ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
general

មន្ត្រី​ស្ថាប័ន​តុលាការ ​និង​អយ្យការ​កម្ពុជា ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជា​ទ្រង់​ទ្រាយ​ធំ ​រយៈ​ពេល​៤​ឆ្នាំ​ម្តង​

media  
ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អ​ង្គ​ចៅ​ក្រម​ បើក​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃទី ​២៦​ តុលា ​ឆ្នាំ ​២០១៨​​។​ @facebook

យ៉ាងហោចណាស់ មាន​ប្រធាន​តុលាការ​ចំនួន៦ខេត្ត រួម​ជាមួយនឹង​ព្រះរាជអាជ្ញា និង​ព្រះរាជ​អាជ្ញា​រង ​ចំនួន៧រាជធានី-ខេត្ត នឹងត្រូវ​ផ្លាស់ប្តូរ​ទីកន្លែង​ធ្វើការ​នៅពេល​ខាងមុខនេះ បន្ទាប់​ការប្រជុំ​សម្រេច​របស់​​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម កាលពី​ចុង​សប្តាហ៍​មុន។ ក្រុមអ្នកច្បាប់ បាន​មើលឃើញថា នេះ​​គឺ​ជា​ការផ្លាស់ប្តូរ​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​រយៈពេល៤ឆ្នាំ​ម្តង ដើម្បី​កាត់បន្ថយ​អំពើពុករលួយ និង​បក្ខ​ពួក​និយម។  

ប្រធាន​តុលាការ​សាលាដំបូង​ខេត្ត​ចំនួន៦ និង​អនុប្រធាន​តុលាការខេត្ត​ចំនួន​មួយ នឹងត្រូវ​ផ្លាស់ប្តូរ​ទីកន្លែង​បំពេញការងារ​គ្នា​ទៅវិញទៅមក បន្ទាប់ពី​មាន​សេចក្តីសម្រេច​មួយ ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម កាលពី​ថ្ងៃទី ២៦ តុលា កន្លងទៅ។ ក្នុងនោះ លោក លាង សួគ៌ បច្ចុប្បន្ន​ជា​ប្រធាន​តុលាការ​ដំបូង​ខេត្ត​ប៉ៃលិន នឹងត្រូវ​ផ្លាស់​ទៅធ្វើជា​ប្រធាន​តុលាការខេត្ត​កំពង់ធំ ជំនួស លោក ឃ​ន សុ​កល ដែល​ត្រូវ​ទៅធ្វើជា​ប្រធាន​តុលាការខេត្ត​ឧ​ត្ត​រ​មានជ័យ។

ចំណែក​ប្រធាន​តុលាការខេត្ត​ឧ​ត្ត​រ​មានជ័យ លោក អ៊ា​ក ផល្លា ត្រូវ​ផ្លាស់​មក​ធ្វើជា​ប្រធាន​តុលាការ​ខេត្តតាកែវ ជំនួស​លោក ស្រី អ៊ិន ម៉ា​និត្យ ដែល​ត្រូវ​ទៅធ្វើជា​ប្រធាន​តុលាការ​ដំបូង​ខេត្តក្រចេះ​វិញ។ ទន្ទឹមគ្នានេះ​លោក ឌិន ស៊ី​វុទ្ធី ប្រធាន​តុលាការ​ដំបូង​ខេត្តក្រចេះ ត្រូវ​ទៅធ្វើជា​ប្រធាន​តុលាការ​ដំបូង​ខេត្តស្វាយរៀង ជំនួស លោក បិ​ច ឈី​ត ដែល​ត្រូវ​ទៅធ្វើជា​ប្រធាន​តុលាការ​ដំបូង​ខេត្ត​ប៉ៃលិន ជំនួស​លោក លាង សួគ៌។ ដោយឡែក​លោក ផូង វណ្ណ អនុប្រធាន​សាលាដំបូង​ខេត្តកណ្ដាល ត្រូវ​ផ្ទេរ​ទៅធ្វើជា​អនុប្រធាន​តុលាការ​ដំបូង​ខេត្តកំពង់ធំ​វិញ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ចុះ​ថ្ងៃទី ២៦ តុលា។

គួរ​ជំរាបជូន​ថា ការសម្រេច​ផ្លាស់ប្តូរ និង​កែរ​សម្រួល​ទីកន្លែង​បំពេញការងារ​របស់​ប្រធាន និង​អនុប្រធាន​តុលាការ​ដំបូង​ខេត្ត​ទាំង៧ គឺធ្វើឡើង បន្ទាប់ពី​មាន​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​លើក​ទី៣០ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២៦ តុលា ក្រោម​ព្រះរាជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ដែលជា​ព្រះប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។

ក្រៅពី​ការផ្លាស់ប្តូរ និង​កែរ​សម្រួល​ប្រធាន​តុលាការ និង​អនុប្រធាន​តុលាការ​ទាំង​៧​រាជធានី​-​ខេត្ត​ហើយ​​នោះ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក៏បាន​សម្រេច​ធ្វើការ​តែងតាំង និង​ផ្លាស់ប្តូរ​ព្រះ​រាជអាជ្ញា និង​ព្រះរាជអាជ្ញារង នៅ៧រាជធានី-ខេត្ត​ខាងលើនេះ​ផងដែរ។ ក្នុងនោះ លោក យ៉េត ចរិយា ព្រះរាជអាជ្ញា​អម​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ ត្រូវបានតែងតាំង​ជា​អគ្គព្រះរាជអាជ្ញា​រង​នៅ​​តុលាការ​កំពូល ខណៈ​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ត្រូវ​ផ្ទេរ​មក​កាន់​​តុលាការក្រុង​ភ្នំពេញ​វិញ។

លោក សុខ សំអឿន មេធាវី​និង​ជា​ប្រធាន​ក្រុមអ្នកច្បាប់​អម្រិន្ទ បាន​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​​នេះ។ លោក​ថា ការផ្លាស់ប្តូរ ឬ​តែងតាំង​នេះ គឺធ្វើឡើង​នៅ​រៀងរាល់៤ឆ្នាំ​ម្តង។ បើតាម​លោក​​មេធាវី ការធ្វើ​បែបនេះ គឺ​ស្របតាម​ការចង់បានរ​បស់​ភាគី​សង្គម​ស៊ីវិល ដើម្បី​កាត់បន្ថយ​អំពើ​ពុករលួយ និង​ការ​ចងក្រង​បក្ខពួកនិយម​របស់​ម​ន្ត្រី​តុលាការ​នៅក្នុង​ប្រទេស​កម្ពុជា។ សូម​បញ្ជាក់​ថា ​មុននេះ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក៏បាន​សម្រេច​ផ្លាស់ប្តូរ​មន្ត្រី​តុលាការ​នៅ​ទូទាំង​ប្រទេស​​ចំនួន​៤៣​រូប ​ក្នុងនោះ​ ក៏មាន​ចៅក្រម​មួយចំនួន​ផងដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ