អានតួអត្ថបទ
កម្ពុជា

កាសែត​ថៃ​ផ្សាយ​ថា ​ពលករ​ខ្មែរ​ធ្វើ​ពុត​ឲ្យ​តម្រួត​ថៃ​ចាប់​ខ្លួន​ដើម្បី​បាន​មក​ស្រុក​ដោយ​មិន​អស់ ​សោហ៊ុយ​

កាសែត​​ថៃ ​The ​Nation ​បាន​​ចុះ​ផ្សាយ ​កាល​ពី​​ថ្ងៃទី​២ ​មេសា​​ថា ​ពលករ​​ខ្មែរ​​ខុស​ច្បាប់​​ប្រមាណ​​ជា​២០០​នាក់ ​មាន​​ចេតនា​​ធ្វើ​ពុត​​ឲ្យ​​សមត្ថកិច្ច​​ថៃ​​ចាប់​ខ្លួន ​ដើម្បី​​បញ្ជូន​​មក​កាន់​​ប្រទេស​​កំណើត​​វិញ ​ដោយ​​មិន​​អស់​​សោហ៊ុយ​​ធ្វើ​ដំណើរ​។ ​ការ​ចុះ​ផ្សាយ​​បែប​នេះ ​អាច​​ជា​ការ​​បង្អាប់​​កិត្តិយស​​របស់​​ពលករ​ខ្មែរ​​ដែល​​កំពុង​ធ្វើការ​​នៅ​ក្នុង​​ប្រទេស​​ថៃ ​តែ​​ក្រសួង​ការ​បរ​ទេស​​កម្ពុ​ជា​​បាន​​ចាត់​ទុក​ថា ​នេះ​​គ្រាន់​តែ​​ជា​​ទស្សនៈ​​របស់​​អ្នក​រាយការណ៍​​ព័ត៌មាន​​របស់​​ថៃ​​តែ​ប៉ុណ្ណោះ។ ​សូម​បញ្ជាក់ថា​ ពលករ​ខ្មែរ​​រាប់​ម៉ឺន​​នាក់ ​បាន​ចាប់​ផ្តើម​​សម្រុក​​ធ្វើ​ដំណើរ​​មក​កាន់​​ប្រទេស​​កំណើត​​វិញ​​នៅ​ក្នុង​​សប្តាហ៍​​នេះ ​ដើម្បី​​ចូល​រួម​​ពិធី​បុណ្យ​​ចូល​ឆ្នាំ​​ខ្មែរ ​នៅ​​ចុង​​សប្តាហ៍​​ក្រោយ។​

ពលករ​ខ្មែរ​ខុស​ច្បាប់​ប្រមាណ​ជា​២០០​នាក់​ត្រូវ​បាន​តម្រួត​ថៃ​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃទី ​២ ​មេសា ​ឆ្នាំ ​២០១៧​។​
ពលករ​ខ្មែរ​ខុស​ច្បាប់​ប្រមាណ​ជា​២០០​នាក់​ត្រូវ​បាន​តម្រួត​ថៃ​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃទី ​២ ​មេសា ​ឆ្នាំ ​២០១៧​។​ @the nation
ផ្សាយពាណិជ្ជកម្ម

 

ក្នុងចំណោម​ពលករ​ខ្មែរ​ខុសច្បាប់ ដែល​ត្រូវបាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន កាលពី​ថ្ងៃទី ២ មេសា រួមមាន មនុស្ស​ប្រុស​ចំនួន១១២នាក់ និង​ស្ត្រី​ចំនួន៩២នាក់។ ពួកគេ​ត្រូវបាន​ឃាត់ខ្លួន នៅ​ពេល​ដែល​ធ្វើដំណើរ​តាម​រថភ្លើង​សាធារណៈ​មួយ ពី​ទីក្រុង​បាងកក​ឆ្ពោះ​មកកាន់​ស្រុក​អា​រ៉ា​ញ់​ប្រាថេត ខេត្ត​សា​កែវ (Sa Kaeo) ប្រទេស​ថៃ ជាប់​ព្រំដែន​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ដើម្បី​​មក​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នៅ​ចុង​សប្តាហ៍​ក្រោយនេះ។

ប៉ុន្តែ​កាសែត​ថៃ The Nation បាន​ចុះផ្សាយ​ដោយ​ចោទប្រកាន់​ពួកគេ​ថា មាន​ចេតនា​ធ្វើដំណើរ​តាម​រថភ្លើង​សាធារណៈ​ដោយ​បើកចំហ ពីព្រោះ​ពួកគេ​ចង់​ឲ្យ​តម្រួត​ថៃ​ចាប់ខ្លួន ហើយ​បញ្ជូនមក​ប្រទេស​កំណើត​វិញ ដោយ​មិនបាច់​ចំណាយ​សោហ៊ុយ​ធ្វើដំណើរ។ ការ​ចុះ​ផ្សាយ​​បែបនេះ អាចជា​ចេតនា​ម៉ាក់​ងាយ​មកលើ​ពលករ​ខ្មែរ​ដែល​ធ្វើការ​ខុសច្បាប់​នៅក្នុង​ប្រទេស​​ថៃ ដែលជា​រើយៗពួកគេ​ត្រូវបាន​ទទួលរង​នូវ​ការរើសអើង។ ប៉ុន្តែ លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បានចាត់ទុក​ការចុះផ្សាយ​របស់​កាសែត The Nation ថៃ​នេះ​​ថា គ្រាន់តែ​ជា​ទស្សនៈ​របស់​អ្នករាយការណ៍​ព័ត៌មាន​របស់​ថៃ​តែប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​នែ​នាំ​ឲ្យ​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​សា​កែវ​ប្រទេស​ថៃ​ ស៊ើបអង្កេត​ទៅលើ​ករណី​នេះហើយ។

បើតាម​ក្រុម​អ្នកសង្កេតការណ៍​នានា​បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ម្នាក់​ត្រូវ​ចំណាយ​សោហ៊ុយ​ប្រមាណ​​ជា៣០០ទៅ៤០០បាត​ឬ​ប្រហាក់​ប្រហែលជា៤ម៉ឺន​ទៅ៦ម៉ឺន​រៀល ដើម្បី​ធ្វើដំណើរ​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ មកកាន់​ព្រំដែន​ប៉ោយប៉ែត​ប្រទេស​កម្ពុជា។ ប៉ុន្តែ​សម្រាប់​ពលករ​ខ្មែរ​​ខ្លះ​ដែល​ធ្វើការ​ខុសច្បាប់ អាច​ចំណាយ​សោហ៊ុយ​អស់​ច្រើនជាង​នេះ។

គួរ​ជំរាបជូន​ថា  រដ្ឋាភិបាល​ថៃ បានសម្រេច​លើកលែង​ការយកថ្លៃ​ផ្លូវ ចាប់ពី​ថ្ងៃទី ១១ ដល់​ថ្ងៃ​ទី ១៨មេសា ដើម្បី​ជាការ​ដូ​ឆ្នាំ​ថ្មី​សម្រាប់​ការធ្វើដំណើរ​របស់​ពល​ករ​ចំណាកស្រុក​មកពី​ប្រទេស​​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា បាន​ទៅលេង​ប្រទេស​កំណើត​របស់ខ្លួន នៅក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី (សង្ក្រាន្ត) នាពេលខាងមុខ។

សូម​បញ្ជាក់ដែរថា តាម​របាយការណ៍​ខ្លះ​ថា បច្ចុប្បន្ន​មាន​ពលរ​ខ្មែរ​ប្រមាណ​ជា១លាន៦ម៉ឺន​នាក់​កំពុង​រស់នៅ​និង​ធ្វើការ​ទាំង​ស្របច្បាប់​និង​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ ហើយ​ក្នុងឆ្នាំៗ ពួកគេ​បាន​ផ្ញើ​ប្រាក់​ត្រលប់មក​ស្រុកកំណើត​វិញ​ប្រមាណ​ជា១ពាន់​លាន​ដុល្លារ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ