ សាន់វេ ក្រុងភ្នំពេញ @hitchbird

ក្រុម​មេដឹក​នាំ​សហជីព​ធំៗ​មក​ពី​គ្រប់​និន្នាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា គ្រោង​នឹង​ជួប​ជជែក​ជាមួយ​ភាគី​រដ្ឋា​ភិបាល​កម្ពុជា នៅ​ថ្ងៃទី ២៥ ខែមេសា ស្អែក​នេះ ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី សហ​ជីព ក្រោយ​ពី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បើក​ភ្លើង​ខៀវ​។ តាម​ចំណា​របស់​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី មាន​មាត្រា​ចំនួន​១០ នឹង​ត្រូវ​ដាក់​ឲ្យ​ធ្វើ​វិសោធន​កម្ម ប៉ុន្តែ​មេដឹក​នាំ​សហជីព​ឯករាជ្យ​នៅ​កម្ពុជា​អះអាង​ថា នៅ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ​។ 

ក្រុម​មេដឹក​នាំ​សហជីព​ធំៗ មក​ពី​គ្រប់​និន្នាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ជួប​ប្រជុំ​គ្នា កាល​ពី​ថ្ងៃទី ២៣ មេសា ដើម្បី​រិះរក​គំនិត និង​អនុ​សាសន៍ ផ្តល់​យោបល់​ទៅ​កាន់​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​ឈាន​ទៅ​ធ្វើ​ការ​កែ​ប្រែ​ច្បាប់ ស្តីពី សហជីព ដែល​រដ្ឋា​ភិបាល​កម្ពុជា​បាន​ដាក់​ឲ្យ​អនុវត្ត​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ មក​។ ពួកគេ គ្រោង​នឹង​ចូល​រួម​ប្រជុំ​តស៊ូ​មតិ​ជា​ផ្លូវ​ការ​នេះ ជាមួយ​ភាគី​ក្រសួង​ការងារ​និង​ថៅ​កែ​រោង​ចក្រ នៅ​ថ្ងៃ​ទី ២៥ ខែមេសា ដែល​គ្រោង​ធ្វើ​នៅ​ឯ​សណ្ឋាគារ សាន់​វេ ក្នុង​ទីក្រុង​ភ្នំពេញ​។

បើ​ផ្អែក​តាម​សេចក្តី​ជូន​ដំណឹង​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ចុះ​ថ្ងៃទី ២៥ ខែកុម្ភៈ មាន​មាត្រា​ចំនួន ១០ ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​នេះ​។ ក្នុង​នោះ​រួម​មាន៖ មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ មាត្រា​៥៩ និង​ចំនុច​ប្រឈម​មួយ​ចំនួន​ទៀត​។ ប៉ុន្តែ​លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ថ្លែង​ថា ការ​កែរ​ប្រែ​មាត្រា​ទាំង​១០​ខាង​លើ​នេះ បាន​កាត់​បន្ថយ​ក្តី​កង្វល់​របស់​សហជីព​ត្រឹម​តែ​៧០​ភាគ​រយ​ប៉ុណ្ណោះ​។ បើ​តាម​លោក អាត់ ធន់ នៅ​មាន​មាត្រា​ពីរ​ឬ​បី​ទៀត​ ដែល​រដ្ឋា​ភិបាល​គួរ​ធ្វើ​វិសោធនកម្ម​ផង​ដែរ ដើម្បី​កាត់​បន្ថយ​ឧប​សគ្គ​ខ្លាំង ក្នុង​ការ​អនុវត្ត​សិទ្ធិ​របស់​សហ​ជីព​។ ក្នុង​នោះ​រួម​មាន​ មាត្រា​១៣ ដែល​បាន​ចែង​អំពី​សិទ្ធិ​នៃ​ការ​ធ្វើ​កូដ​កម្ម និង​មាត្រា​១៤ ដែល​និយាយ​ពី​ការ​បិទ​សហជីព និង​ការ​មិន​ទទួល​ស្គាល់​សហជីព​ជា​ដើម​។ បន្ថែម​លើ​នេះ រដ្ឋា​ភិបាល​គួរ​លុប​ចោល​តែ​ម្តង នូវ​មាត្រា ១៧ ស្តីពី ការ​រក្សា​បញ្ជិកា​របស់​សហ​ជីព​។ នេះ​បើ​តាម​លោក អាត់ ធន់​។

សូម​បញ្ជាក់​ថា ច្បាប់ ស្តីពី សហជីព ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ដាក់​ឲ្យ​ប្រើ​ប្រាស់​តាំង​ពី​ថ្ងៃ​ទី ១៧ ឧសភា ឆ្នាំ២០១៦​មក បាន​រង​ការ​រិះគន់​ថា គឺ​ជា​ច្បាប់​ដែល​មាន​លក្ខណៈ​រិត​ត្បិត​និង​កាត់​បន្ថយ​សិទ្ធិ​សេរីភាព​របស់​សហជីព​និង​កម្មករ​។ កន្លង​មក​ក្រុម​មេដឹក​នាំ​សហជីព​ធំៗ​នៅ​កម្ពុជា រួម​ជា​មួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ ឬ ILO បាន​ស្នើ​ឱ្យ​មាន​ការ​កែ​ប្រែ​ដែរ ប៉ុន្តែ​គ្មាន​ការ​កែ​ប្រែ​ឡើយ​។ យ៉ាង​ណា​ក៏​ដោយ រហូត​មក​ដល់​ចុង​ឆ្នាំ​២០១៨​កន្លង​ទៅ រដ្ឋា​ភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ផែន​ទី​បង្ហាញ​ផ្លូវ​របស់​ខ្លួន​ថា នឹង​មាន​ការ​កែប្រែ​មាត្រា​មួយ​ចំនួន​ឡើង​វិញ​។ បើ​តាម​លោក អាត់ ធន់ ប្រសិន​បើ​រដ្ឋា​ភិបាល​កម្ពុជា​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​មែន នោះ​នឹង​ធ្វើ​ឲ្យ​ច្បាប់​នេះ​ប្រសើរ​ជាង​មុន និង​ស្រប​តាម​ស្តង់​ដារ​អន្តរ​ជាតិ ហើយ​រក្សា​កេរ្តិ៍​ឈ្មោះ​កម្ពុជា ថា​ជា​ប្រទេស​ដែល​គោរព​សិទ្ធិ​ការងារ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ