ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
general

អង្គការសង្គមស៊ីវិលចំនួន៤១ ស្វាគមន៍​ការ​ដោះលែង​សកម្មជន​​បរិស្ថាន ​តែ​ថ្កោលទោស​​ការ​កាត់​ទោស​

media  
សកម្មជន​ការពារ​បរិស្ថាន​មក​ពី​អង្គការ​មាតា​ធម្មជាតិ​ទាំង​៣​នាក់ ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង ​ដោះ​លែង​ កាល​ពី​ថ្ងៃទី ​១​ កក្កដា​ ឆ្នាំ​២០១៦។​ @Mother Nature

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ចំនួន៤១ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ កាល​ពី​​ថ្ងៃទី១កក្កដា ដោយបាន​ថ្កោលទោស​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​ខេត្តកោះកុង ទៅ​លើ​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ​ចំនួន៣នាក់​ថា មាន​សភាព​ធ្ងន់ធ្ងរ​ពេក។ យ៉ាង​ណាក៏ដោយ សេចក្តីថ្លែងការណ៍​នេះ បាន​ស្វាគមន៍​ចំពោះ​ការដោះលែង​ពួកគេ​ទាំងបីនាក់ ឲ្យ​មាន​សេរីភាព​ឡើងវិញ។

សេចក្តីថ្លែងការណ៍​ថ្កោលទោស​នេះ បាន​ធ្លាក់​មក​នៅ​ចំ​ថ្ងៃ​តែមួយ ដែល​តុលាការ​ខេត្ត​កោះកុង បានប្រកាស​សាលក្រម​កាត់ទោស លើ​សកម្មជន​ការពារ​បរិស្ថាន​បីនាក់ នៅក្នុង​ខេត្ត​កោះ​កុង កាលពី​ថ្ងៃទី១ កក្កដា ឆ្នាំ២០១៦នេះ។

សេចក្តីថ្លែងការណ៍​ដែលមាន​ភ្ជាប់​មកជា​មួយ​នូវ​បញ្ជី​ឈ្មោះ​របស់​បណ្តាញ​សហគមន៍ និង​អង្គការ​​​សង្គម​ស៊ីវិល​ទាំង៤១ នាំមុខ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា(CCHR)នេះ បាន​ស្វាគមន៍​ចំពោះ​​ការដោះលែង​សកម្មជន​ការពារ​បរិស្ថាន​ទាំងបី​នាក់ ក៏ប៉ុន្តែ​បាន​ថ្កោលទោស​ចំពោះ​ការ​ផ្តន្ទាទោស​លើ​អ្នក​ទាំងបី​ថា មាន​សភាព​ធ្ងន់ធ្ងរ​ពេក។
 
គួរ​ជំរាបជូន​ថា សកម្មជន​អង្គការ​មាតា​ធម្មជាតិ​បីនាក់ រួមមាន ឈ្មោះ សាន់ ម៉ា​ឡា, ទ្រី សុ​វិ​គា និង ស៊ីម សំណាង ត្រូវបាន​តុលាការ​ខេត្តកោះកុង កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​១៨ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុងម្នាក់ៗចំនួន២លាន​រៀល (៥០០ដុល្លា​អាមេរិក) និង​បង្គាប់​ឲ្យ​​សង​​សំណង​រួមគ្នា​នូវ​ទឹកប្រាក់​ចំនួន១០០លាន​រៀល (២៥០០០ដុល្លា​អាមេរិក) ទៅ​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​មួយ​ឈ្មោះ "ដាយ​រិ​ក អាក​សេស" ពីបទ​ផ្តើមគំនិត​ឲ្យ​ប្រព្រឹត្តិ​បទល្មើស​តាម មាត្រា ២៨ និង​បទ​គំរាមកំហែង​ថា នឹងធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​តាម​មាត្រា ៤២៤ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា។
 
សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង៤១ បានចាត់ទុក​សេចក្តីសម្រេច​នេះ​ថា មាន​សភាព​ធ្ងន់ធ្ងរ​ពេក ពិសេស​គឺ​នៅត្រង់​ប្រាក់​សំណង​ទៅ​ឲ្យ​ភាគី​ក្រុមហ៊ុន ដែល​ពួកគេ​ចាត់ទុកថា មាន​ចំនួន​សន្ធឹកសន្ធាប់​ពេក។ សេចក្តីថ្លែងការណ៍​នេះ ក៏បាន​រិះគន់​ចំពោះ​នីតិវិធី​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន របស់​តុលាការខេត្ត​កោះកុង​លើ​អ្នក​ទាំងបី​ផងដែរ។ សូម​បញ្ជាក់​ថា​ សកម្មជន​ទាំងបី​នាក់ ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ កាលពី​ល្ងាច​ថ្ងៃទី​១កក្កដា បន្ទាប់ពី​បាន​អនុវត្ត​ទោស ១០ខែ ១៥ថ្ងៃ ហើយ​ទោស​ដែល​នៅសល់​ត្រូវបាន​ព្យួរ។
 
សេចក្តីថ្លែងការណ៍​នេះ ក៏បាន​ចាត់ទុក​ដែរ​ថា នេះ​គឺជា​ព្រឹត្តិការណ៍​ចុងក្រោយ​បំផុត នៃ​ហេតុការណ៍​​ជា​​បន្តបន្ទាប់ ដែល​អាជ្ញាធរ​កម្ពុជា​បាន​ធ្វើទុក្ខបុកម្នេញ​ទៅលើ​អង្គការ​មាតា​ធម្មជាតិ និង​សកម្មជន​របស់​អង្គការ​នេះ បើទោះបី​ជាមាន​សេចក្តីថ្លែងការណ៍​របស់​អ្នក​ជំនាញ​៤​នាក់​របស់​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស ឲ្យ​បញ្ចប់​ការចោទប្រកាន់​លើ​ក្រុម​អង្គការ​​សង្គម​ស៊ីវិល និង​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក៏ដោយ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​ចាត់ទុក​ករណី​នេះដែរ​ថា គ្រាន់តែ​ជា​ឧទាហរណ៍​មួយ ក្នុងចំណោម​ការបង្ក្រាប​ជាច្រើន​ទៀត ទៅលើ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។
 
យ៉ាង​ណាក៏ដោយ ក្រុម​សកម្មជន​ការពារ​បរិស្ថាន​ទាំងបី​នាក់ នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​សេចក្តី​សម្រេច​របស់​តុលាការខេត្ត​កោះកុង​នេះ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ