អានតួអត្ថបទ
កម្ពុជា

លិខិត​ក្លែងក្លាយ​ស្តីពី​ការ​តែងតាំង​ភរិយា​លោក​ សម រង្ស៊ី ​ត្រូវ​បាន​ផ្សព្វផ្សាយ​ ខណៈ​សង្គ្រោះ​ជាតិ​ត្រៀម​រើស​ក្បាល​ម៉ាស៊ីន​ថ្មី​

ស្រប​​ពេល​ដែល​​គណបក្ស​​សង្គ្រោះ​ជាតិ ​គ្រោង​​រៀបចំ​​ធ្វើ​​សមាជ​​បោះ​ឆ្នោត​​ជ្រើស​រើស​​ក្បាល​​ម៉ាស៊ីន​​​ដឹកនាំ​​គណបក្ស​​ថ្មី ​នៅ​​ថ្ងៃទី​២​មិនា​​ខាង​មុខ​នេះ ​លិខិត​​អ​នា​មឹក​​មួយ​​ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​​​នៅ​តាម​​បណ្តាញ​​សង្គម​​ហ្វេ​ស​បុក​។ ​ជា​​លិខិត​​ដែល​មាន​​ចុះហត្ថលេខា​​របស់​​លោក ​សម រង្ស៊ី ​ផ្ញើ​​ទៅ​កាន់​​លោក ​កឹម សុខា ​ដែល​​ស្នើ​​ឲ្យ​​តែង​តាំង​​លោក​ស្រី ​ជូ​ឡុង ​សូ​មូរ៉ា ​ភរិយា​​​របស់​លោក ​សម រង្ស៊ី ​ធ្វើ​ជា​​អនុប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ថ្មី​។ ​ប៉ុន្តែ​​អ្នក​នាំ​ពាក្យ​​គណបក្ស​​​សង្គ្រោះ​​ជាតិ​​បាន​​អះអាង​ថា ​ជា​​លិខិត​​ក្លែង​ក្លាយ​។

លោកកឹម សុខា ប្រធានស្តីទីគណបក្ស​សង្រ្គោះ​ជាតិ​ ​ដែល​នឹង​អាច​ក្លាយ​ជា​ប្រធាន​គណបក្ស​នៅ​ពេល​ឆាប់ៗ​នេះ។
លោកកឹម សុខា ប្រធានស្តីទីគណបក្ស​សង្រ្គោះ​ជាតិ​ ​ដែល​នឹង​អាច​ក្លាយ​ជា​ប្រធាន​គណបក្ស​នៅ​ពេល​ឆាប់ៗ​នេះ។ សហការី
ផ្សាយពាណិជ្ជកម្ម

លិខិត​ដែល​មន្ត្រី​គណបក្សប្រឆាំង​បានចាត់ទុក​ថា ជា​ក្លែងក្លាយ​នេះ ត្រូវបាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ហើយ​ត្រូវបាន​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយចំនួន យក​មក​​ចុះផ្សាយ​ផង។ ប៉ុន្តែ​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ជា​លិខិត​​ក្លែង​ក្លាយ​ បន្ទាប់ពី​ការផ្ទៀងផ្ទាត់​រួចមក​។​

 
លិខិត​ដែលមាន​ស្នាម​ចុះហត្ថលេខា​របស់លោក សម រង្ស៊ី ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ហើយ​​​ដែល​មន្ត្រី​គណបក្សប្រឆាំង​ចាត់ទុកថា ក្លែងក្លាយ​នេះ បាន​ផ្ញើជូន​លោក កឹម សុខា ដែល​​បច្ចុប្បន្ន​ជា​ប្រធានស្តីទី​គណបក្ស ឲ្យ​ជ្រើសតាំង​ភរិយា​របស់លោក សម រង្ស៊ី គឺ​លោកស្រី ជូ​ឡុង សូ​មូរ៉ា ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​សង្គ្រោះ​​ជាតិ​នា​ថ្ងៃទី ២មិនា​ឆ្នាំ២០១៧ខាងមុខ។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ បាន​ចាត់ទុកថា នេះ​ជា​លិខិត​ក្លែងក្លាយ ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ឡើង ក្នុង​ចេតនា​មិនល្អ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​សម្រាប់​គណបក្សប្រឆាំង​មួយ​នេះ មិន​បាន​ចាប់អារម្មណ៍​ទៅលើ​លិខិត ដែល​មិន​ផ្លូវការ​នេះ​ទេ។

អ្វី​ជាការ​កត់សំគាល់ នេះ​មិនមែនជា​លើក​ទី១ទេ ដែល​លិខិត​ក្លែងក្លាយ​បែបនេះ​បាន​លេច​ចេញ​​ឡើង ស្រប​ពេលដែល​គណបក្ស​ប្រឆាំង​កំពុង​រៀបចំ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​និង​អនុប្រធាន​គណបក្ស​ថ្មី។ កាលពី​ថ្ងៃទី១០កុម្ភៈ ពោលគឺ​ក្រោយពី​ការប្រកាស​លាឈប់​ពី​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក សម រង្ស៊ី លិខិត​ក្លែងក្លាយ​មួយ​ក៏​ត្រូវបាន​ផ្សព្វផ្សាយ​ឡើង នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដែលមាន​ខ្លឹមសា​ថា លោក សម រង្ស៊ី បាន​ស្នើ​​ទៅ​កាន់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​និង​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​សង្គ្រោះ​​ជាតិ ដើម្បី​ជ្រើសតាំង​ភរិយា​លោក សម រង្ស៊ី ឲ្យ​ធ្វើជា​ប្រធាន​គណបក្ស​ជំនួស​លោក សម រង្ស៊ី។ ​ប៉ុន្តែ នៅ​មួយថ្ងៃ​ក្រោយមក លោក សម រង្ស៊ី បាន​បំភ្លឺ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​​​របស់លោក​ថា លោក​មិនមាន​គម្រោង​រៀបចំ​ឲ្យ​ភរិយា​របស់លោក ឬ​កូន​របស់លោក​ណា​ម្នាក់ មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជំនួស​លោក​នោះទេ។

សូម​បញ្ជាក់ថា បើ​គ្មាន​ការប្រែប្រួល​ទេ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ដើម្បី​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​និង​អនុប្រធាន​ថ្មី នៅ​ថ្ងៃទី ២មិនា សប្តាហ៍​ក្រោយ បន្ទាប់​ពី​​ការលា​ឈប់​​របស់​លោក សម រង្ស៊ី៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ