អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ផ្តើម​មាន​កូន​រដូវ​ប្រាំង​រយៈ​ពេល​ខ្លី ​ក្រោយ​ពី​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់

កម្ពុជា​​ផ្តើម​​មាន​កូន​​រដូវ​ប្រាំង​រ​យៈ​ពេល​​ខ្លី ​ចាប់​ពី​​ថ្ងៃ​នេះ ​រហូត​ដល់​​ថ្ងៃទី ​៩ ​ខែ​សីហា ​ឆ្នាំ​២០១៧​។ ​កូន​​រដូវ​ប្រាំង​​នេះ ​នឹង​ធ្វើ​​ឲ្យ​​រាជធានី​ភ្នំពេញ ​និង​​ខេត្ត​​ក្រុង​​ចំនួន​៥​ទៀត​​ស្ថិត​នៅ​​ភាគ​​និរតី ​រង​ផល​ប៉ះពាល់​។ ​ប្រឈម​​នឹង​​បញ្ហា​​រយៈ​ពេល​​ខ្លី​​នេះ ​ក្រសួង​​ធនធានទឹក ​និង​​ឧ​ត្តុ​និយម ​បាន​ចេញ​​សេចក្តី​​ជូន​​ដំណឹង​មួយ ​ដោយ​​អំពាវនាវ​​ឲ្យ​​ប្រជាពលរដ្ឋ​នៅ​ក្នុង​​ខេត្ត​​ក្រុង​​ទាំង​នោះ​​រក្សា​ទឹក​​ទុក​​ឲ្យ​​បាន​ល្អ ​ជា​ពិសេស​​គឺ​​កសិករ​។ ​ការ​កើត​​មាន​នូវ​​កូន​​រដូវ​ប្រាំង​​ក្នុង​​រដូវ​វស្សា​​ឆ្នាំ​នេះ ​គឺ​​បន្ទាប់​ពី​​កម្ពុជា​​ទទួល​រង​​គ្រោះ​ទឹក​ជំនន់​​ដោយ​​ទឹកភ្លៀង​​នា​​សប្តាហ៍​​នេះ ​ដែល​​បណ្តាល​​ឲ្យ​​មនុស្ស​​ពីរ​​នាក់​​ស្លាប់បា​ត់​​បង់ជីវិត ​និង​​លិច​លង់​​ផ្ទះ​សំបែង​​និង​​ដំណាំ​​ប្រជាពលរដ្ឋ​​រាប់​រយ​​ហិច​តា​។  

កំពស់ទឹកកើនឡើងខ្ពស់ ឈានដល់កម្រិតប្រកាសអាសន្ន នៅខេត្តព្រះវិហារ
កំពស់ទឹកកើនឡើងខ្ពស់ ឈានដល់កម្រិតប្រកាសអាសន្ន នៅខេត្តព្រះវិហារ
ផ្សាយពាណិជ្ជកម្ម

ផ្អែក​​តាម​​សេចក្តី​ជូន​ដំណឹង​​របស់​​ក្រសួង​​ធនធាន​ទឹក ​និង ​ឧ​ត្តុ​និយម​​កម្ពុជា ​ចុះ​​ថ្ងៃទី ​២៨ ​កក្កដា ​ថា ​បន្ទាប់ពី​ព្យុះ​ទី៨ឈ្មោះ “សុន​កា” បាន​បន្ថយឥទ្ធិពល​ទៅ ព្យុះ​ថ្មី​មួយទៀត ដែល​មាន​​ឈ្មោះថា “នេសាទ” នឹងមាន​ឥទ្ធិពល​មកលើ​កម្ពុជា​វិញ​ម្តង។ ព្យុះ​ទី៩ដែល​នាំ​មក​​​នូវ​​ខ្យល់មូសុង​និរតី ហើយ​ដែល​កំពុង​កើតឡើង​នៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នោះ​ នឹង​​ធ្វើ​ប្រទេស​កម្ពុជា​កើតមាន​នូវ​កូន​រដូវប្រាំង​រយៈពេល​ខ្លី គឺ​ចាប់ពី​ថ្ងៃទី ២៩ ខែកក្កដា​​នេះ​​តទៅ រហូតដល់​ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៧។

តាមរយៈ​សេចក្តីជូនដំណឹង​នេះ ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ក្រុង​ចំនួន៥ទៀត រួមមាន ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ និង​ខេត្តកណ្ដាល ឲ្យ​រក្សា​ទឹក​ទុក​ឲ្យ​បានល្អ ជាពិសេស គឺ​ប្រជា​កសិករ​។ បើតាម​សេចក្តីជូនដំណឹង​នេះ ឥទ្ធិពល​ព្យុះ​ទី៩នេះ នឹង​បង្ក​ឲ្យ​រាជធានី និង​ខេត្ត​ក្រុង​​​ទាំងនេះ រួមទាំង​បណ្ដា​ខេត្ត​មួយចំនួនទៀត ស្ថិតនៅ​តំបន់​ទំនាប​កណ្ដាល និង​តំបន់​ខ្ពង់​រាប នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ដែល​សឹងតែ​មិនអាច​រាប់​ថា ជា​ភ្លៀង​នោះ​ផង​។ ​​ចំណែក​នៅ​តំបន់​មាត់សមុទ្រ​ឯណោះ​វិញ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​។ ​នេះ​បើ​យោងតាម​ការបញ្ជាក់​បន្ថែម​ពី​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក ​និង​​ឧ​ត្តុ​និយម​កម្ពុជា​។

 

គួរ​ជំរាបជូន​ថា ការប្រកាស​ពី​ការកើត​មាននូវ​កូន​រដូវប្រាំង​រយៈពេល​ខ្លី​នេះ គឺ​ខណៈដែល​ខេត្ត​ក្រុង​ចំនួន៧នៃ​ប្រទេស​កម្ពុជា ទើបតែ​ទទួលរង​ការវាយប្រហារ​ដោយ​គ្រោះទឹកជំនន់​ទឹក​ភ្លៀង ក្នុងនោះ​រួមមាន ខេត្តព្រះវិហារ ខេត្ត​ឧ​ត្ត​រ​មានជ័យ, កំពត កំពង់ធំ រតនគិរី ត្បូង​ឃ្មុំ និង​ខេត្ត​ព្រះសីហនុ ជាដើម។ ប៉ុន្តែ​ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​រង​ផល​ប៉ះពាល់​​ធ្ងន់ធ្ងរ​​ជាង​គេ​។​ នៅ​ខេត្តព្រះវិហារ ក្រៅពី​លិចលង់​ស្រុក​ចំនួន​ប្រាំ ក៏​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​និង​កុមារ​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ផងដែរ។ ចំណែក​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​វិញ ជំនន់​​ទឹកភ្លៀង​បាន​ប៉ះពាល់​ដល់​ស្រុក​ចំនួន​ពីរ​ដោយបាន​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧០២​ខ្នង ដីស្រែ១០៣២ហិកតា និង​ផលដំណាំ​ផ្សេង២៧៩ហិកតា និង​បាក់​បង្កាន់​ដៃ​ស្ពាន​​បង្ហៀ​​ទឹក​បឹង​តា​ម៉ុក​ឲ្យ​រង​ការខូចខាត​ផងដែរ។

យ៉ាងណាក៏ដោយ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា ស្ថាន​ភាព​ទឹកជំនន់​ទឹកភ្លៀង​បាន​ធូ​ស្រាល​វិញ​ហើយ ខណៈដែល​ការ​ជុស​ជុល​ទៅលើ​ហេដ្ឋារចនា​សម្ព័ន្ធ​​ដែល​រង​ការខូចខាត ក៏​ចាប់​ផ្តើមធ្វើ​ដំណាលគ្នា​នេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ