អានតួអត្ថបទ
កម្ពុជា

ពលករខ្មែរ​ដែល​រួច​ជីវិត​ដោយ​ការ​ហែល​កាត់​មហាសាគរ​ បាន​ធ្វើ​មាតុភូមិនិវត្តន៍​នា​រសៀលនេះ​

លោក វឿន វ៉ុ​ន ពលករ​ខ្មែរ​ដែល​រួចផុតជីវិត ដោយសារ​ការ​ហែល​ឆ្លងកាត់​មហាសាគរ ហើយ​​​ត្រូវ​បាន​ជួយសង្គ្រោះ​នោះ នឹងធ្វើ​ដំណើរ​មកដល់​មាតុប្រទេស​វិញ នៅ​រសៀល​ថ្ងៃ​អាទិត្យទី ១៤ ឧសភា​​នេះ ​បន្ទាប់ពី​មាន​ការជួយ​សម្របសម្រួល​ពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​​​ប្រចាំ​នៅ​ប្រទេស​សិង្ហ​បុរី។រឿន វ៉ុ​ន ជា​កម្មករ​ទូក​នេសាទ​ថៃ​រយៈពេល៤ឆ្នាំ បាន​សម្រេច​ចិត្ត​លោត​ចូល​ទឹកសមុទ្រ​ចម្ងាយ​ជាង៣០០គីឡូម៉ែត្រ​ពី​ចំណុចកើតហេតុ​ទៅកាន់​ច្រាំង ​បន្ទាប់ពី​មានការ​ប៉ង​សម្លាប់​ពី​ថៅកែ​ទូក​នេសាទ​ថៃ កាលពី​ថ្ងៃទី ១០ ឧសភា។

លោក វឿន វ៉ុន ពលករខ្មែរធ្វើការជាកម្មករនៅលើទូកនេសាទថៃ។
លោក វឿន វ៉ុន ពលករខ្មែរធ្វើការជាកម្មករនៅលើទូកនេសាទថៃ។ @ google
ផ្សាយពាណិជ្ជកម្ម

លោក វឿន វ៉ុ​ន ពលករ​ខ្មែរ​ធ្វើការ​ជា​កម្មករ​នៅលើ​ទូក​នេសាទ​ថៃ​ម្នាក់ទៀត ត្រូវបាន​ជួយ​គេ​សង្គ្រោះ និង​បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃអាទិត្យ​ទី ១៤ ឧសភា​នេះ តាម​ជើងយន្តហោះ Jetstar បន្ទាប់ពី​មានការ​ជួយ​អន្តរាគមន៍​ពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​​ប្រចាំ​នៅ​ប្រទេស​សង្ហ​បុរី។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុ​ជា។

 
គួរ​ជំរាបជូន​ថា លោក វឿន វ៉ុ​ន ពលករ​ខ្មែរ​ធ្វើការ​នៅលើ​ទូក​នេសាទ​ថៃ​បានសម្រេច​ចិត្ត​លោត​​ចេញពី​ទូក​នេសាទ​ថៃ កាលពី​ថ្ងៃទី ១០ ឧសភា ដើម្បី​គេចចេញ​ពី​ការ​តាម​សម្លាប់​ពី​អ្នក​ធ្វើ​ការ​​នៅលើ​ទូក​នេសាទ។ លោក​បាន​ហែល​ឆ្លងកាត់​មហាសាគរ​ដ៏​ធំ​ល្វឹងល្វើយ​ដោយ​ប្រើ​ធុង​​ស្ពេ​ត្រូ​តែមួយគត់។ បើតាម​ការបញ្ជាក់​ពី លោក​អនុនាវីឯក​កម្ពុជា​ម្នាក់​ឈ្មោះ ម៉ៅ សុវណ្ណ​ដានាយ​នា​វី​ប្រចាំការ​ព័ត៌មាន​សន្តិសុខ​លម្ហ​សមុទ្រ នៅ​មជ្ឈមណ្ឌល​ប្រមូលផ្ដុំ​និង​ចែកចាយ​ព័ត៌មាន​ប្រចាំ​នៅ​ប្រទេស​សឹង្ហ​បុរី​ហៅ​កាត់​ថា )IFC)បាន​រាយការណ៍​ប្រាប់​សារ​ព័ត៌មាន​​ក្នុង​ស្រុក​​ថា ភាគី​កម្ពុជា​បាន​ទទួលយក​បុរស​នេសាទ​ខ្មែរ​ម្នាក់ ពី​នាវា​កងទ័ពជើងទឹក​ប្រ៊ុយ​ណេ នៅ​វេលា​ម៉ោង ២ រសៀល ថ្ងៃទី១៣ឧសភា​ម្សិលមិញ ក្រោម​កិច្ចសហការ​រវាង​មន្ត្រី​ស្ថាន​ទូត​​កម្ពុជា ជាមួយ​សេនា​នុព​ន្ធ័​យោធា​ប្រ៊ុយណេ នឹង​មន្ត្រី​ប៉ូលីស​អន្តោប្រវេសន៍​សឹង្ហ​បុរី​ថែមទៀត។

បើ​តាម​​ការ​បញ្ជាក់​​ពី​​លោក​​អនុនាវីឯក ​ម៉ៅ ​សុវណ្ណ​ដា ​ដដែល​​ថា ​មុន​​ឈាន​ទៅ​ដល់​​ការ​ជួយ​​សង្គ្រោះ​​ពលករ​​ខ្មែរ​​ម្នាក់​នេះ​​បាន ​គឺ​​ដោយ​សារ​តែ​​កង​នាវា​កងទ័ព​ជើង​ទឹក​​ព្រុយ​ណេ ​ដែល​​កំពុង​​ធ្វើ​ដំណើរ​​ឆ្ពោះ​​មក​​ប្រទេស​​សិង្ហ​បុរី ​បាន​ឆ្លង​កាត់​ព្រំដែន​ទឹក​ប្រទេស​ម៉ាឡេស៊ី ​ស្ថិត​​នៅ​​ភាគ​ពាយ័ព្យ​​នៃកោះ​ Sarawak ​ប្រមាណ​១៧៥​គីឡូម៉ែត្រ ​ហើយ​ក៏​​បាន​​ប្រទះ​ឃើញ​​មាន​​មនុស្ស​​អណ្តែត​​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ​ដ៏ធំ​ល្វឹង​ល្វើយ​នេះ ​ហើយ​ក៏​បាន​ជួយ​សង្គ្រោះ ​និង​​បាន​បញ្ជូន​មក​កាន់​ប្រទេស​សិង្ហបុរី​តែ​ម្តង​។ ​ករណី​នេះ​អាច​ចាត់​ទុក​ថា ​ជា​ករណី​ដ៏​កម្រ​មួយ ​និង​ជា​សំណាង​របស់​បុរស​ជនជាតិ​ខ្មែរ​រូប​នេះ។​

លោក​ ជុំ ​សុន្ទរី ​អ្នក​នំា​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​បញ្ជាក់​ថា ​លោក ​វឿន វ៉ុន​ អាយុ​​៣៦​​ឆ្នាំ​ មក​ពី​ខេត្ត​សៀមរាប ​បាន​ស្នាក់​នៅស្ថានទូត​កម្ពុជាប្រចាំ​នៅប្រទេស​សិង្ហបុរី​កាល​ពី​យប់​មិញ មុនពេលធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃនេះ។ លោក ជុំ សុន្ទរី ​បានអំពាវនាវកុំឲ្យពលរដ្ឋខ្មែរទៅធ្វើការជាកម្មករទូកនេសាទថៃ ដែល​ជាប្រភេទ​ការងារ​គ្រោះ​ថ្នាក់​បំផុតនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ