ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/05 12h00 GMT
general

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ​ព្រមាន​ប្តឹង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ម្នាក់ ​ពី​បទ​ប្រមាថ​សព​លោក សុខ អាន​

media  
ទំព័រ​ហ្វេសបុក​ដែល​មាន​ម្ចាស់​គណនេយ្យ​ឈ្មោះ ​Vanna Hay​ ឬ​ហៃ វណ្ណា ​ដែល​រង​ការ​ព្រមាន​ប្តឹង​ពី​លោក ​ផៃ ស៊ីផាន​ មន្រ្តី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​ @Facebook

មន្ត្រី​ជាន់​ខ្ពស់​​រាជ​រដ្ឋាភិបាល​​កម្ពុជា​​លោក ​ផៃ ស៊ី​ផាន ​នៅ​​ថ្ងៃទី​១៩​មីនា​​នេះ ​បាន​ប្រកាស​​ប្តឹង​​អ្នក​គាំទ្រ​​គណបក្ស​ប្រឆាំង​​ម្នាក់ ​ពី​បទ​​ប្រមាថ​​សព​​លោក​​ឧបនាយក​រដ្ឋ​មន្ត្រី ​សុខ អាន ​រដ្ឋ​​មន្ត្រី​​​ទទួល​​បន្ទុក​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​។ ​ពាក្យ​បណ្តឹង​​អាច​​នឹង​ដាក់​​ទៅ​កាន់​​តុលាការ ​នៅ​​ថ្ងៃ​​ពុធ​​​សប្តាហ៍​​ក្រោយ ​ពោល​គឺ​​បន្ទាប់​ពី​​បញ្ចប់​​ពិធី​​បុណ្យ​សព​​លោក ​សុខ អាន​។ ​ទាក់​ទង​​នឹង​​ករណី​នេះ ​អ្នក​នាំ​ពាក្យ​​គណបក្ស​ប្រឆាំង ​លោក ​យឹម ​សុវណ្ណ ​បាន​​អះអាង​ថា ​គណបក្ស​​មិន​​មាន​​​គោល​ការណ៍​​ណែនាំ​​ឲ្យ​​អ្នក​គាំទ្រ​​របស់​ខ្លួន​​ប្រមាថ​​ទៅ​លើ​​ឥស្សរជន​​ណា​មួយ​​នោះ​ទេ​។ ​

លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​បានប្រកាស​ប្តឹង​បុគ្គល​ម្នាក់​ឈ្មោះ ហៃ វណ្ណា (Vanna Hay) ដែល​គេ​ដឹងថា ជា​អ្នកគាំទ្រ​គណបក្សប្រឆាំង​ដ៏​ងុប​ង​ល់​ម្នាក់ កំពុង​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ជប៉ុន។ ពាក្យបណ្តឹង​របស់លោក ផៃ ស៊ី​ផាន អាច​នឹងដាក់​ទៅកាន់​តុលាការ​នៅត្រឹម​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយនេះ ពីបទ​ប្រមាថ​ជា​សាធារណៈ និង​បរិហា​កេរ្តិ៍។

 
លោក ផៃ ស៊ី​ផាន ដែលជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ផង​នោះ បាន​ប្តឹង​បុគ្គល​ឈ្មោះ ហៃ វណ្ណា គឺ​បន្ទាប់ពី​បុគ្គល​រូបនេះ បាន​សរសេរ​សារ​ប្រមាថ​សព​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន នៅលើ​បណ្តាញ​សង្គម Facebook ដោយ​ភ្ជាប់​នឹង​រូបភាព​ជាមួយនឹង​សំណេរ​ជា​ភាសា​អង់គ្លេស (R.I.H = Rest In Hell) ដែល​មានន័យថា “សូម​ឲ្យ​លោក សុខ អាន ទៅកាន់​ឋាន​នរក។ សម្រាប់​លោក ផៃ ស៊ី​ផាន នេះ​គឺជា​ការប្រមាថ​ធ្ងន់ធ្ងរ​មកលើ​ឥស្សរជន​ម្នាក់ ដែល​មន្ត្រី​រាជ​ការ​​រប​ស់លោក​បាន​ចាត់ទុកថា គឺជា​វីរៈជន។
 
ទាក់ទង​នឹង​ការប្រមាថ​សព​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន នេះដែរ កាលពី​ថ្ងៃទី១៨មីនា មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ពីររូប គឺ​លោក លិ​ម គិ​ម​យ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ និង​លោក ហ៊ីង យឿន ដែលមាន​នាទី​ជា​អគ្គលេខាធិការរង​ព្រឹទ្ធសភា ទើបតែ​បាន​សរសេរ​លិខិត​សុំទោស​គ្រួសារ​សព​លោក សុខ អាន ចំនួន២ច្បាប់ បន្ទាប់ពី​ការ​បែកធ្លាយ​កិច្ចសន្ទនា​របស់លោក​ទាំ​ង​ពីរ​តាម​ទូរ​សព្ទ ដោយ​ម្ចាស់​គណនេយ្យ​ហ្វេ​ស​បុក​ឈ្មោះ សីហា ថា​បាន​ប្រមាថ​​ទៅលើ​ការស្លាប់​របស់លោក សុខ អាន។
 
លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចោទ​ជា​សំណួរ​ថា តើ​នេះ​គឺជា​យុទ្ធនាការ​របស់​គណបក្ស​ប្រឆាំង​ក្នុងការ​ប្រមាថ​មកលើ​ស​ព​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន​ឬ? ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្សប្រឆាំង លោក យឹម សុវណ្ណ បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​នេះ។ លោក យឹម សុវណ្ណ បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​គោលការណ៍​ណែនាំ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន វាយប្រហារ ឬ​ប្រមាថ​ទៅលើ​ឥស្សរជន​ណាមួយ​នោះទេ ហើយ​គណបក្សប្រឆាំង ក៏​រឹតតែ​មិនអាច​គ្រប់គ្រង​ទៅលើ​ការបញ្ចេញមតិ​របស់​អ្នក​គាំទ្រ​​របស់ខ្លួន​នៅ​គ្រប់ទិសទី​នោះទេ។
 
គួរ​រំលឹក​ជូន​ថា លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា​ព្រះរាជទាន​គោរមងារ​ជា “សម្តេច​វិបុល​បញ្ញា” បានទទួល​មរណភាព កាលពី​ថ្ងៃទី១៥ មីនា នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ក្នុង​ជន្មាយុ៦៦ឆ្នាំ ដោយ​រោគាពាធ។ សព​របស់លោក​ត្រូវបានធ្វើ​ពិធី​បូជា​នៅមុខ​វត្ត​បុ​ទុម​វ​ត្តី​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៩មីនា​នេះ បន្ទាប់ពី​តម្កល់ទុក​ធ្វើបុណ្យ​អស់​រយៈពេល៤ថ្ងៃ៕
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ